ទីក្រុងម៉ូស្គូ៖ នៅទីបំផុត លោកពូទីនសម្រេចចិត្តដកលោកសយហ្គូចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិ និងដាក់ជំនួសដោយអ្នកឯកទេសខាងសេដ្ឋកិច្ច។ នេះជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្ត្រីនៅអាណត្តិថ្មី។ នៅពេលអស់តំណែងនេះទៅ លោកសយហ្គូនឹងធ្វើជាលេខាក្រុមប្រឹក្សាសន្តិសុខជាតិវិញម្ដង។ អ្នកជំនួសតំណែងលោកសយហ្គូគឺលោកបេលូសូហ្វ (Andrei Belousov) ដែលធ្លាប់ជាឧបនាយករដ្ឋមន្ត្រី។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/6c59f6501c4aacffe37d6c420daef521.jpg)
បើតាមច្បាប់របស់រុស្ស៊ី សមាជិកគណៈរដ្ឋមន្ត្រីនៅអាណត្តិចាស់ទាំងអស់ត្រូវប្រកាសលាលែងពីតំណែងនៅថ្ងៃអង្គារ។ មុននឹងកាន់តំណែងជាផ្លូវការ លោកបេលូសូហ្វត្រូវឆ្លងកាត់ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីព្រឹទ្ធសភារុស្ស៊ី។ លោកសយហ្គូឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិកាលពីឆ្នាំ២០១២។ ពោលគឺ២ឆ្នាំមុនពេលរុស្ស៊ីលើកកងទ័ពចូលកាន់កាប់តំបន់គ្រីម៉េ និងដាក់បញ្ចូលតំបន់នេះជាទឹកដីរុស្ស៊ី។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/2c08ed0167a309209e66726e6fc467ea.jpg)
មន្ត្រីក្រោមបង្គាប់លោកសយហ្គូម្នាក់គឺលោកអ៊ីវ៉ាណូហ្វ (Ivanov) ត្រូវបានសមត្ថកិច្ចរុស្ស៊ីចាប់ខ្លួនកាលពីខែមេសាពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយ ហើយត្រូវជាប់ឃុំរហូតមកដល់ពេលនេះដើម្បីរង់ចាំការស៊ើបអង្កេតជាផ្លូវការ។ ការចាប់ខ្លួននេះត្រូវមជ្ឈដ្ឋានទូទៅមើលឃើញថាជាការចាត់ការទៅលើលោកសយហ្គូតែម្ដង ហើយអាចនឹងឈានដល់ការដកហូតតំណែងរបស់លោក។ ទោះបីលោកសយហ្គូជាមនុស្សជិតស្និទ្ធរបស់លោកពូទីនក៏ត្រូវតែចាត់ការជាចាំបាច់។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/b3a66aed55b99806089763d8092bbea6.jpg)
អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាលោកពូទីនសម្រេចចិត្តប្រគល់តំណែងរដ្ឋមន្ត្រីការពារជាតិទៅស៊ីវិលជាអ្នកកាន់កាប់វិញម្ដងព្រោះលោកយល់ថាស្ថាប័នមួយនេះគួរណាស់បើកទូលាយសម្រាប់ទាំងអស់គ្នាទាំងយោធា និងស៊ីវិលអាចកាន់បានដូចគ្នា។ ម៉្យាងទៀតលោកចង់បានក្រុមអ្នកដែលមានគំនិតថ្មីៗ។ លោកបេលូសូហ្វជាមនុស្សស័ក្ដិសមនឹងទទួលតំណែងនេះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/e61c8f2f40ab1abd71d3e66dcbb1ce5c.jpg)
សូមរំលឹកថានៅក្នុងការបោះឆ្នោតកាលពីខែមីនានោះ លោកពូទីនទទួលបានសំឡេងគាំទ្ររហូតដល់៨៧%ដែលអាចឱ្យលោកកាន់អំណាចម្នាក់ឯងបាន។ ការរុះរើគណៈរដ្ឋមន្ត្រីលើកនេះធ្វើឡើងចំពេលដែលជនស៊ីវិលរាប់ពាន់នាក់ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីតំបន់ខាគីវនៅអ៊ុយក្រែនភាគឦសាននៅពេលកងទ័ពរុស្ស៊ីចាប់ផ្ដើមវាយប្រហារជាថ្មីម្ដងទៀតកាលពីថ្ងៃសុក្រដោយបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់ចូលទីក្រុង និងភូមិជាច្រើនកន្លែង។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/6b84ce5db2c852092882a2dce95ddbd4.jpg)
ក្រោយការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាថ្មីៗនេះ គេឃើញថាអ៊ុយក្រែនត្រូវតែដកថយនូវកងឯកភាពរបស់ខ្លួន ហើយទុកឱ្យរុស្ស៊ីដណ្ដើមបានទីតាំងជាច្រើនទៀតដែលមិនសូវមានប្រព័ន្ធការពាររឹងមាំ។ ទីនេះត្រូវរុស្ស៊ីដាក់ឈ្មោះថាតំបន់ប្រផេះស្ថិតនៅតាមបណ្ដោយព្រំដែនរុស្ស៊ី-អ៊ុយក្រែន។ លោកពូទីនធ្លាប់បានបកស្រាយថាមានតែការវាយយកទឹកដីអ៊ុយក្រែនបន្ថែមទៀតតែប៉ុណ្ណោះទើបអាចធានាសន្តិសុខជាតិរបស់រុស្ស៊ី និងធ្វើឱ្យទីក្រុងម៉ូស្គូស្ថិតនៅចម្ងាយដែលកងទ័ពអ៊ុយក្រែនមិនអាចវាយដល់៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/05/54c8875b0d472fdd29b5138b5a22d810.jpg)
ចែករំលែកព័តមាននេះ