រាជធានីភ្នំពេញ ៖ កសិករធ្វើកសិកម្ម ជាសហគមន៍ អាចមានសង្ឃឹម ក្នុងការលក់ផលិតផលកសិកម្ម ដែលខ្លួនប្រមូលផលបាន ទៅកាន់ទីផ្សារក្រោយពីក្រសួងពិភាក្សាពីសហគមន៍កសិកម្មទំនើប ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ សហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្នុងកិច្ចប្រជុំ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជំរុញធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការកែលម្អ សហគមន៍ នូវចំណុចខ្វះខាតឱ្យមានភាពល្អរឹងមាំ និងបន្តអ្វី ដែលជាភាពខ្លាំងរបស់ពួកគាត់ លើគ្រប់អនុវិស័យទាំងអស់ ទាំងកសិកម្ម ព្រៃឈើ ជលផល សត្វ និងកៅស៊ូ ដែលអាចជួយឱ្យសហគមន៍ប្រែក្លាយរូបរាងទៅជាលក្ខណៈក្រុមហ៊ុនមួយពេញលក្ខណៈ ដោយផ្តោតសំខាន់លើគុណភាព មានទីផ្សារ មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់តម្លៃល្អ ផ្តល់ផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំ ត្រូវយល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្ម ទើបអាចពន្យល់ដល់សហគមន៍ចំគោលដៅ និងមានប្រសិទ្ធភាព។ លើសពីនេះទៀត ក្រុមការងារ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ធ្វើយ៉ាងណាឱ្យកសិករចេះធ្វើការរួមគ្នា សហការគ្នាល្អ ដើម្បីជួយឱ្យមានការវិនិយោគពិតរីកចម្រើនទាំងអស់គ្នា និងមិនមានការយល់ខុសបន្តទៀតលើរដ្ឋាភិបាល ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ៖ ” យើងមិនលុបបំបាត់សហគមន៍ចាស់ទេ តែយើងធ្វើលើអ្វីដែលមានស្រាប់ ហើយប្រែក្លាយមកជាសហគមន៍កសិកម្មទំនើប ដូច្នេះត្រូវពិនិត្យ និងជំរុញឱ្យចេញជារូបរាង ដោយគិតផលសេដ្ឋកិច្ចជាធំ” ៕
ចែករំលែកព័តមាននេះ