ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៤ ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​ព្រះ​កេស​ទេវតា​មួយ​កប់​ក្នុង​រណ្ដៅ​កំណាយ​ស្រាវជ្រាវ នៅ​បាត​គ្រឹះ​ខាង​ផ្នែក​ទេវតា​ទាញព្រ័ត្រ នៃ​ខ្លោងទ្វារ​ជ័យ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៤ ក្រុមការងារ​ស្រាវជ្រាវ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​ព្រះ​កេស​ទេវតា​មួយ​កប់​ក្នុង​រណ្ដៅ​កំណាយ​ស្រាវជ្រាវ នៅ​បាត​គ្រឹះ​ខាង​ផ្នែក​ទេវតា​ទាញព្រ័ត្រ នៃ​ខ្លោងទ្វារ​ជ័យ ។ នេះ​បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា​នេះ ។

លោក អន សុភាព បុរាណ​វិទូ ដែល​កំពុង​ធ្វើ​កំណាយ​នៅ​ខ្លោងទ្វារ​ជ័យ​បាន​បញ្ជាក់​ថា ជាង​ពី​រស​ប្ដា​ហ៍​មក​ហើយ ដែល​ក្រុមការងា​របស់​លោក​បាន ​និង​កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា នៅ​ខ្លោងទ្វារ​ជ័យ​នេះ ។ លោក​បញ្ជាក់​ថា ការងារ​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ពិនិត្យ​មើល​រចនាសម្ព័ន្ធ​បាត​គ្រឹះ ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ ដើម្បី​រៀបចំ​បង្គ្រប់​ឯកសារ​ក្នុង​គម្រោង​ជួសជុល​ចំណុច​នេះ​ឡើង​វិញ ។

តាម​ការ​លើក​ឡើង​របស់​លោក អន សុភាព ជា​ការ​ចៃដន្យ ក្នុង​ពេល​ក្រុមការងារ​លោក​កំពុង​កំណាយ​នោះ​ក៏​បាន​ប្រទះ​ឃើញ​ព្រះ​កេស​មួយ​នៅ​ស្អាត កប់​ក្នុង​រណ្ដៅ​ជើង​គ្រឹះ​ទេវតា​ទាញព្រ័ត្រ​តែ​ម្ដង ។

ក្រោយ​ការ​សិក្សា និង​ពិនិត្យ​អ្នកជំនាញ​សន្និដ្ឋាន​ថា ព្រះ​កេស​នោះ​បាន​បាក់​ធ្លាក់​ពី​រូប​ទេវតា​នៅ​ចំណុច​លេខ​ទី​២៣ បើ​រាប់​ពី​ជួរ​ខាង​មុខ​មក ។ ព្រះ​កេស​ធ្វើ​ពី​ថ្មភក់​នេះ មាន​បណ្ដោយ​២០​ស​.​ម ទទឹង​១១​ស​.​ម និង​កម្ពស់​១២​ស​.​ម ។

ក្រោយ​កំណាយ​ស្រាវជ្រាវ​បាន​មួយ​ផ្នែក​ធំ អ្នកជំនាញ​បាន​សន្និដ្ឋាន​ថា គ្រឹះ​ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ​នៅ​ខ្លោងទ្វារ​ជ័យ​នេះ នៅ​មាន​ភាព​មាំ​ល្អ ព្រោះ​ធ្លាប់​បាន​ជួសជុល​ម្ដង​នៅ​សម័យ​កណ្ដាល និង​សម័យ​បារាំង ។

យ៉ាងណា លោក អន សុភាព បញ្ជាក់​ថា តាម​ការ​ឱ្យ​យោបល់​ពី​អ្នក​ពាក់ព័ន្ធ គេ​ត្រូវ​កំណាយ​ស្រាវជ្រាវ​នៅ​ផ្នែក​ខាងលើ​បន្ថែម​ទៀត មើល​ស្ថានភាព​តួ​ស្ពាន​ទាំងមូល ដើម្បី​មើល​ស្ថានភាព​ជួសជុល​នៅ​ពេល​នោះ​ឱ្យ​បាន​ល្អិតល្អន់ មុន​នឹង​មាន​គម្រោង​ជួសជុល​ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ