ជំងឺបាក់ទឹកចិត្តគឺជាស្ថានភាពមួយ ដែលអ្នកជំងឺមានអារម្មណ៍ក្រៀមក្រំ និងអស់សង្ឃឹមយ៉ាងខ្លាំង ដែលក្នុងករណីខ្លះអាចនាំឱ្យអ្នកជំងឺចង់ធ្វើអត្តឃាតទៀតផង។ ដូច្នេះ អ្នកមិនគួរមើលស្រាលជំងឺប្រភេទនេះបានទេ ។
ក្រុមអ្នកជំនាញជំងឺបាក់ទឹកចិត្តបាននិយាយថា ការផ្លាស់ប្តូររបៀបរស់នៅវិជ្ជមានមួយចំនួន គឺជាវិធីក្នុងការព្យាបាលជំងឺបាក់ទឹកចិត្តយ៉ាងមានប្រសិទ្ធភាព ។ សូមក្រឡេកមើលទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចបង្កឱ្យមានជំងឺបាក់ទឹកចិត្តក្នុងអត្ថបទខាងក្រោមនេះ ។
១-បរិភោគអាហារកែច្នៃ
តាមការស្រាវជ្រាវមួយបានអះអាងថា មនុស្សដែលទទួលទានអាហារកែច្នៃដូចជាដំឡូងបារាំងកញ្ចប់មី ជារៀងរាល់ថ្ងៃងាយនឹងកើតជំងឺបាក់ទឹកចិត្ត ដោយសារជាតិពុលនៅក្នុងអាហារទាំងនេះអាចបណ្តាលឱ្យមានការផ្លាស់ប្តូរសារធាតុគីមីនៅក្នុងខួរក្បាល ។
២-ចូលចិត្តនៅម្នាក់ឯង
ពេលដែលអ្នកចំណាយពេលនៅម្នាក់ឯងច្រើនពេក ដោយគ្មានទំនាក់ទំនងជាមួយអ្នកដទៃ វាអាចបង្កឱ្យមានជំងឺបាក់ទឹកចិត្ត ដោយសារទម្លាប់នេះអាចនាំឱ្យមានគំនិតអវិជ្ជមាន និងមានភាពឯកកោ ។
៣-ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមច្រើនហួសហេតុពេក
ការសិក្សាមួយផ្សេងទៀតនៃជំងឺបាក់ទឹកចិត្តបានរកឃើញថា ការមានគណនីក្នុងប្រព័ន្ធបណ្តាញសង្គមច្រើន និងការប្រើប្រាស់បណ្តាញសង្គមទាំងនេះច្រើនហួសហេតុពេក អាចបង្កឱ្យមានការផ្លាស់ប្តូរសារធាតុគីមីមួយចំនួននៅក្នុងខួរក្បាលដែលបណ្តាលឱ្យមានជំងឺបាក់ទឹកចិត្ត។
៤-អ្នកនៅជុំវិញខ្លួនមានគំនិតអវិជ្ជមាន
ប្រសិនបើអ្នកចំណាយពេលវេលាច្រើនពេកជាមួយអ្នកដែលមានគំនិតអវិជ្ជមាន និងទុទិដ្ឋិនិយម អាកប្បកិរិយារបស់ពួកគេអាចជះឥទ្ធិពលមកលើអ្នក ដែលបង្កឱ្យអ្នកមានជំងឺបាក់ទឹកចិត្ត ។
៥-ការរស់នៅអសកម្ម
ការរស់នៅដោយអសកម្មដោយមិនបានធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយណាមួយ នឹងបង្កឱ្យមានជំងឺបាក់ទឹកចិត្ត ដោយសារកម្រិតអ័រម៉ូន Serotonin នៅក្នុងខួរក្បាលរបស់អ្នកអាចថយចុះ នៅពេលគ្មានការធ្វើលំហាត់ប្រាណទៀងទាត់ ៕
ចែករំលែកព័តមាននេះ