ទីក្រុងសេអ៊ូល៖ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅកូរ៉េខាងត្បូងនៅក្នុងអាណត្តិថ្មីដែលបញ្ចប់ទៅកាលពីល្ងាចថ្ងៃពុធនោះ គេឃើញថាគណបក្សកាន់អំណាចប្រហែលជាមិនអាចមានប្រៀបជាងក្រុមប្រឆាំងទេ។ ក្រុមគណបក្សប្រឆាំងអាចនឹងដណ្ដើមបានអាសនៈភាគច្រើន ហើយអាចធ្វើឱ្យរដ្ឋាភិបាលរបស់លោកយូនសុខយូលភ័យបុកពោះមិនស្ទើរទេព្រោះរាល់សេចក្ដីព្រាងច្បាប់ផ្សេងៗដែលស្នើឡើងដោយរដ្ឋាភិបាលអាចនឹងត្រូវគណបក្សប្រឆាំងបោះឆ្នោតជំទាស់។
យោងតាមលទ្ធផលស្ទង់មតិដែលធ្វើរួមគ្នាដោយទូរទស្សន៍ខេប៊ីអែស (KBS), អឹមប៊ីស៊ី (MBC) និងអែសប៊ីអែស (SBS), គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង និងបក្សសម្ព័ន្ធភាពដទៃទៀតអាចរកបានចាប់ពី១៧៨-១៩៧អាសនៈនៅក្នុងចំណោមអាសនៈសរុបចំនួន៣០០។ ចំណែកគណបក្សអំណាចប្រជាជនរបស់លោកយូនសុខយូលអាចទទួលបានចាប់ពី៨៥-១០៥អាសនៈ។
លទ្ធផលស្ទង់មតិមួយទៀតធ្វើឡើងដោយទូរទស្សន៍ខ្សែកាបជេធីប៊ីស៊ី (JTBC) បង្ហាញថាគណបក្សប្រឆាំងអាចនឹងទទួលបានចាប់ពី១៦៨-១៩៣អាសនៈ។ រីឯគណបក្សអំណាចប្រជាជនដែលកំពុងអំណាចសព្វថ្ងៃអាចទទួលបានចាប់ពី៨៧-១១១អាសនៈ។ សំឡេងឆ្នោតខុសគ្នាដាច់ឆ្ងាយនេះជាការកាត់សេចក្ដីនៅទឹកផ្ដាច់ព្រ័ត្រសម្រាប់លោកយូនសុខយូល។ ក្រុមអ្នករិះគន់ (critics)យល់ថាលោកយូនសុខយូលធ្លាក់ប្រជាប្រិយភាពនៅដំណាក់កាលចុងក្រោយដោយសារថ្លៃចំណាយលើជីវភាពប្រចាំថ្ងៃកាន់តែខ្ពស់។
សម្រាប់ពេលនេះ គ.ជ.បមិនទាន់ប្រកាសលទ្ធផលបឋមក្រៅផ្លូវការនៅឡើយទេ។ ប្រហែលជារង់ចាំរហូតដល់ព្រឹកស្អែក។ ប៉ុន្តែគណបក្សនយោបាយមានអ្នកសង្កេតរបស់ខ្លួននៅតាមមណ្ឌលបោះឆ្នោត។ ដូច្នេះ គេអាចបូកសរុបលទ្ធផលដឹងនៅក្នុងផ្ទៃក្នុងរបស់គេជាបណ្ដើរៗចាប់ពីពេលនេះតទៅ។ ម៉្យាងទៀត ការស្ទង់មតិបែបនេះគឺធ្វើឡើងដោយក្រុមអ្នកជំនាញខាងប្រជាសាស្ត្រ និងវិភាគទិន្នន័យ។ ដូច្នេះបើលទ្ធផលស្ទង់មតិចេញបែបណា លទ្ធផលឆ្នោតជាក់ស្ដែងក៏មិនខុសគ្នាប៉ុន្មានដែរ។
កាលពីព្រឹកមិញ គេឃើញថាប្រជាជនដែលគ្រប់អាយុទៅបោះឆ្នោតជាង២៩លាននាក់ ឬ៦៧%នៃអ្នកបោះឆ្នោតសរុបបានធ្វើដំណើរទៅបោះឆ្នោត។ នៅក្នុងចំណោមនោះ ១៤%បានបោះឆ្នោតមុនកាលកំណត់។ លទ្ធផលឆ្នោតជាក់ស្ដែងបង្ហាញថាក្រុមប្រឆាំង (ដែលមានគណបក្សប្រជាធិបតេយ្យជាអ្នកដឹកនាំ និងដែលមានអ្នកតំណាងរាស្ត្រភាគច្រើននៅក្នុងអាណត្តិបច្ចុប្បន្ន) អាចនឹងដណ្ដើមបានអាសនៈភាគច្រើននៅក្នុងរដ្ឋសភានៅអាណត្តិថ្មីទៀត។ គ្រាន់តែថាមិនបាន២០០អាសនៈ។
បើក្រុមប្រឆាំងបានប៉ុណ្ណឹងអាសនៈមែន (២០០អាសនៈ) ពួកគេប្រៀបបានស្ដេចក្រាញ់នៅក្នុងរដ្ឋសភា។ ពួកគេអាចធ្វើព្យុះធ្វើភ្លៀង និងក្រឡុកកញ្ឆារដ្ឋាភិបាលមិនឱ្យធ្វើអ្វីកើត។ ឧទាហរណ៍ ពួកគេអាចបោះឆ្នោតជំទាស់នឹងសេចក្ដីសម្រេចរបស់រដ្ឋាភិបាល, ពួកគេអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ, ឬមិនអីចឹងទេ ពួកគេអាចឈានទៅដល់ការបោះឆ្នោតដកតំណែងប្រធានាធិបតីតែម្ដង៕
ប្រភព៖ Reuters និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ