ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺដំបៅក្រពះ Mike Tyson ធ្វើទុ.ក្ខភ្លាមៗ ការប្រកួតទល់នឹង Jake Paul ត្រូវពន្យារពេល

4 ខែ មុន

សហរដ្ឋអាមេរិក ៖ ការប្រកួតប្រដាល់សកលដ៏កក្រើកសហរដ្ឋអាមេរិកប្រចាំឆ្នាំនេះ រវាងអតីតកំពូល

សហរដ្ឋអាមេរិក ៖ ការប្រកួតប្រដាល់សកលដ៏កក្រើកសហរដ្ឋអាមេរិកប្រចាំឆ្នាំនេះ រវាងអតីតកំពូលអ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក ម៉ៃ ថៃសាន់ (Mike Tyson) តទល់នឹងតារាយូធូបអាមេរិក ដែលប្រែខ្លួនក្លាយជាអ្នកប្រដាល់សកលអាជីព Jake Paul ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានអ្នករៀបចំប្រកាសពន្យារពេលជាផ្លូវការ ដោយសារតែមនុស្សដែក ម៉ៃ ថៃសាន់ បានធ្លាក់ខ្លួនឈឺភ្លាមៗ និងទទួលបានការសង្គ្រោះបន្ទាន់ កាលពីសប្តាហ៍មុន។

ប្រភពពីសារព័ត៌មានធំៗនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំឆ្នាំ២០២៤ បានរាយការណ៍​ថា ជំងឺដំបៅក្រពះរបស់កំពូលអ្នកប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក ម៉ៃ ថៃសាន់ អាយុ៥៧ឆ្នាំ បានធ្វើទុក្ខភា្លមៗ អំឡុងពេលជិះយន្តហោះពីទីក្រុងម៉ៃអាមី (Miami) ទៅកាន់ទីក្រុងឡូសអាន់​ជ័រលេស (Los Angeles) ។ ម៉ៃ ថៃសាន់ ទទួលបានការសង្គ្រោះបន្ទាន់វេជ្ជសាស្ត្រ ក្រោយមានអារម្មណ៍មិនស្រួលខ្លួន ក្រហាយពោះ ក្អួតចង្អោរ វិលមុខខ្លាំង នៅរយៈពេល៣០នាទី មុនពេលយន្តហោះចុះចត។

យ៉ាងណាមិញ ក្រោយមក ម៉ៃ ថៃសាន់ បានអះអាងលើប្រព័ន្ធទំនាក់ទំនងសង្គមថា សុខភាពលោកបានល្អប្រសើរឡើងវិញហើយ។ ប៉ុន្តែបើទោះបីជាមានការបញ្ជាក់អំពីស្ថានភាពល្អប្រសើរយ៉ាងណាក៏ដោយ តែការប្រកួតដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានប្រកាសផ្អាក ហើយអាចត្រូវកំណត់កាលបរិច្ឆេទប្រកួតទៅពេលក្រោយក្នុងឆ្នាំនេះ ក្រោយអតីតអ្នកប្រដាល់មហាកម្លាំង ម៉ៃ ថៃសាន់ ត្រូវបានគ្រូពេទ្យណែនាំឱ្យកាត់បន្ថយការហ្វឹកហាត់ ឬហ្វឹកហាត់កម្រិតស្រាលជាទៀងទាត់។

លោក ម៉ៃ ថៃសាន់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំចង់អរគុណអ្នកគាំទ្រខ្ញុំ នៅជុំវិញពិភពលោកសម្រាប់ការគាំទ្រ និងការយោគយល់ អំឡុងពេលនេះ។

ជាអកុសល ដោយសារជំងឺដំបៅក្រពះ ខ្ញុំត្រូវបានណែនាំដោយវេជ្ជបណ្ឌិតរបស់ខ្ញុំឱ្យធ្វើការហ្វឹកហាត់ស្រាលៗពីរ-បីសប្តាហ៍ ដើម្បីឆាប់ជាសះស្បើយឡើងវិញ»។

បើតាមប្រភពពីសារព័ត៌មាន USA Today បានសម្ភាសវេជ្ជបណ្ឌិតចំនួន ៧ នាក់ ដែលមានឯកទេសខាងក្រពះពោះវៀន អះអាងថា ម៉ៃ ថៃសាន់ ប្រឈមមុខនឹងហានិភ័យខ្ពស់ ប្រសិនបើអ្នកប្រដាល់រូបនេះ បន្តហ្វឹកហាត់ខ្លាំង ត្រៀមសម្រាប់ការប្រកួតជាមួយនឹងយុវជន Jake Paul លឿនពេក។

តាមប្រភពពីសារព័ត៌មាន Inside The Games កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានឱ្យដឹងថា កាលបរិច្ឆេទថ្មីនៃការប្រកួតរវាង Mike Tyson តទល់ជាមួយនឹងយុវជនវ័យ២៧ឆ្នាំ Jake Paul អាចនឹងត្រូវបានប្រកាសត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការប្រកួតដែលនឹងត្រូវផ្សាយបន្តផ្ទាល់លើកម្មវិធី Netflix ដែលជាសេវាកម្មចាក់ផ្សាយវីដេអូភាពយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក។

ដើមឡើយ តាមគម្រោង ការប្រកួតដ៏កក្រើកសហរដ្ឋអាមេរិកនេះ ត្រូវបានប្រកាសថា នឹងធ្វើឡើងនៅកីឡដ្ឋាន AT&T ដែលមានតម្លៃ ១.៧៧ពាន់លានដុល្លារអាម៉េរិក និងអាចផ្ទុកអ្នកទស្សនារហូតដល់៨ម៉ឺននាក់ ដែលមានមូលស្ថិតនៅទីក្រុងអាលីងតុន (Arlington) រដ្ឋតិចសាស់ (Texas) ដែលជាទឹកដីរបស់ក្រុមបាល់ឱប Dallas Cowboys នៃក្របខណ្ឌកំពូល NFL៕ (ប្រភព ៖ CNN, CBS Sports, USA Today និង Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ