រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នធ្វើអ្វី គឺផ្អែកវិទ្យាសាស្ដ្រទាំងអស់មិនអាចយកគ្រូទាយមកទាយឡើយ ត្រូវមានផែនការយូរអង្វែង ព្រមទាំងតាមដានអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងការប្រែប្រួលលើពិភពលោកជាដើម ។
ថ្លែងនាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា ៖ ក្រសួងផែនការបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការរៀបចំលក្ខខណ្ឌគោលនយោបាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាច្រើន ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖«ខ្ញុំយល់ស្របតាមឯកឧត្តមរដ្ឋមន្ដ្រីក្រសួងផែនការអំពីសារៈសំខាន់អំពីភាពចាំបាច់មិនអាចខ្វះបាន នូវការងារផែនការស្ថិតិ និងប្រជាជន និងការអភិវឌ្ឍខ្ញុំសូមផ្ដល់ទស្សនៈផ្ទាល់ខ្លួនដោយធ្វើការប្រៀបធៀបការងារផែនការស្ថិតិដែលមិនអាចខ្វះបាន ហើយត្រូវការគ្នាទៅវិញទៅមក ។
ទិន្នន័យត្រឹមត្រូវ ធ្វើឱ្យយើងដាក់ចេញផែនការត្រឹមត្រូវ ទិន្នន័យគ្រប់ជ្រុងជ្រោយ ធ្វើឱ្យយើងដាក់ចេញផែនការដែលធានានូវនិរន្ដរ៌ភាព ប្រសិទ្ធភាពនៃការអភិវឌ្ឍ ។ បច្ចុប្បន្ន យើងធ្វើអ្វីផ្អែកវិទ្យាសាស្ដ្រទាំងអស់ យើងអត់អាចយកគ្រូទាយមកទាយថា ត្រូវឆ្នាំក្រោយ ធ្វើអីត្រូវនោះទេ យើងត្រូវមានផែនការយូរអង្វែង និងតាមដានអភិវឌ្ឍវិស័យ សេដ្ឋកិច្ច និងការប្រែប្រួលលើពិភពលោក វិស័យនយោបាយ និងសន្ដិសុខជាតិ»។
ជាមួយគ្នានោះដែរសម្ដេចធិបតីបន្ដថា ការរៀបចំផែនការមិនមែនចេះតែនឹកឃើញចង់ធ្វើនោះទេ ពោល គឺត្រូវមានផែនការវែងឆ្ងាយ ក្នុងការដាក់ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិដូចជា យុទ្ធសាស្ត្របញ្ចកោណយ៉ាងដូច្នេះដែរ គឺមិនមែនគិតមួយឆ្នាំ ធ្វើមួយឆ្នាំនោះទេ គឺមានផែនការរយៈពេល ២៥ឆ្នាំទៅមុខ ។
សម្ដេចធិបតី បានលើកឡើងទៀតថា «បើយើងរៀបចំផែនការតាមអារម្មណ៍ តាមការនឹកឃើញ មួយឆ្នាំម្ដងពីរឆ្នាំម្ដង ដែលគ្មានទិសដៅ រយៈពេលវែងទេ យើងនឹងវល់ហើយ ធនធានមនុស្សយើងក៏មិនធានាបានដូចគ្នា ដូច្នេះផែនការនេះ គឺសំខាន់ហើយសំខាន់ទៅលើការរៀបចំ ប្រមូលវិភាគទិន្នន័យ បានច្បាស់លាស់ ។ ចំណែការងារប្រជាជន និងការអភិវឌ្ឍប្រៀបដូចទៅនឹងដងខ្លួនមនុស្សទាំងមូល ក្នុងន័យនេះការរៀបចំផែនការមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយ គឺឆ្លើយតបទៅនឹងតម្រូវការសង្គម»៕
ចែករំលែកព័តមាននេះ