ទីក្រុងហ្សាកាតា៖ នាពេលដ៏ខ្លីខាងមុខនេះ ប្រទេសឥណ្ឌូណេស៊ីនឹងចាប់ផ្ដើមប្រើប្រាស់សាកល្បង (ធ្វើតេស្ត) សមត្ថភាពប្រភេទដ្រូនខ្នាតធំដែលប្រើប្រាស់ជាយានយន្តដឹកអ្នកដំណើរប្រៀបដូចជាតាក់ស៊ីហោះ។ តាក់ស៊ីហោះនេះសម្រាប់ប្រើប្រាស់នៅទីក្រុងនូសាន់ថារ៉ា (Nusantara) ដែលជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី ហើយដែលកំពុងស្ថិតនៅក្នុងសាងសង់។ រដ្ឋធានីនេះស្ថិតនៅលើកោះប័នីអូ (Borneo)។ ខាងលើនេះជាការអះអាងរបស់អគ្គនាយកអាជ្ញាធរទីក្រុងនូសាន់ថារ៉ា។
ឥឡូវនេះ គ្រឿងផ្សំសម្រាប់ដំឡើងតាក់ស៊ីហោះត្រូវគេដឹកទៅដល់កោះកាលីម៉ាន់តាន់ជាបណ្ដើរៗហើយ។ ធុងអាគុយរបស់តាក់ស៊ីហោះនេះបានដឹកទៅដល់ទីក្រុងហ្សាកាតារួចហើយ ហើយត្រៀមដឹកបន្តទៅទីក្រុងសាម៉ារីនដា (Samarinda) ដែលស្ថិតនៅខេត្តកាលីម៉ាន់តាន់ខាងកើត។ បន្ទាប់ពីផ្គំបញ្ចូលគ្នាបានជាឡានតាក់ស៊ីហោះរួចហើយ គេនឹងបើកបរសាកល្បងរយៈពេល១ខែនៅអាកាសយានដ្ឋានសាម៉ារីនដា (Samarinda)។
តាក់ស៊ីហោះនេះអាចដឹកមនុស្សមួយជើងៗបានគ្នា៥នាក់។ នេះបើយោងតាមលោកអាលី បេរ៉ាវី(Ali Berawi)ជាអនុរដ្ឋលេខាអាជ្ញាជាតិទទួលបន្ទុកខាងឌីជីថល និងថាមពលស្អាត។ តាក់ស៊ីហោះនេះអាចចេញជារូបរាងពិតប្រាកដដោយសារមានកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវវិស័យអាកាសចរណ៍កូរ៉េខាងត្បូង និងក្រុមហ៊ុនហ៊ីយុនដាយ។ អាជ្ញាធរនៅរដ្ឋធានីនូសាន់ថារ៉ា និងក្រុមហ៊ុនហ៊ីយុនដាយបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីធ្វើឱ្យប្រព័ន្ធបរិស្ថាននៅប្រទេសឥណ្ឌូណេស៊ីមានលក្ខណៈល្អប្រសើរ។
នៅក្នុងលោកនេះ មនុស្សមិនច្រើនទេដែលធ្លាប់បានឃើញតាក់ស៊ីហោះ។ សារព័ត៌មានក្នុងស្រុកផ្សាយថាតាក់ស៊ីហោះដែលធ្លាប់តែមាននៅក្នុងក្ដីស្រមៃរបស់មនុស្សនៅទីបំផុតបានក្លាយជាការពិតហើយ។ សព្វថ្ងៃនេះមានប្រទេសតិចតួចជាទីបំផុតដែលមានតាក់ស៊ីហោះ។ ក្នុងនោះមានប្រទេសអារ៉ាប់រួម, ស្លូវ៉ាគី និងជប៉ុន។ ប្រទេសទាំងនេះស្ថិតនៅក្នុងដំណាក់កាលប្រើប្រាស់សាកល្បង (ធ្វើតេស្ត) សមត្ថភាពរបស់តាក់ស៊ីហោះ។ មានន័យថាមិនទាន់យកជាបានការ និងមិនទាន់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។
ការដែលឥណ្ឌូណេស៊ីរើទីតាំងរដ្ឋធានីពីហ្សាកាតាទៅនូសាន់ថារ៉ាមូលហេតុធំដោយសារបញ្ហាបរិស្ថាន។ ឧទាហរណ៍ដូចជាបញ្ហាកកស្ទះចរាចរណ៍, បញ្ហាខ្យល់ពុល, បញ្ហាទីក្រុងស្ថិតក្រោមនីវ៉ូទឹកសមុទ្រ។ល។ ហេតុនេះ អាជ្ញាធរខិតខំធ្វើឱ្យនូសាន់ថារ៉ាក្លាយជាទីក្រុងដែលគិតគូរអំពីបញ្ហាបរិស្ថានជារឿងសំខាន់។ ដូច្នេះ គេរំពឹងថាតាក់ស៊ីហោះដែលជាប្រភេទយានជំនិះជួយសម្អាតបរិស្ថាននឹងចាប់ផ្ដើមប្រើប្រាស់ជាផ្លូវការយ៉ាងព្រោតព្រាតនៅទីក្រុងនូសាន់ថារ៉ាត្រឹមឆ្នាំ២០៤៥ខាងមុខនេះ៕
ចែករំលែកព័តមាននេះ