បន្ទាយមានជ័យ ៖ សង្ក្រាន្តនៅសួនតេជោ ឈ្នះឈ្នះក្រុងសិរីសោភ័ណមានភ្ញៀវជាតិអន្តរជាតិមកកម្សាន្ត១ថ្ងៃរាប់ម៉ឺននាក់ រហូតថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នៅក្រុងសិរីសោភ័ណ ។
ជាក់ស្តែងឃើញភ្ញៀវជាតិដែលមកលេងកម្សាន្តនៅសួនតេជោ ឈ្នះឈ្នះក្រុងសិរីសោភ័ណ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យដែលដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំល្បែងល្បាំប្រជាប្រិយមានដូចជាបោះឈូង ទាញព្រ័ត្រ បោះអង្គុញ លាក់កន្សែង ស្វាដណ្តើមស្លឹកឈើ និងរាំកម្សាន្តមានបាញ់ពពុសសាប៊ូ និងបាញ់ទឹក អោយត្រជាក់ហើយមានទទួលនំបញ្ចក់សម្រាប់ភ្ញៀវមកកម្សាន្តហូបហ្វ្រី ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ របាយការណ៍ដែលទទួលបាន២ថ្ងៃមានថ្ងៃទី០១ និងថ្ងៃទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយខ្មែរមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តមានចំនួន៣១៦.៩១៩នាក់ ក្នុងនោះមានភ្ញៀវជាតិ ៣១៦.១៥៤នាក់ ភ្ញៀវអន្តរជាតិ១.១៥១នាក់ ។
លោកបានបញ្ជាក់ថា ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ត្រូវនិងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវលេងកម្សាន្តចំនួន១២៦.៤៨១នាក់ ភ្ញៀវជាតិ១២៥.៧១៦នាក់ ភ្ញៀវបរទេសចំនួន៧៦៥នាក់ និងថ្ងៃទី០២ ត្រូវថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវមកកម្សាន្តចំនួន១៩០.៤៣៨នាក់ ភ្ញៀវជាតិ១៩០.០៥២នាក់ ភ្ញៀវអន្តរជាតិ៣៨៦នាក់ ។
លោក ឈឿន សេរីវុធ បានបញ្ជាក់ថា ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយខ្មែរឆ្នាំ២០២៤នេះ ភ្ញៀវមកលេងកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ ដល់១៥ ខែមេសា ឆ្នាំ២០២៤នេះ មានប្រមាណជាង៥០ម៉ឺននាក់ ដែលភ្ញៀវមកលេងកម្សាន្តច្រើន មាននៅសួនតេជោឈ្នះឈ្នះក្រុងសិរីសោភ័ណ និងបរិវេណកាស៊ីណូក្រុងប៉ោយប៉ែត និងតាមវត្តអារាម តំបន់រមណីយដ្ឋានមាន ប្រាសាទបន្ទាយឆ្មា ប្រាសាទបន្ទាយទ័ព ប្រាសាទមេបុណ្យ អាងជើងគ្រុសស្រុកថ្មពួក និងអាងតំត្រពាំងថ្មស្រុក ៕
ចែករំលែកព័តមាននេះ