ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិតគគីរដែក ជាផ្សិតកម្រ កំពុងមានទីផ្សារ ឈ្មួញ​ប្រមូលទិញ

7 ខែ មុន
  • កំពត

ខេត្តកំពត ៖ ផ្សិតម្យ៉ាងដែលប្រជាពលរដ្ឋភាគច្រើនពុំសូវស្គាល់ ហើយក៏ជាផ្សិតកម្រដែរ បើដុះម្ដង

ខេត្តកំពត ៖ ផ្សិតម្យ៉ាងដែលប្រជាពលរដ្ឋភាគច្រើនពុំសូវស្គាល់ ហើយក៏ជាផ្សិតកម្រដែរ បើដុះម្ដងហើយ អស់រយៈពេលពី៤ទៅ៥ឆ្នាំ ទើបមានដុះទៀត ​។ ផ្សិតមួយប្រភេទនេះមិនមែនចេះតែដុះពាសវាលពាសកាលដូចផ្សិតដទៃឯទៀតនោះឡើយ។ ផ្សិតនេះមានសភាពរឹងដូចឈើមានពណ៌សម្បុរខ្មៅប្រផេះស្រដៀងដូចឈើបន្តិចដូចដុំថ្មបន្តិច ។

បើតាមប្រជា​ពលរដ្ឋម្នាក់ដែលរកស៊ីឡើងភ្នំរកអនុផលព្រៃឈើ និងប្រមូលទិញអនុផលព្រៃឈើ បានប្រាប់​កោះសន្តិភាព​កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះថា ផ្សិតដែលរូបគាត់ឡើងទៅរកឯព្រៃភ្នំនិងប្រមូលទិញពីប្រជាពលរដ្ឋដែលឡើងភ្នំដូចគ្នាបាននេះគឺឈ្មោះផ្សិត(គគីរដែក) ពីព្រោះផ្សិតនេះជាផ្សិតមួយដ៏កម្រ ហើយដុះនៅជុំរុំឈើក្នុងព្រៃភ្នំជ្រៅៗ ​។ វាដុះតែនៅដើមគគីដែកដែលគេរំលំចោលនៅក្នុងព្រៃនៅពេលដែលវាងាប់ឡើងពុកសំបកទើបផ្សិតនេះដុះ។

ពលរដ្ឋរូបនេះឱ្យដឹងទៀតថា ដោយសារតែរូបគាត់ធ្លាប់មានទំនាក់ទំនងជាមួយឈ្មួញដែលធ្លាប់ប្រមូលទិញអនុផលព្រៃឈើ ដែលជារុក្ខជាតិគេប្រើការផ្សំជាឱសថដូចជា រំដេញមាស ផ្លែតាកោ មើមថ្នាំចិន អន្ទង់ស ជាដើម។ល។ ដែលកន្លងមកឈ្មួញឱ្យរូបគាត់ប្រមូលទិញពីពលរដ្ឋដែលរកស៊ីឡើងភ្នំ តាមតម្លៃហាងឆេងដែលគេកំណត់ឱ្យ ទើបប៉ុន្មានថ្ងៃនេះ គាត់បានទៅរកខ្លួនឯងផងនិងប្រមូលទិញផ្សិតគគីដែកនេះពីពលរដ្ឋផងបានជាង៣០០គីឡូក្រាមប៉ុណ្ណោះ។

​ពលរដ្ឋរូបនេះ​បានបញ្ជាក់ថា ការប្រមូលទិញពីពលរដ្ឋក្នុង១គីឡូក្រាមតម្លៃ២៥០០រៀល ហើយគាត់លក់ទៅឱ្យឈ្មួញវិញតម្លៃមួយគីឡូក្រាមតែ៣០០០រៀលប៉ុណ្ណោះគាត់ចំណេញបានតែ៥០០រៀលទេ។

ពលរដ្ឋរូបនេះ​បាន​ឱ្យដឹង​បន្ត​ទៀតថា ការដែលទៅរកផ្សិតគគីដែកនេះ មិនមែនចេះតែទៅរកបានដោយងាយៗនោះទេ អ្នកខ្លះវេចអង្កម្ហូបទៅដេករកនៅភ្នំ អ្នកខ្លះ ពួកគាត់ទៅវិលល្ងាចក៏មាន។ អ្នកដែលទៅរកឆាប់ប្រទះឃើញកន្លែងវាដុះ លុះត្រាតែអ្នកធ្លាប់ដើរព្រៃភ្នំដឹងកន្លែងឈើគគីដែកដែលគេកាប់រំលំអារច្រៀកធ្វើគ្រឿងផ្ទះដែលនៅសល់ជំនៀរឈើកន្លែងកាប់នោះ ទើបមានផ្សិតគគីរដែកនេះដុះ ហើយផ្សិតនេះដែលពួកអះអាងថាជាផ្សិតកម្រ ពីព្រោះផ្សិតនេះដុះតែដើមគគីរដែកតែប៉ុណ្ណោះ​។ ក្រៅពីដើមគគីរដែក គឺផ្សិតនេះមិនដុះនោះទេ ហើយបើវាដុះក្នុងឆ្នាំនេះ លុះត្រា៤ទៅ៥ឆ្នាំទើបដុះទៀតនៅកន្លែងដែលគេបេះវានោះ។

នៅពេលអ្នកយកព័ត៌មានកោះសន្តិភាព​សួរគាត់​ថា តើផ្សិតដ៏កម្រនេះឈ្មួញប្រមូលទិញពីបងប្អូនទៅតើវាមានអត្ថប្រយោជន៍សំខាន់យ៉ាងណាខ្លះ ? បងប្អូនប្រជាពលរដ្ឋប្រាប់ថា ពួកគាត់មិនបានដឹងថាគេយកទៅច្នៃធ្វើអ្វីនោះឡើយ ព្រោះគេយកទៅលក់បន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ