ខេត្តកណ្ដាល ៖ ទិដ្ឋភាពដែលអ្នកកាសែតបានឃើញដោយផ្ទាល់ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នោះ គឺទីតាំងការដ្ឋានជីកកកាយយកអាចដីមួយកន្លែងគ្មានច្បាប់ទម្លាប់ ហើយខុសបទដ្ឋានបច្ចេកទេសថែមទៀតផង ។
មិនតែប៉ុណ្ណោះ រដ្ឋបាលស្រុកនិងអាជ្ញាធរមូលដ្ឋាន ហាក់ដូចជាព្យាយាម ជួយបិទបាំងចំពោះទង្វើល្មើសច្បាប់ដែលពួកឈ្មួញកំពុងធ្វើនៅពេលនេះ ប៉ុន្តែសង្ស័យចែកគ្នារស់ទេដឹង? យ៉ាងណាក៏ដោយគេរំពឹងថាស្ថាប័នជំនាញថ្នាក់ខេត្ត និងរដ្ឋបាលខេត្តកណ្ដាលមិនបណ្ដោយឲ្យពួកឈ្មួញធ្វើអ្វីស្រេចតែចិត្តយ៉ាងនេះទេ ។ បើឈ្មួញខ្លាំងជាង សុំឱ្យឈ្មួញឡើងធ្វើចៅហ្វាយខេត្តវិញ ទើបត្រូវជាង …ហេ! ហេ!
សកម្មភាពជីកកកាយយកអាចម៍ដីខុសច្បាប់នេះ ស្ថិតនៅចំណុចបឹងកាថោកថាក ភូមិព្រះប្រសប់ ឃុំព្រះ ប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលពេលនេះឈ្មួញកំពុងប្រើគ្រឿងចក្រធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងដោយគ្មានច្បាប់ទម្លាប់ និងញញើតអាជ្ញាធរដែនដី ឬសមត្ថកិច្ចនោះឡើយ ។ ភាពស្ងៀម ស្ងាត់របស់អាជ្ញាធរ ឬសមត្ថកិច្ចជំនាញនៃខេត្តកណ្ដាលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះយល់ថាទំនងជាពួកថៅកែម្ចាស់ដីនេះ បានចែករំលែកលាភសក្ការៈរួចហើយ ។
អ្នកភូមិនិយាយថា សកម្មភាពជីករកាយដ៏គឃ្លើនខុសច្បាប់នេះ បានកើតឡើងក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែការឃុបឃិតរវាងអាជ្ញាធរថ្នាក់ក្រោមជាមួយនឹងពួកឈ្មួញ ។ វាជាការជីកកកាយខុសបទដ្ឋានបច្ចេកទេសផង និងគ្មានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញនោះផង ។ពួកឈ្មួញហាក់ដូចជាមិនខ្វល់និងការគោរពច្បាប់ទម្លាប់ប្រទេសជាតិនោះឡើយ ដោយសារតែបានត្រូវរ៉ូវជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមនេះឯង ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមើលឃើញថា សកម្មភាពជីកកកាយយកអាចម៍ដីនេះ ហាក់ដូចជាមិនខ្លាចញញើតអ្វីទាល់តែសោះ។ អាជ្ញាធរមូលដ្ឋានឃុំព្រះប្រសប់ មិនឆ្លើយតបជាមួយអ្នកកាសែតទេ រីឯពួកថៅកែដីក៏មិនខ្វល់នឹងការសួរនាំរបស់អ្នកកាសែតដែរពោល គឺដឹងតែពីជីកកកាយជម្រៅដល់ក្បាលប្រេតដែលបង្កហានិភ័យធ្វើឱ្យអ្នកស្រុកភ័យខ្លាចយ៉ាងខ្លាំងទៅថ្ងៃក្រោយ ។
ព័ត៌មានបន្តមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ