ខេត្តបាត់ដំបង ៖ ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង (ពេទ្យធំ) លោក កាក់ សិលា បាននាំថវិកាចំនួន០៤លានរៀល និង១០០ដុល្លាអាមេរិក ទៅចូលរួមបុណ្យសពអ្នកជំងឺម្នាក់ ដែលស្លាប់យ៉ាងអាណោចអធ័មនៅក្នុងមន្ទីរពេទ្យ ដែលគ្រួសារជនរងគ្រោះចោទថា បណ្ដាលមកពីការធ្វេសប្រហែសរបស់ក្រុមគ្រួពេទ្យមិនយកចិត្តទុកដាក់។
នេះបើតាមកូនស្រីរបស់ជនរងគ្រោះនិយាយប្រាប់កាលពីព្រឹកថ្ងៃទី១០ ឧសភា ដែលទឹកប្រាក់នេះ គឺជាការរំងាប់ចិត្ត ឬ លួងចិត្តក្រុមគ្រួសារនាងជាថ្នូរនឹងការបញ្ចប់រាល់បញ្ហាទាំងអស់រវាងគ្រួសារនាង និងមន្ទីរពេទ្យ។
កូនស្រីជនរងគ្រោះ គឺនាង ថុង គីមហេង អាយុ២២ឆ្នាំ នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងបានប្រាប់កោះសន្តិភាពថា ម្ដាយរបស់នាងឈ្មោះ ចាន់ ស្រីនុច អាយុ៤៣ឆ្នាំ បានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត កាលពីរសៀលថ្ងៃទី៣០ មេសា ក្រោយសម្រាលកូនរួចបាន០៣ថ្ងៃប៉ុណ្ណោះ ដោយសារការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់របស់ក្រុមគ្រួពេទ្យ។
នាងបានប្រាប់ថា ក្រោយធ្វើបុណ្យសពម្ដាយនាងចប់បានប៉ុន្មានថ្ងៃ ស្រាប់តែនៅថ្ងៃទី ០៩ ឧសភា លោក កាក់ សិលា បាននាំយកថវិកាចំនួន០៤លាន និង១០០ដុល្លាអាមេរិក មកជូនក្រុមគ្រួសារនាងផ្ទាល់ ដោយលោកអះអាងថា ជាការចូលរួមបុណ្យសពម្ដាយនាង។ នាងបានបញ្ជាក់ ដោយស្រង់សម្ដីលោកប្រធានមន្ទីរពេទ្យរូបនេះថា «ថវិកាចំនួន០៤លានរៀលនេះ គឺជាទឹកប្រាក់របស់មន្ទីរពេទ្យ និងថវិកាចំនួន១០០ដុល្លារទៀត ជាទឹកថវិការរបស់ខ្ញុំផ្ទាល់ ដើម្បីចួលរួមបុណ្យសពម្ដាយក្មួយស្រី ហើយក៏មិនមែនថវិកាសូកប៉ាន់អីដែរ។
នេះជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារក្មួយ»។ ជាមួយនឹងកាយវិការដ៏ទន់ភ្លន់ របស់លោក កាក់ សិលា ប្រធានមន្ទីរពេទ្យខេត្ត ដែលបាននាំយកថវិកាមកចូលរួមមុណ្យសពម្ដាយនាងខាងលើនេះ បើតាមនាង ថុង គីមហេង ដែលជាអ្នកថែទាំម្ដាយនាងផ្ទាល់ដៃនៅក្នុងមន្ទីរពេទ្យ បានមើលឃើញយ៉ាងច្បាស់ថា គឺសកម្មភាពដ៏ទន់ភ្លន់របស់លោកប្រធានមន្ទីរពេទ្យខេត្តនេះ បានធ្វើឡើងក្រោយ ពីក្រុមគ្រួសារនាងផ្ទុះប្រតិកម្មខ្លាំង ទៅនឹងក្រុមគ្រួពេទ្យមួយចំនួន ដែលប្រចាំការទទូលព្យាបាលម្ដាយនាង «មានការធ្វេសប្រហែស មិនយកចិត្តដាក់លើជំងឺម្ដាយនាង បណ្ដែតបណ្ដោយទុកឲ្យម្ដាយនាងដេកស្រែកឈឺចុកចាប់នៅលើគ្រែរយៈពេលច្រើនថ្ងៃ រហូតម្ដាយនាងធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ និងចុងក្រោយ ម្ដាយនាងត្រូវដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័មនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់»។
បើតាមការលើកឡើងរបស់កូនស្រីជនរងគ្រោះដដែលនេះ នាងបានបញ្ជាក់ប្រាប់កោះសន្តិភាពដូច្នេះថា «ក្រោយបញ្ចប់ពិធីបុណ្យ០៧ថ្ងៃជូនម្ដាយខ្ញុំ ខ្ញុំបានសរសេរប្រតិកម្មទៅនឹងក្រុមគ្រួពេទ្យមួយចំនួន ដែលមានភារកិច្ចព្យាបាលម្ដាយនាង ដែលរៀបរាប់ពីគ្រូពេទ្យ គ្មានសិលធម៌ គ្មានវិជ្ជាជីវៈ និងការធ្វេសប្រហែស មិនអើពើនឹងជំងឺម្ដាយខ្ញុំ រហូតចុងក្រោយ ធ្វើឲ្យម្ដាយខ្ញុំស្លាប់។
ខ្ញុំបានបង្ហោះសំណេរដ៏វែងនេះ តាមបណ្ដាញសង្គមផ្ទាល់របស់ខ្ញុំ ដើម្បីឲ្យសាធារណៈជនបានដឹងអំពីចរិតក្រអឺតក្រទម គ្មានវិជ្ជាជីវៈ និងគ្មានសិលធម៌របស់គ្រូពេទ្យមួយចំនួននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនេះ»។ នាងបានបញ្ជាក់ត្រង់ចំណុចនេះថា «តាមពិត ដោយសារសំណេររបស់ខ្ញុំ សរសេររិះគន់ខ្លាំងៗ និងចង្អុលចំៗពីភាពអសកម្មរបស់គ្រូពេទ្យដូច្នេះហើយ ទើបលោកប្រធានមន្ទីរពេទ្យនេះ ព្យាយាមទូរស័ព្ទសុំសម្របសម្រូលជាមួយគ្រួសារខ្ញុំ និងបានស្នើសុំឲ្យខ្ញុំ លុបខ្លឹមសារដែលបង្ហោះនោះចេញពីបណ្ដាញសង្គម (ហ្វែសប៊ុក) ដោយសន្យាចេញមុខរកដោះស្រាយ និងសុំទោសក្រុមគ្រួសារខ្ញុំជាសាធារណៈ។
ប៉ុន្តែផ្ទុយទៅវិញ លោក កាក់ សិលា ប្រធានមន្ទីរខេត្តនេះសន្យាខ្យល់ នៅតែនិយាយភូតកុហកបោកប្រាស់ក្រុមគ្រួសារខ្ញុំ ដែលកំពុងរងគ្រោះស្រាប់ដដែល ។ គាត់មិនបានសុំទោសគ្រួសារខ្ញុំដូចការសន្យាទេ។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យនេះ បែរធ្វើជាចេញលិខិតចូលរួមមរណៈទុក្ខជាមួយគ្រួសារខ្ញុំ។ ខ្លឹមសារក្នុងលិខិតរំលែកទុក្ខបានបង្ហាញភាពសោកសៅក្រៃលេង លាយឡំជាមួយនឹងការព្យាយាមនិយាយបំភ្លៃរោគសញ្ញា ដែលជាការដាក់បន្ទុកទៅលើជំងឺម្ដាយខ្ញុំយ៉ាងអយុត្ដិធម៌បំផុត ដែលរឹតតែធ្វើឲ្យគ្រួសារខ្ញុំ មានការឈឺចាប់ទ្វេដង»។
កោះសន្តិភាព មិនអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីលោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានទេនៅព្រឹកថ្ងៃសៅរ៍នេះ ខណៈអ្នកសារព័ត៏មានមួយចំនួនបានប្រាប់ថា «បើទោះជាទូរស័ព្ទចូលរាប់សិបដង ក៏ប្រធានមន្ទីររូបនេះមិនខ្ចីលើកទទួលដែរ ព្រោះកំពុងស្ពឹកមុខ»។ ប៉ុន្តែកាលពីថ្ងៃទី ០៩ ឧសភា មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានបង្ហោះជាសាធារណៈនូវ «លិខិតចូលរួមមរណៈទុក្ខ» មួយសន្លឹកលើបណ្ដាញសង្គមរបស់ខ្លួន (របស់មន្ទីរពេទ្យ) ដែលលិខិតនេះចុះថ្ងៃទី ០៩ ឧសភា មានតែត្រា តែគ្មានហត្ថលេខាលោកប្រធានមន្ទីរពេទ្យទេ បានជូនចំពោះគ្រួសារសព លោកស្រី ចាន់ស្រីនុច តែមិនមែនជាលិខិតសុំទោសទេ។
ខ្លឹមសារនៃលិខិតចូលរួមមរណៈទុក្ខនេះ មន្ទីរពេទ្យបានបង្ហាញពីភាពក្ដុកក្ដូល រន្ធត់ចិត្ត និងសោកស្ដាយពន់ពេក ចំពោះមរណៈភាពលោកស្រី ចាន់ ស្រីនុច។ ជាមួយគ្នានេះ មន្ទីរពេទ្យក៏បានពណ៌នាអំពីរោគសញ្ញាជនរងគ្រោះ ដែលបានចូលសម្រាកពេទ្យចាប់តាំងពីថ្ងៃដំបូង រហូតដល់ថ្ងៃស្លាប់ ក្រោយសម្រាលបានកូនប្រុស ដែលជាកូនលើកទី០៦។
នៅក្នុងលិខិតនេះ ភាគីមន្ទីរពេទ្យហាក់បានអួតអាងសម្បើមណាស់ ពីការប្រឹងប្រែងជួយសង្គ្រោះអ្នកជំងឺរបស់ក្រុមគ្រួពេទ្យតាំងពីដំបូង រហូតដល់អ្នកជំងឺទទូលមរណភាព និង បានបញ្ជាក់ចុងក្រោយ នៃរោគសញ្ញាជនរងគ្រោះ ដែលស្ថិតស្ថានភាពធ្ងន់ធ្ងរ « ខ្យោយថ្លើមចុងក្រោយ ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ខ្យោយតម្រងនោមចុងក្រោយ និងធ្លាប់មានផ្ទៃពោះចំនួន០៧ដង (កូនមួយរលូត)។
បើតាមការរៀបរាប់រោគសញ្ញារបស់មន្ទីរនេះ បានន័យថា មូលហេតុដែលធ្វើឲ្យអ្នកស្រី ចាន់ ស្រី
នុច ទទូលមរណៈក្រោយសម្រាលកូនលើកទី៦ គឺដោយសារតែរោគសញ្ញា ដែលគ្រូពេទ្យបានធ្វើការវិនិច្ឆ័យចុងក្រោយឲ្យគ្រួសារជនរងគ្រោះបានដឹង ក្រោយអ្នកជំងឺបានមរណៈភាពបាត់ទៅហើយ។ ប៉ុន្តែការបង្ហោះបង្ហាញរោគសញ្ញា និងការអំណាស់អំណាងចុងក្រោយរបស់មន្ទីរពេទ្យ ក្រោយអ្នកជំងឺបានស្លាប់បែបនេះ ត្រូវបានក្រុមគ្រួសារជនរងគ្រោះចាត់ទុកថា «ជាការអះអាងមិនសមហេតុផល»។
នៅក្នុងសំណេររបស់នាង ថុង គីមហេង កូនស្រីជនរងគ្រោះ ដែលបានសរសេរបង្ហោះក្នុងអាក់
ខោនហ្វេសប៊ុករបស់នាងឈ្មោះ « Zey Leak II » ឆ្លើយតបទៅនឹងមន្ទីរពេទ្យខេត្ត។ សំណេររបស់នាងហាក់ប្រើពាក្យធ្ងន់ធ្ងរបន្តិច សំដៅទៅលើលោកប្រធានមន្ទីរពេទ្យ ដែលមើលទៅទំនងនាងឈឺចាប់ខ្លាំងពេកទៅនឹងខ្លឹមសារភូតកុហក និងការលើកឡើងពីការខិតខំជួយសង្គ្រោះម្ដាយនាង ដែលសរសេរនៅក្នុងលិខិត «ចូលរួមមរណៈទុក្ឋ» របស់មន្ទីរពេទ្យ រហូតនាងប្រើពាក្យប៉ុន្មានឃ្លាថា « ខ្ញុំខ្ពើមពាក្យខិតខំហ្នឹងណាស់។ អេកូបើខ្ញុំមិនសុំ តើអស់លោកមានគំនិតនឹកឃើញអេកូឲ្យម្ដាយខ្ញុំទេ ? មិនតែប៉ុណ្ណោះ សូម្បីខ្ញុំលើកម្ដាយខ្ញុំដាក់លើគ្រែ រុញទៅបន្ទប់អេកូ ក៏គ្មានគ្រូពេទ្យជួយ ឬ អមជាមួយដែរ។ ខ្ញុំធ្វើម្នាក់ឯង។ សូម្បីតែប្អូនខ្ញុំ កើតមកមានទម្ងន់ប៉ុន្មានក៏អស់លោកកុហកដែរ។
ប្អូនខ្ញុំកើតភ្លាម មានទម្ងន់២,២គីឡូ អស់លោកដាក់២,៩គីឡូ»។ ជាចុងក្រោយ នាងថុង គីមហេង បានតបទៅលោកប្រធានមន្ទីរពេទ្យថា «លិខិតដែលលោកប្រធានមន្ទីរពេទ្យចេញមកនេះ ខ្ញុំមិន
ទទួលជាដាច់ខាត។ ខ្ញុំមិនត្រូវការ ការបកស្រាយពីជំងឺម្ដាយខ្ញុំទេ។ ហើយខ្ញុំក៏មិនទទូលយកដំណោះស្រាយអីទៀតដែរ។ មើលងាយជីវិតម្ដាយម្ល៉េះ មន្ទីរពេទ្យខេត្តបាត់ដំបង ? នេះមិនមែនជាលើកទី១ទេ ដែលមន្ទីរពេទ្យខេត្តបាត់ដំបង រងការរិះគន់ពីមហាជន ពាក់ព័ន្ធនឹងភាពអសកម្មរបស់គ្រួពេទ្យមួយចំនួន ដែលគ្មានសិលធម៌ គ្មានវិជ្ជាជីវៈ ព្រងើយកន្តើយជាមួយអ្នកជំងឺ។
ប៉ុន្តែគ្រួពេទ្យ ឬប្រធានមន្ទីរពេទ្យរដ្ឋប្រចាំខេត្តមួយនេះ ហាក់គ្មានការកែទម្រង់ កែចរិតក្រអើតក្រទម ដើម្បីផ្ដល់សេវាដល់ប្រជាពលរដ្ឋដែលទៅពឹងពាក់ឡើយ។ ម្យ៉ាងវិញទៀត នេះក៏ជាលើកទី១ ដែរ ដែលគេឃើញប្រធានមន្ទីរពេទ្យរដ្ឋមួយនេះ នាំថវិការដ៏ច្រើនសន្ធឹកសន្ធាប់ (៤លានរៀល និង ១០០ដុល្លារ) ទៅចូលបុណ្យអ្នកជំងឺដែលស្លាប់ក្នុងមន្ទីរពេទ្យ ដែលគេសង្ស័យថា «ចូលមុណ្យដើម្បីរំងាប់ ឬ លួងចិត្តគ្រួសារជនរងគ្រោះ»។
ប៉ុន្តែយ៉ាងណា បើតាមក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ប្រាប់កោះសន្តិភាពជាចុងក្រោយថា
«ខ្ញុំមិនចង់បានប្រាក់សំណង ឬ ប្រាក់ចូលបុណ្យដើម្បីលួងចិត្តអ្វីទេ តែខ្ញុំចង់ឲ្យលោកប្រធានមន្ទីរពេទ្យចេញមុខសុំទោសវិញ្ញាណខ័ន្ធម្ដាយខ្ញុំ គ្រួសារខ្ញុំជាសាធារណៈ គឺចប់បញ្ហាហើយ។ បើមិនដូច្នេះទេ ខ្ញុំនឹងបន្តតាមនីតិវីធី តាមអ្វីដែលគ្រួសារខ្ញុំអាចធ្វើបាន»៕
ចែករំលែកព័តមាននេះ