ទីក្រុងញូយ៉ក៖ នៅទីបំផុត លោកត្រាំក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេនៅក្នុងប្រវត្តិសាស្ត្រដែលត្រូវតុលាការរកឃើញថាមានទោសព្រហ្មទណ្ឌ។ ក្រុមប្រឹក្សាវិនិច្ឆ័យនៅទីក្រុងញូយ៉ករកឃើញថាលោកមានកំហុសដូចការចោទប្រកាន់គ្រប់រឿងទាំងអស់រាប់ចាប់តាំងពីការសូកលុយទៅឱ្យតារាវីឌីអូអាសអាភាស និងការក្លែងឯកសារដើម្បីរួចផុតពីកាតព្វកិច្ចបង់ពន្ធ។ សេចក្ដីសម្រេចនេះធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិនិច្ឆ័យ, លោកត្រាំមានទោសចំនួន៣៤ករណី។ ក្នុងនោះក៏មានទោសពីបទធ្វើរបាយការណ៍ភូតភូរថាគាត់រកស៊ីខាតដើម្បីរួចផុតពីការបង់ពន្ធ និងការលាក់បាំងថាគាត់មិនបានសូកលុយឱ្យអ្នកស្រីស្ទ័មមី ដានីញែល (Stormy Daniels)។ ក្រុមអ្នកច្បាប់យល់ថាគ្រាន់តែសំណុំរឿងទាំង២នេះអាចឱ្យលោកជាប់ពន្ធនាគារ៤ឆ្នាំនៅក្នុងសំណុំរឿងនីមួយៗ។ ប៉ុន្តែលោកមិនចាំបាច់ជាប់ពន្ធនាគារឥឡូវនេះទេ។ លោកអាចដាក់ពាក្យស្នើសុំនៅក្រៅឃុំ។
លោកត្រាំបានក្លាយជាពិរុទ្ធជនម្នាក់យ៉ាងពិតប្រាកដនៅពេលនេះហើយ។ នេះជាព្រឹត្តិការណ៍ដ៏ល្បីជាប្រវត្តិសាស្ត្រព្រោះពុំដែលមានអតីតប្រធានាធិបតីអាមេរិករូបណាត្រូវសមត្ថកិច្ចនាំខ្លួនឡើងតុលាការ និងរកឃើញពិរុទ្ធភាពបែបនេះទាល់តែសោះ។ គ្រាន់តែថាតុលាការមិនទាន់ដកហូតសិទ្ធិរបស់លោកមិនឱ្យឈរឈ្មោះបោះឆ្នោតប្រធានាធិបតិនៅខែវិច្ឆិកាខាងមុខនេះតែប៉ុណ្ណោះ។ ប្រធានាធិបតីអាមេរិកត្រូវគេចាត់ទុកជាមនុស្សដែលមានឥទ្ធិពល និងអំណាចផុតលេខនៅក្នុងលោក។
លោកត្រាំនៅតែចាត់ទុកខ្លួនលោកជាមនុស្សស្លូតត្រង់ដែលមិនបានធ្វើអ្វីខុសឆ្គងទេ។ នៅចំពោះមុខអ្នកសារព័ត៌មាន, លោកថ្លែងថាយើងត្រូវរង់ចាំអ៊ុតលទ្ធផលពិតប្រាកដនៅក្នុងថ្ងៃបោះឆ្នោតដែលជាថ្ងៃអនុស្សានៃការកាត់សេចក្ដីផ្ទាល់ពីប្រជាជន។ លោកចង់មានន័យថាបើលោកចាញ់ឆ្នោតចាំនិយាយគ្នាទៀត។ ប៉ុន្តែបើលោកឈ្នះឆ្នោតនៅអាណត្តិថ្មីមានន័យថាលោកដើរនៅលើផ្លូវត្រូវ។
ក្រុមរបស់លោកបៃដិនចេញសេចក្ដីថ្លែងការណ៍ថាការកាត់សេចក្ដីទៅលើលោកត្រាំនេះជាការបង្ហាញថាគ្មាននរណាម្នាក់ស្ថិតនៅលើច្បាប់ទេ។ ឬនិយាយភាសាសាមញ្ញថាគ្មាននរណាម្នាក់អាចយកច្បាប់មកទ្រាប់អង្គុយបានឡើយ។ ពួកគេយល់ថាលោកត្រាំបានបង្កការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យនៅប្រទេសអាមេរិកខ្លាំងជាងពេលណាៗទាំងអស់។
ឥឡូវនេះ បន្ទាប់ពីក្រុមប្រឹក្សាវិនិច្ឆ័យសម្រេចឱ្យលោកត្រាំមានទោសរួចហើយ ចៅក្រមជំនុំជម្រះនឹងកំណត់យកថ្ងៃទី១១ ខែកក្កដាដើម្បីសម្រេចថាតើលោកត្រាំត្រូវមានទោសកម្រិតណា។ សូមរំលឹកថាមុននឹងឈានដល់ការកំណត់ថាលោកត្រាំមានទោសនេះ ក្រុមប្រឹក្សាវិនិច្ឆ័យដែលមានសមាជិក១២រូបបានពិភាក្សាគ្នាយ៉ាងតឹងសរសៃករយៈពេល២ថ្ងៃសរុបពេលវេលាស្មើនឹងជាង១១ម៉ោង។ ពួកគេមូលមតិគ្នាជាឯកច្ឆន្ទថាលោកត្រាំពិតជាមានទោសកំហុសដូចការចោទប្រកាន់មែន (guilty)។
សូមជម្រាបថាសំណុំរឿងដ៏ល្បីមួយរបស់លោកត្រាំគឺពាក់ព័ន្ធនឹងការសូកលុយទៅឱ្យតារាវីឌីអូអាសអាភាស អ្នកស្រីស្ទ័មមី ដានីញែល (Stormy Daniels)។ សារព័ត៌មានវ៉លស្ទ្រីតជើណលចុះផ្សាយថាព្រឹត្តិការណ៍សូកលុយនោះកើតឡើងនៅឆ្នាំ២០១៦នៅពេលជិតបោះឆ្នោតប្រធានាធិបតី។ មេធាវីរបស់លោកត្រាំកាលពីជំនាន់នោះគឺលោកម៉ៃឃើល ខូហឹន (Michael Cohen) បានផ្ដល់ប្រាក់១៣ម៉ឺនដុល្លារទៅឱ្យអ្នកស្រីស្ទ័មមីដើម្បីបំបិទមាត់ករណីដែលលោកត្រាំធ្លាប់គេងជាមួយអ្នកស្រី៕
ចែករំលែកព័តមាននេះ