ខេត្តបាត់ដំបង ៖ កុមារាម្នាក់អាយុទើប៣ឆ្នាំ បានត្រូវរានព្រះភូមិបាក់សង្កត់បណ្ដាលឲ្យស្លាប់ ពេលព្យាយាមតោងឡើងលេងជាមួយក្មេងៗប៉ុន្មាននាក់ទៀត កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ នៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ។ តាមរបាយការណ៍របស់អធិការនគរបាលស្រុកថ្មគោល លោក សេង លុច បានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ សាវ វណ្ណៈឧត្តម ។
កុមារារូបនេះ បានលេងជាមួយក្មេងៗប៉ុន្មាននាក់ទៀតនៅក្បែរផ្ទះ ហើយរូបគេបានព្យាយាមតោងឡើងរានព្រះភូមិ ជាអកុសលរានព្រះភូមិបានបាក់សង្កត់ចំសៀតផ្កា បណ្ដាលឲ្យស្លាប់ភ្លាមតែម្ដង ។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ឪពុកក្មេងប្រុសឈ្មោះ ប៉ែន សាវ អាយុ៥៨ឆ្នាំ បានផ្ញើកូនឲ្យបងស្រីជួយមើល ហើយគាត់រវល់ទៅធ្វើការនៅឯក្រុងបាត់ដំបង ។ ចំណែកកុមារារងគ្រោះបានលេងជាមួយបងប្អូនប៉ុន្មាននាក់ទៀត ហើយបានតោងរានព្រះភូមិ ក៏បាក់សង្កត់តែម្ដង ។ បងជីដូនមួយកុមារារូបនេះនិយាយថា គាត់បានឃើញក្មេងៗទាំងនោះរត់លេងជាមួយគ្នាដែរ នៅខាងមុខផ្ទះ ។ លុះបន្តិចក្រោយមក ស្រាប់តែឮសំឡេងក្មេងស្រី ដែលជាបងរបស់កុមារារងគ្រោះស្រែកថា «ជួយប្អូនខ្ញុំផង» ។
ភ្លាមនោះ គាត់ក៏រត់ទៅមើលឃើញនាងកំពុងបីប្អូនដែលមានឈាមហូរតាមច្រមុះ ហើយគាត់បានឃើញរានព្រះភូមិបាក់ដួល ។ លុះគាត់សួរនាំទើបដឹងថា «ត្រូវរានភូមិបាក់សង្កត់» និងបានស្លាប់ទៅហើយ គាត់ក៏ទូរស័ព្ទប្រាប់ឪពុកកុមារា និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ។ សមត្ថកិច្ចបញ្ជាក់ថា បើតាមការពិនិត្យ សពកុមារារងគ្រោះ គឺត្រូវរានព្រះភូមិបាក់សង្កត់ចំសៀតផ្កាខាងឆ្វេង និងមានហូរឈាមតាមច្រមុះផងដែរ ។
នេះមិនមែនជាគ្រោះអាក្រក់ទី១នោះទេ ដែលជារឿយៗករណីបែបនេះតែងកើតឡើង ។ ដើម្បីការពារឬបង្ការកុំឱ្យកើតមានបញ្ហាដដែលនេះគឺរានព្រះភូមិ ដែលអ្នកខ្លះហៅរានទេវតានោះ បើមានកូនចៅតួចៗ ត្រូវតែរៀបចំធ្វើឱ្យបានរឹងមាំទាំងការបុកគ្រឹះ និងការដាក់សរសៃដែកឱ្យបានរឹងមាំ ទើបធានាបានសុវត្ថិភាពកូនចៅរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ