អស់លោកជ្រាបទេ នៅខេត្តកំពង់ឆ្នាំងមានភ្នំប៉ុន្មានឈ្មោះអ្វីខ្លះ ?
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ សម្រាប់ខេត្តកំពង់ឆ្នាំង មានភ្នំច្រើនរាប់មិនអស់ ដែលភ្នំខ្លះត្រូវបានគេស្គាល់
ខេត្តកំពង់ឆ្នាំង ៖ សម្រាប់ខេត្តកំពង់ឆ្នាំង មានភ្នំច្រើនរាប់មិនអស់ ដែលភ្នំខ្លះត្រូវបានគេស្គាល់
ខេត្តកំពង់ឆ្នាំង ៖ សម្រាប់ខេត្តកំពង់ឆ្នាំង មានភ្នំច្រើនរាប់មិនអស់ ដែលភ្នំខ្លះត្រូវបានគេស្គាល់យ៉ាងច្បាស់ ឯភ្នំខ្លះទៀតស្គាល់ ស្រពេចស្រពឹល ។ ភ្នំខ្លះបានជាប់ជាប្រវត្តិរឿងព្រេងនិងភ្នំខ្លះជាប្រវត្តិសាស្ត្រ ចំណែកខ្លះទៀតគ្រាន់តែជាភ្នំធម្មតា កំពុងត្រូវគេកាប់គាស់កាយយកថ្ម និងមានការរំលោភបំពានទន្ទ្រានយកដី ។ទោះបីជាបែបណា មន្ត្រីរដ្ឋបាលខេត្តនេះ គួរច្បាស់លាស់ពីស្ថានភាពឈ្មោះភ្នំ និងចំនួនសម្រាប់ការគ្រប់គ្រង ហើយភ្នំទាំងអស់មិនថាតូចឬធំនោះទេ គឺជាសម្បត្តិរដ្ឋ ។
ដើម្បីជាការយល់ដឹងខ្លះៗពីប្រវត្តិភ្នំមួយចំនួនរបស់ខេត្តកំពង់ឆ្នាំង កោះសន្តិភាពសូមលើកយកឈ្មោះភ្នំមួយចំនួនដែលភ្នាក់ងារយើងបានស្រាវជ្រាវ ហើយក៏សូមអភ័យទោសផងដែរចំពោះការរៀបរាប់មិនអស់ឈ្មោះភ្នំ ព្រោះតែខេត្តកំពង់ឆ្នាំងមានភ្នំច្រើន ហើយអាជ្ញាធរក៏មិនមានទិន្នន័យច្បាស់លាស់ គឺគ្រប់គ្រងមិនអស់…ហេ! ហេ !
ស្រុកកំពង់លែង
ភ្នំកង្រី-ភ្នំដែលលេចធ្លោជាងគេគឺភ្នំកង្រី ។ ភ្នំនេះ មនុស្សគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ថាជាភ្នំជាប់ទាក់ទងនឹងរឿងព្រេងនិទាន គឺរឿងពុទ្ធិសែននាងកង្រី ។ ភ្នំនេះធំនិងវែង ស្ថិតក្នុងភូមិចំនួន២ គឺភូមិត្របែក ឃុំត្រងិល និងភូមិសំរោង ឃុំពោធិ៍ ។បច្ចុប្បន្ន ភ្នំកង្រីត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់អភិរក្ស និងជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ។ ភ្នំនេះមានភ្ញៀវឡើងលេងកម្សាន្តតិចតួច និងនៅរដូវវស្សាទឹកឡើងដល់ជើងភ្នំ ។
ភ្នំច្រកបាក់ដាវ-ភ្នំនេះតភ្ជាប់ជាមួយភ្នំកង្រីហើយក៏ជាប់ពាក់ព័ន្ធនឹងរឿងប្រវត្តិសាស្ត្រដែរគឺកាលជំនាន់តេជោមាស តេជោយ៉តច្បាំងជាមួយស្តេចសំរែ ។ កាលណោះ បន្ទាប់ពីច្បាំងចប់ជាមួយពួកបច្ចាមិត្តហើយក៏កើតសង្គ្រាមផ្ទៃក្នុង ។ ស្តេចសំរែ ក្រោយពីរៀនមន្តអាគមនៅភ្នំទូកមាស នៅស្រុកកំពង់លែង បានសម្រេចដោយកាប់មិនមុតដុតមិនឆេះ ហើយក៏ចង់ធ្វើតំបន់អបគមន៍ តាំងខ្លួនជាមេកន្ទ្រាញ នៅស្រុកកំពង់លែង ។ចំណែកតេជោមាស នៅខេត្តកំពង់ធំ បានលើកទ័ពមកច្បាំងនឹងស្តេចសំរែ បណ្តាលឱ្យបាក់ថែវដាវ (ច្រកបាក់ថែវនៅពីខាងកើតច្រកបាក់ដាវ) ហើយស្តេចសំរែ តាមកាប់ដល់ចំណុចនោះបណ្តាលឱ្យបាក់ដាវ ហើយរងរបួសនៅទីនោះ ទើបជាប់ឈ្មោះជាច្រកបាក់ដាវរហូតមក ។ នៅជិតនោះ ក៏មានភ្នំមួយទៀត គឺភ្នំច្រកស្តេច តែមិនដឹងថាទាក់ទិននឹងស្តេចអង្គណាទេ ។
ភ្នំទូកមាស-ជាភ្នំយ៉ាងធំលាតសន្ធឹងស្ទើរមួយស្រុកកំពង់លែងតែម្តង ។ ភ្នំមួយនេះ ប្រជាពលរដ្ឋរស់នៅជុំវិញភ្នំ ដោយមានផ្លូវព័ទ្ធជុំវិញ ដែលមានចម្ងាយជាង ៤០គីឡូម៉ែត្រ ។ មិនមានប្រវត្តិពីឈ្មោះភ្នំនេះទេ តែបានដឹងថា ភ្នំនេះស្ថិតក្នុងឃុំពោធិ៍ ឃុំច្រណូក និងឃុំត្រងិល ។
ភ្នំពណ្ណរាយ-ជាភ្នំមួយជាប់ក្នុងប្រវត្តិសាស្ត្រដោយសារភ្នំនេះត្រូវបានស្តេចជំនាន់ដើមកសាងប្រាសាទនៅលើកំពូលភ្នំនេះ ក្នុងចន្លោះសតវត្សរ៍ទី៨និងទី៩ មុនអង្គរ រហូតដល់សព្វថ្ងៃ ។ ភ្នំនេះស្ថិតក្នុងភូមិលិច ឃុំច្រណូក ។ថ្វីដ្បិតភ្នំនេះមានប្រាសាទបុរាណនៅលើកំពូលភ្នំពិតមែន ប៉ុន្តែមិនមានភ្ញៀវទេសចរទៅកម្សាន្តប៉ុន្មានឡើយ ក្នុងមួយឆ្នាំទើបប្រជាពលរដ្ឋឡើងធ្វើបុណ្យលើភ្នំនេះម្តង ។ តាមពិត ភ្នំមួយនេះមានឈ្មោះដើម គឺភ្នំធ្វើបុណ្យ ប៉ុន្តែដោយសារភ្នំនេះបានកសាងប្រាសាទពណ្ណរាយនៅលើកំពូល ទើបក្លាយជាភ្នំពណ្ណរាយវិញ ។
ភ្នំទេពី-ភ្នំមួយទៀតដែលនៅដាច់ស្រយាលពីគេឯង និងជាប់មាត់ទន្លេផងនោះ គឺភ្នំទេពី ស្ថិតក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ។ មិនមានឯកសារពាក់ព័ន្ធនឹងភ្នំនេះទេ តែអ្នកខ្លះនិយាយថា ភ្នំនេះពាក់ព័ន្ធនឹងរឿងប្រត្តិសាស្ត្រ ស្តេចជំនាន់ដើមដោយបញ្ជាក់ថា ឈ្មោះភ្នំនេះ គឺភ្នំលាក់គម្ពីរ ក្រោយមកក៏ក្លាយជាភ្នំទេពីវិញ ។បច្ចុប្បន្ននៅជាប់ភ្នំទេពី កំពុងអភិវឌ្ឍន៍ប្រែក្លាយជាផែពហុបំណង សម្រាប់លើកដាក់ទំនិញសព្វសារពើ ។ភ្នំកង្កែប-ជាភ្នំមួយស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ។ ភ្នំនេះមិនមានប្រវត្តិអ្វីនោះទេ ប៉ុន្តែបើយើងមើលពីខាងកើតមក មានថ្មមួយដុំយ៉ាងធំ រាងដូចកង្កែបអង្គុយអើតក្បាលមើលទៅ គ្រាន់តែផតថ្ពាល់បន្តិច ។
ពាក់ព័ន្ធដល់ការផតថ្ពាល់កង្កែបនេះដែរ ត្រូវបានអ្នកស្រុកតំណាលតៗគ្នាថា កាលពីពេលសៀមឈ្លានពានប្រទេសកម្ពុជា សៀមបានគាស់យកបារ៉តនៅចំណុចថ្ពាល់កង្កែបនោះ ទើបបានជាកង្កែបផតថ្ពាល់បែបនេះ ។នៅជាប់នឹងជើងភ្នំប្រមាណ ២០០ម៉ែត្រ គឺជាផ្លូវបំបែកទៅខេត្តកំពង់ធំ ដែលរាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍កសាងផ្លូវបន្ថែម ដើម្បីធានាការប្រើប្រាស់ឱ្យបានប្រសើរឡើង ។
ស្រុករលាប្អៀរ
ភ្នំក្រាំងដីមាស-ភ្នំដែលគេគ្រប់គ្នាស្គាល់យ៉ាងច្បាស់នោះ គឺភ្នំក្រាំងដីមាស ស្ថិតនៅឃុំស្រែថ្មី លាតសន្ធឹងជាប់ផ្លូវជាតិលេខ៥ ។ ហេតុនេះហើយអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ចម្ងាយប្រមាណតែ២គីឡូម៉ែត្រពីទីរូមខេត្ត ពិតជាបានឃើញភ្នំនេះជាក់ជាពុំខាន ។ បើទោះបីបច្ចុប្បន្នមានផ្លូវវាងក្រុងថ្មីមែន ក៏បងប្អូនអ្នកធ្វើដំណើរបានឃើញភ្នំនេះយ៉ាងច្បាស់ដែរ គ្រាន់តែផ្លូវចាស់នៅពីខាងឆ្វេងដៃ និងផ្លូវថ្មីយើងឃើញនៅខាងស្តាំដៃវិញ ក្នុងដំណើរពីភ្នំពេញទៅបាត់ដំបង ។ភ្នំក្រាំងដីមាសមិនមានជាប់ប្រវត្តិរឿងព្រេងឬប្រត្តិសាស្ត្រអ្វីនោះទេ ប៉ុន្តែភ្នំនេះត្រូវប្រជាពលរដ្ឋកាប់គាស់យកដីមកផលិតជាក្អម ឆ្នាំង និងធ្វើជាវត្ថុអនុស្សាវរីយ៍ជាដើម ។ ពាក់ព័ន្ធនឹងឈ្មោះភ្នំក្រាំងដីមាសនេះដែរ បើតាមចាស់ព្រឺទ្ធាចារ្យតំណាលតៗគ្នាថា នៅពេលដែលប្រជាពលរដ្ឋយកដីមកដុតធ្វើក្អម ឆ្នាំង គឺឃើញមានពន្លឺចាំងផ្លេកៗ ដូចមាសជាប់នឹងក្អម ឆ្នាំង ហេតុនេះហើយទើបមានឈ្មោះភ្នំក្រាំងដីមាសរហូតមក ។ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋបានសង្ស័យថា ភ្នំនេះមានរ៉ែមាសទៀតផង ។
បើតាមព្រះចៅអធិការវត្តធម្មវ័នចាស់ដែលមានទីតាំងនៅលើចង្កេះភ្នំមួយនេះបានបង្ហាញថា ថ្មធំៗដែលមានដានស្នាមពណ៌មាស គឺជាខ្យែរ៉ែមាស តែនៅខ្ចី ។ភ្នំសន្ទូច ភ្នំត្រោក និងភ្នំអាចម៍ត្រី-ភ្នំនេះស្ថិតក្នុងឃុំស្រែថ្មី ។ ភ្នំសន្ទូច ស្ថិតនៅចម្ងាយជាង១គីឡូម៉ែត្រខាងលិចទីរួមខេត្តកំពង់ឆ្នាំង ហើយក៏ជាភ្នំមួយត្រូវបានមន្ទីរទេសចរណ៍ខេត្ត ដាក់បញ្ចូលជារមណីយដ្ឋានទេសចរណ៍ផងដែរ ។
បច្ចុប្បន្ន ពេលមានបុណ្យទានផ្សេងៗមានភ្ញៀវទេសចរទៅលេងកម្សាន្តនៅភ្នំមួយនេះជាច្រើន ព្រោះលើភ្នំនេះមានរៀបចំទីកន្លែងកម្សាន្តជាច្រើនកន្លែង និងនៅជើងភ្នំមានវត្តមួយឈ្មោះ វត្តភ្នំសន្ទូចផងដែរ ។ភ្នំសន្ទូច គឺជាភ្នំមួយដែលជាប់ពាក់ព័ន្ធដល់ប្រវត្តិរឿងព្រេងរវាងភ្នំទាំង៣ខាងលើនេះ ។ មានរឿងតំណាលថា កាលដើមឡើយផ្ទៃដីស្រុកខ្មែរមានទឹកធំល្វឹងល្វើយ មិនសូវមានដីប៉ុន្មានទេ ។កាលណោះ មានបុរសម្នាក់ឈ្មោះតាព្រេង បានអង្គុយស្ទូចត្រី ពីចំណុចភ្នំសន្ទូចធ្លាក់ទៅទន្លេសាប ។ តំណតមក នៅទីកន្លែងដែលតាព្រេងអង្គុយស្ទូចត្រីក៏ក្លាយជាភ្នំមួយគឺភ្នំសន្ទូច ។ ពេលស្ទូចត្រីបាន តាព្រេងបានយកត្រីដាក់ក្នុងត្រក ក្រោយមកក៏ក្លាយជាភ្នំមួយឈ្មោះភ្នំត្រក តែក្រោយមកក៏ក្លាយជាឈ្មោះ ភ្នំត្រោកវិញ ។
ចំណែកនៅលើភ្នំសន្ទូច ក៏មានថ្មមួយផ្ទាំង ក្រហូងបែកជាពីរដូចស្នាមគូទមនុស្ស គឺជាកន្លែងតាព្រេងដួលអុកគូទ ។ នៅមិនឆ្ងាយពីទីនោះមានកូនភ្នំមួយទៀតដែលតូចជាងគេ គឺភ្នំអាចម៍ត្រី គឺពេលតាព្រេងបានត្រីយកទៅវះនៅទីនោះកើតជាភ្នំមួយឈ្មោះភ្នំអាចម៍ត្រី ។ ឈ្មោះភ្នំខាងលើ ក៏បានជាប់ក្លាយជាឈ្មោះភូមិដល់សព្វថ្ងៃ ដូចជាភូមិសន្ទូច ភូមិត្រោក លើកលែងតែភ្នំអាចម៍ត្រី មិនមានជាប់ឈ្មោះភូមិនឹងគេទេ ។ភ្នំតាបាំង-ស្ថិតក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ។ ភ្នំនេះជាប់ពាក់ព័ន្ធដល់ប្រវត្តិសាស្ត្រ ចម្បាំងរវាងទ័ពខ្មែរនិងទ័ពសៀមចូលឈ្លានពានផងដែរ ។
លោក កែ រិន មេឃុំក្រាំងលាវ បានរៀបរាប់ពីប្រវត្តិឈ្មោះភ្នំនេះថា មូលហេតុដែលមានឈ្មោះភ្នំតាបាំង ក៏ដោយសារកាលសៀមចូលឈ្លានពានប្រទេសកម្ពុជា ជំនាន់ស្តេចអង្គឌួង ភ្នំនេះត្រូវបានគេព័ទ្ធសីមាការពារ មិនអាចមើលឃើញកងទ័ពរបស់ខ្មែរឡើយ គឺបាំងបិទគ្រប់ជ្រុងនៃភ្នំ ។ មិនតែប៉ុណ្ណោះ ភ្នំនេះសព្វថ្ងៃមើលពីទិសខាងណា ក៏ដូចខាងណាដែរ គឺដូចៗគ្នា ។ភ្នំនេះជាកន្លែងប្រមូលផ្តុំកងទ័ពខ្មែរ ទាំងទ័ពដំរី ទ័ពសេះ និងទ័ពថ្មើរជើង ។ ដោយសារបារមីសីមាដែលគេព័ទ្ធនេះហើយ ទើបទ័ពបច្ចាមិត្តមិនអាចមើលឃើញកងទ័ពខ្មែរបាន ។ តំណតមក ភ្នំនេះបានក្លាយជាឈ្មោះភ្នំតាបាំង ដល់សព្វថ្ងៃ ។ លើសពីនេះទៀត សូម្បីសម័យក្រោយអាណានិគមបារាំង ក៏យន្តហោះមិនហ៊ានហោះរំលងភ្នំនេះដែរ ។
ភ្នំដំរីរមៀល-នៅមិនឆ្ងាយពីភ្នំនោះក៏មានភ្នំច្រើនទៀត ដូចជាភ្នំដំរីរមៀល ។ ភ្នំនេះជាកន្លែងប្រមូលផ្តុំកងទ័ពដំរី ដែលជាសាខារបស់ទ័ពនៅភ្នំតាបាំង ។ មូលហេតុដែលមានឈ្មោះថាភ្នំដំរីរមៀល គឺដោយសារក្បួនដំរីបានរអិលជើងធ្លាក់ចូលទឹកស្រះសម្រាប់ទ័ពប្រើប្រាស់ ទើបជាប់ឈ្មោះដល់បច្ចុប្បន្ន ។ ចន្លោះភ្នំតាបាំងនិងភ្នំដំរីរមៀលក៏មានឈ្មោះភូមិមួយទៀតគឺភូមិបាតឡាង ។ ឈ្មោះភូមិបាតឡាង គឺជាកន្លែងប្រមូលផ្តុំរបស់«អ្នកងារ» (អ្នកជាប់ងារគឺជាទាសករដាច់ថ្លៃរបស់ស្តេច) ។ កាលណោះ អ្នកងារត្រូវបានស្តេចប្រមួលផ្តុំយកឱ្យនៅផ្តុំគ្នា ដើម្បីងាយស្រួលក្នុងការប្រើឱ្យដឹកជញ្ជូនស្បៀងអាហារទៅឱ្យកងទ័ពនៅសមរភូមិមុខ ។ អ្នកងារឬអ្នកស្រុកបាតឡាង បានប្រកាន់ខ្ជាប់ប្រពៃណីទំនៀមទម្លាប់បានល្អដល់សព្វថ្ងៃ ដូចជា ការមិនបរិភោគសាច់សត្វព្រៃជាដើម ។
ភ្នំតារូងតារាជ-នៅឆា្ងយប៉ុន្មានពីភ្នំនេះមានភ្នំតារូងតារាជជាភ្នំ២ជាប់គ្នា ស្ថិតនៅក្នុងឃុំព្រង។ មិនមានប្រវត្តិពាក់ព័ន្ធដល់ភ្នំនេះទេ ។ ភ្នំនេះត្រូវបានកងទ័ពខ្មែរក្រហមយកប្រជាជនខ្មែរដែលមានទោសជាប់ខ្លួន មកបង្ខំជីកភ្នំទាំងយប់ទាំងថ្ងៃ ក្នុងគោលបំណងធ្វើជាលេណដ្ឋានយ៉ាងធំសម្រាប់លាក់ខ្លួន ស្បៀងអាហារ គ្រាប់រំសេវ ក្នុងការធ្វើសឹកសង្គ្រាម ។ភ្នំនេះមានរូងចូលទៅខាងក្នុងធ្លាយទៅដល់កណ្ដាលភ្នំ ហើយឡើងត្រង់ចេញទៅលើដល់កំពូលភ្នំ ដែលមានទំហំប្រមាណ ៤ម៉ែត្របួនជ្រុង ។ នៅក្នុងរូងភ្នំនេះ ក៏មានជីកជាបន្ទប់សម្ងាត់សម្រាប់ដាក់កងទ័ព វិទ្យុទាក់ទងផងដែរ ។បច្ចុប្បន្ន រូងនេះត្រូវបានទឹកលិចពាក់កណ្ដាលរូងទៅហើយ មិនសូវមានអ្នកណាហ៊ានចូលទៅទេ ៕ (មានតទៅលេខក្រោយទៀត)
ចែករំលែកព័តមាននេះ