រាជធានីភ្នំពេញ ៖ រឿងក្តីសំណងរដ្ឋប្បវេណីដល់ភាគីជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួស បានកើតឡើងកាលពីខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ រវាងរថយន្តរបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ជាមួយនឹងក្រុមហ៊ុន SK ដោយអូសបន្លាយពេលជិតកន្លះឆ្នាំមកហើយនោះ នឹងត្រូវប្រកាសសាលក្រមនៅថ្ងៃទី១៩ កក្កដា ខាងមុខនេះ ។
តារាកំប្លែងចាស់វស្សា លោក ជួង ជី ហៅកុយ ដែលជាភាគីក្រុមគ្រួសារជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់ដែលបានចូលស្តាប់ដំណើរការក្តីរឿងមួយនេះនៅឯខេត្តព្រះសីហនុ បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី១៥ កក្កដាម្សិលមិញថា ក្រោយពីការអូសបន្លាយពេលជាច្រើនខែមកចំពោះការប្តឹងទាមទារសំណងពីភាគីជនរងគ្រោះទាំងអស់ដល់ក្រុមហ៊ុន SK នោះមក តុលាការក្រុងព្រះសីហនុ នឹងប្រកាសសាលក្រមនៅថ្ងៃទី១៩ កក្កដា ខាងមុខនេះ ។
លោកបញ្ជាក់ថា កន្លងមក មេធាវីខាងក្រុមហ៊ុន SK មិនបានទទួលស្គាល់អំពីការបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដោយសាររថយន្តរបស់ខ្លួនឡើយ គឺគេបានចោទប្រកាន់មកលើរថយន្តរបស់លោក ខេមរៈ សិរីមន្ត ជាអ្នកខុស ដោយសារតែរថយន្តនោះបានប្រើប្រាស់នូវភ្លើងឡាស៊ែរ ។ ប៉ុន្តែនៅពេលមានការតតាំងពីមេធាវីរបស់ភាគីជនរងគ្រោះ បូករួមការមិនអាចរកឃើញភស្តុតាងចោទប្រកាន់ថា រថយន្តរបស់លោក ខេមរៈ សិរីមន្ត បានបំពាក់ភ្លើងឡាស៊ែរដូចការចោទប្រកាន់នោះ ទើបខាងមេធាវីខាងក្រុមហ៊ុន SK ព្រមទទួលយក ។
បើទោះបីជាការប្រកាសសាលក្រមនៅមិនទាន់បានចេញជារូបរាងនៅឡើយក្តី ក៏តារាកំប្លែងចាស់វស្សារូបនេះបានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា ភាគីជនរងគ្រោះទាំងអស់នឹងទទួលបានយុត្តិធម៌ និងទទួលបានសំណងតាមចំនួនដែលខ្លួនបានទាមទារ ។ តារាកំប្លែងរូបនេះអះអាងថា យើងមានសង្ឃឹមច្រើនក្នុងរឿងក្តីមួយនេះ ដោយហេតុថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះយើងមិនមែនជាអ្នកខុសឡើយ ព្រោះតាមការពិនិត្យជាក់ស្តែង រថយន្តរបស់ក្រុមហ៊ុន SK បានមកបុករថយន្តភាគីរងគ្រោះនៅផ្នែកខាងស្តាំ ហើយមេធាវីខាងយើងក៏បានបង្ហាញនូវចំណុចជាក់លាក់ជាច្រើនទៀតពីការបង្កកំហុសរបស់ភាគីអ្នកបើកបរឱ្យរថយន្តក្រុមហ៊ុន SK ។
នាយកុយ បានបញ្ជាក់បន្ថែមថា បើទោះបីជាខាងភាគីក្រុមហ៊ុន SK ព្រមទទួលសងក៏ដោយ ប៉ុន្តែរូបលោក និងភាគីជនរងគ្រោះទាំងអស់នៅមិនទាន់ច្បាស់នៅឡើយទេថា តើខាងភាគីបង្កគេអាចសងត្រឹមចំណុចណា ។ នៅពេលសួរថា ប្រសិនបើការសងរបស់ក្រុមហ៊ុន SK មិនបានគ្រប់ចំនួនដែលចង់បានពីភាគីជនរងគ្រោះទាំងអស់នោះ តារាកំប្លែងរូបនេះបានបញ្ជាក់ថា វាមិនជាបញ្ហាឡើយ ។ ប៉ុន្តែធ្វើយ៉ាងណា សំណងនោះត្រូវឱ្យបានសមស្របទៅនឹងការខាតបង់ និងការចំណាយទៅលើការធ្វើបុណ្យសម្រាប់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ ។
លោកបានបន្ថែមថា ការស្លាប់អាយុជីវិតមនុស្សមិនអាចកាត់ថ្លៃ និងតថ្លៃគ្នាដូចជាទំនិញនៅតាមទីផ្សារឡើយ ហើយមនុស្សដែលស្លាប់ទៅហើយក៏មិនអាចវិលត្រឡប់មកវិញបានដែរ ប៉ុន្តែយើងជាសាច់ញាតិនៅរស់ត្រូវតែរកយុត្តិធម៌ដល់ក្រុមគ្រួសារដែលបានស្លាប់ ។ ដោយឡែកសម្រាប់តារាចម្រៀង ខេមៈ សិរីមន្ត វិញធ្លាប់បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកពិតជាមានការសប្បាយរីករាយ ក្នុងពេលដែលលោកបានទទួលដំណឹងថា តុលាការខេត្តព្រះសីហនុនឹងដោះស្រាយសំណុំរឿងនេះឱ្យចប់នៅមុនថ្ងៃបោះឆ្នោតជាតិខាងមុខ ហើយលោកសង្ឃឹមថា ករណីខាងលើនេះនឹងមានដំណោះស្រាយមួយល្អរវាងភាគីទាំងសងខាង ។
ចំណែកមេធាវីខាងក្រុមហ៊ុន SK វិញបានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ក្រុមហ៊ុនរបស់លោកបានបញ្ជាក់ម្តងហើយម្តងទៀតចំពោះបញ្ហាមួយនេះ ដែលក្រុមហ៊ុនរបស់លោកបានប្រគល់ឱ្យក្រុមហ៊ុនធានារ៉ាប់រងដែលក្រុមហ៊ុនបានទិញជាអ្នកដោះស្រាយ ។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានទិញប័ណ្ណធានារ៉ាប់រងពីក្រុម Caminko ដែលមានលិខិតស្នាមត្រឹមត្រូវ និងបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនធានារា៉ប់រងមួយនេះនឹងចេញសងរាល់ឧប្បត្តិហេតុដែលក្រុមហ៊ុនរបស់លោកបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។
ដោយឡែក រូបលោកក៏បានប្រាប់ដល់តុលាការរួចហើយដែរពាក់ព័ន្ធនឹងរឿងក្តីបែបរដ្ឋប្បវេណីជាសំណងខាងលើនេះ គឺខាងក្រុមហ៊ុនរបស់លោកបានប្រគល់ឱ្យក្រុមហ៊ុនធានារា៉ប់រងជាអ្នកដោះស្រាយ ។ គួររំលឹកថា កាលពីយប់ថ្ងៃទី៧ មីនា ឆ្នាំ២០១៣កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសក្នុងនោះរួមមានកូនប្រុសរបស់តារាកំប្លែង នាយ កុយ កូនរបស់លោកយាយ ណយ សំណាង អ្នករាំម្នាក់ទៀតឈ្មោះ សោម សុវណ្ណារិទ្ធិ រួមទាំងអ្នកបើកបរផងដែរ ដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ ។
ឯលោក ខេមរៈ សិរីមន្ត គ្រាន់តែរងរបួសស្រាល ខណៈអ្នកផ្សេងទៀតរងរបួសធ្ងន់។ បន្ទាប់ពីហេតុការណ៍នោះ ខាងភាគីជនរងគ្រោះទាំងអស់បានទាមទារសំណងពីក្រុមហ៊ុន SK ដោយក្រុមគ្រួសារដែលមានសាច់ញាតិស្លាប់បានទាមទារក្នុងម្នាក់ៗចំនួន២៥.០០០ដុល្លារ ខណៈពេលដែលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានទាមទារថ្លៃខូចខាតជិត១០ម៉ឺនដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ