ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ចាក់​ស្លុយ ឃាត់ខ្លួន​យុវជន​០៨​នាក់

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​យុវជន​ចំនួន​០៨​នាក់ នៃ​ក្រុម​«​ចាក់​ស្លុយ​» ដោយ​ដកហូត​បាន​ដាវ កាំបិត និង​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​យុវជន​ចំនួន​០៨​នាក់ នៃ​ក្រុម​«​ចាក់​ស្លុយ​» ដោយ​ដកហូត​បាន​ដាវ កាំបិត និង​គ្រឿងញៀន នៅ​ផ្លូវ​រថភ្លើង ភូមិ​១៤ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទទួល​គោក វេលា​ម៉ោង​១២​និង​១៧​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៤ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​កំណត់ នូវ​មុខសញ្ញា​ជា​បន្តបន្ទាប់​ផង​ដែរ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ និង​ប្តេជ្ញា​យ៉ាង​មុតមាំ ចាត់​គ្រប់​វិធានការ​ជំនាញ និង​វិធានការ​ច្បាប់ ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​សកម្មភាព​ក្មេង​ទំនើង​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ហ្មត់ចត់​បំផុត ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ស្រប​តាម​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​” និង​អនុសាសន៍​ដ៏​ម៉ឺងម៉ាត់​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ទទួល​បាន​ជោគជ័យ​ដោយ​មិន​មាន​ករណី​លើកលែង​នោះ​ទេ ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ ២០២៤ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ដោយ​ចាត់​គ្រប់​វិធានការ​ជំនាញ និង​វិធានការ​ច្បាប់ ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប នូវ​រាល់​សកម្មភាព​ក្មេង​ទំនើង ឱ្យ​បាន​ម៉ឹង​ម៉ាត់ និង​ហ្មត់ចត់​បំផុត ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​លើក​ឡើង​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា ក្នុងអំឡុងពេល​ចុង​ក្រោយ​នេះ សង្កេត​ឃើញ​ថា សកម្មភាព​ក្មេង​ទំនើង​បាន​កើត​មាន​ឡើងជា ញឹកញាប់ និង​មាន​ចរិត​កាច​សាហាវ គួរ​ឱ្យ​ព្រួយបារម្ភ ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច និង​ជះ​ឥទ្ធិពល​ដល់​បរិយាកាស​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ព្រមទាំង​រំខាន​ដល់​ការ​រស់នៅ​របស់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ដោយ​ចាត់​គ្រប់​វិធានការ​ជំនាញ និង​វិធានការ​ច្បាប់ ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​សកម្មភាព​ក្មេង​ទំនើង ឱ្យ​បាន​ម៉ឹង​ម៉ាត់ និង​ហ្មត់ចត់​បំផុត ដើម្បី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជា​ពិសេស​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អនុសាសន៍ និង​បទបញ្ជា​របស់ សម្តេច​មហា​ច​ធិ​ប​តិ៍ ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​ផែនទី បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល​នៅ​កម្ពុជា​ឆ្នាំ​២០២៤-២០៣៥» នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សូម​អំពាវនាវ​ដល់​សាធារណជន គ្រប់​គ្រឹះស្ថានសិក្សា មាតាបិតា អាណាព្យាបាល​ទាំងអស់ សូម​ចូលរួម​ក្នុង​ការ​អប់រំ ណែនាំ ប្រៀនប្រដៅ​ដល់​សិស្សានុសិស្ស បុត្រ​ធីតា របស់​ខ្លួន ឱ្យ​បាន​ល្អ មាន​សុជីវធម៌ ចរិយា​សម្បត្តិ​សមរម្យ ថ្លៃថ្នូរ ស័ក្តិ​សមជា​យុវជន​ទំពាំង​ស្នង​ឫស្សី ជា​សសរទ្រូង​នៃ ប្រទេស​ជាតិ ជា​ពិសេស​សំណូមពរ​ដល់​ប្អូន​ៗ​ជា​យុវជន និង​យុវតី​គ្រប់​រូប ត្រូវ​ចេះ​កសាង​ខ្លួន ស្រលាញ់ ការ​សិក្សា ចៀសវាង​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ ពា​លា​អាវាសែ​គ្រប់យ៉ាង ។

ទន្ទឹម​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​ស្នើ​សុំ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ សូម​បង្កើន នូវ​កិច្ចសហការ​ដឹកនាំ​សកម្មភាព​ការងារ​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ក្មេង​ទំនើង ឱ្យ​បាន ដាច់ខាត ដើម្បី​រួមចំណែក​ជំរុញ​ចលនា​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ឱ្យ​ទទួល បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ