រាជធានីភ្នំពេញ ៖ «សុំឱបបន្តិច ឱបយំជាកិច្ច ឃាត់អ្នកម្ដាយថ្លៃ ម្ដាយទាល់ហើយកូន ចរចូលស្រុកថៃ ម្ដាយប្រឹងបេះដៃ ផ្ញើកូននឹងសង្ឃ។ អារាមសាសនា ទទួលកុមារ រក្សាអប់រំ អ្នកក្រខ្សោយខ្សត់ ចិញ្ចឹមឱ្យធំ កូនបួសបាននំ គឺនំវិជ្ជា»។ កំណាព្យទាំងពីរឃ្លានេះ គឺត្រូវបាននិពន្ធឡើងដោយលោក រស់ គង់ បុគ្គលិកវិទ្យុស្ត្រី ដែលបានតាក់តែងឡើងក្រោយពីបានឃើញទិដ្ឋភាពដ៏រំជួលចិត្ត និងភាសាសន្ទនារវាងនេនតូច និងអ្នកម្តាយ នៅក្នុងឃ្លីមវីដេអូមួយ ដែលបាននិងកំពុងអង្រួនចិត្តមហាជនឱ្យសម្តែងក្តីអាណិតអាសូរជាពន់ពេក ហើយមើលទៅស្ទើរតែទប់ទឹកភ្នែកមិនចង់បាន។
បើយោងតាមប្រភពវីដេអូខាងលើនេះ ត្រូវបានគុណម្ចាស់ រ៉ិល ណៃ គង់នៅវត្តសេរីវឌ្ឍនារាម ឬហៅថា វត្តភូមិព្នៅ ស្ថិតនៅក្នុងភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានបង្ហោះនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ។ ហើយតាមរយៈវីដេអូនេះ គឺនេនតូច បានស្រែកយំសុំអង្វរញោមស្រីរបស់ខ្លួនថា «សុំឱបម៉ែតែតិចទេ បានហើយ» ខណៈស្ត្រីជាម្តាយតបទៅកូនវិញថា «កូនឱបយ៉ាងណា ក៏នូវតែបែកគ្នាដែរ ណាកូន»។
ទិដ្ឋភាពដ៏កម្សត់ ដែលកូនប្រុសតូចមិនចង់ឃ្លាតចាកឆ្ងាយពីម្តាយ ព្រោះតែចង់បាននូវភាពកក់ក្តៅនោះ ក្រៅពីការទទួលបានក្តីអាណិតពីមហាជនហើយ វាក៏បានឆ្លុះបញ្ចាំងឱ្យគ្រប់គ្នាបានឃើញជាក់ច្បាស់នូវរសជាតិជីវិតពិតនៅក្នុងគ្រួសាររបស់ពលករដែលធ្វើចំណាកស្រុកមួយ ព្រោះតែកត្តាជីវភាព ដូច្នេះត្រូវបង្ខំចិត្តចេញទៅធ្វើការនៅក្រៅប្រទេស ឃ្លាតចាកឆ្ងាយពីគ្រួសារ ឆ្ងាយពីកូនជាទីស្រលាញ់ ដើម្បីរកលុយចិញ្ចឹមជីវិត ក្នុងក្តីសង្ឃឹមថា នឹងអាចកែប្រែជីវិតឱ្យប្រសើរឡើងនាថ្ងៃខាងមុខ។ ហើយជ្រុងតូចមួយនៃជីវិតមួយនេះ ក៏ជាសារក្រើនរំលឹកដ៏សំខាន់មួយ សម្រាប់លោកឳពុកអ្នកម្តាយ ដែលជាពលករចំណាកស្រុកដទៃទៀត ដែលត្រូវរស់នៅឆ្ងាយ មិនបានមើលថែបីបាច់ចិញ្ចឹមអប់រំកូនៗដោយផ្ទាល់ដៃ ហើយបានផ្ញើទុកឱ្យនៅជាមួយម៉ែឳដែលត្រូវជាលោកតា លោកយាយ ឬក៏សាច់ញាតិឱ្យជួយមើលថែនោះ គួរតែគិតគូរពិចារណាឡើងវិញ ដើម្បីកុំឱ្យហួសពេល និងស្តាយក្រោយ ព្រោះថា ពួកគាត់ទាំងនោះបណ្តែតបណ្តោយ មិនបានតាមដានដិតដល់នោះឡើយ។
ការសម្រចចិត្តរបស់ស្ត្រីអ្នកម្តាយរូបនេះ ដោយយកកូនប្រុសទៅផ្ញើនឹងព្រះសង្ឃឱ្យបួសរៀន និងគង់នៅវត្តអារាម អាចជាជម្រើសដ៏ល្អ និងសុវត្ថិភាព ជាងសង្គមខាងក្រៅ ទោះបីជាគាត់នៅឆ្ងាយពីកូនក្ដី ប៉ុន្តែគាត់ក៏មានអារម្មណ៍កក់ក្តៅក្នុងចិត្តថា កូនប្រុសជាទីស្រលាញ់របស់គាត់ មិនធ្លាក់ខ្លួននៅក្នុងសង្គមក្មេ.ងទំនើ.ង បងតូចបងធំ ជ.ក់ថ្នាំ កា.ប់ចា.ក់ ឆ.ក់ប្ល.ន់ និងអបាយមុខផ្សេងៗឡើយ។ ប៉ុន្តែកូនប្រុសរបស់គាត់ នឹងធំលូតលាស់ឡើងប្រកបដោយធម៌ និងបញ្ញា៕ ចុះមហាជនអ្នកទស្សនាវិញ តើយល់ឃើញយ៉ាងណាដែរ?
ដោយ ៖ អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ