ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

8 ខែ មុន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៤…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០២៤ បាន​ចុះ​ពិនិត្យ​មើល​ការ​រៀបចំ​កែ​លម្អ សោភ័ណ​ភាព និង​អនាម័យ​បរិស្ថាន នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ អូរ​តា​វ៉ៅ ៩​ជាន់ ស្ថិត​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុខ ។

លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍ លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី គឺ​បាន​បន្ត​ខិតខំ​ប្រឹងប្រែង ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រូប​វ័ន​នានា ដូច​ជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ​បច្ចុប្បន្ន រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ក្នុង​ខេត្ត ជា​ពិសេស​អភិវឌ្ឍ​តំបន់រ​ម្មណី​យ​ដ្ឋា​ន ទេសចរណ៍​នានា ឱ្យ​បាន​កាន់តែ​ល្អ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន ឱ្យ​កាន់តែ​ច្រើន​ឡើង ដែល​ជា​កត្តា​មួយ ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។

លោក​ជំទាវ​អភិបាលខេត្ត បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​សក្តានុពល នៃ​វិស័យ​ទេសចរណ៍ធម្មជាតិ និង​ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​រមណី​ដ្ឋា​ន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ អោយ​កាន់តែ​ល្អ​ប្រ​ឡើង​ឡើង លោក​ជំទាវ បាន​ណែនាំ​អោយ​យុវជន ស​.​ស​.​យ​.​ក​ខេត្ត សហការ​ជាមួយ​មន្ត្រី​ជំនាញ បន្ត​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និង​កែ​លម្អ​ហេ​ដ្ឋា រចនា​ស​ម័​ន្ធ ប្រកបដោយ​សុវត្ថិភាព សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍ ចូល​មក​កម្សាន្ត​នៅ​លើ​ទឹកដី ដ៏​តូច​ច្រឡឹង នៃ​ខេត្ត​ត្បូង​ពេជ្រ​មួយ​នេះ ជា​ពិសេស​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុខ​។

ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ បាន ស្រី​មុំ ក៍បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ទាំងអស់ ដែល​មក​កម្សាន្ត​តាមរ​ម្មណី​យ​ដ្ឋា​ន​នានា ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​រួម​គ្នា​សំអាត​អនាម័យ​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​កាក​សំណល់​សំរាម​ឲ្យ​បាន​ល្អ និង​នាំ​យក​ទៅ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ជៀសវាង​ការ​បោះចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព និង​អនាម័យ​សាធារណៈ ។

សូម​បញ្ជាក់​ថា ៖ រ​ម្មណី​យ​ដ្ឋា​ន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ជា​រមណីយដ្ឋាន​ធម្មជាតិ​ល្បី​ជាងគេ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​ទឹកធ្លាក់​រហូត​ដល់​៩​ជាន់ និង​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ​៥៧ ប្រមាណ​ជាង​៧​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត បាន​ស្ថាបនា​រួចរាល់​នូវ​ផ្លូវ​បេតុង​អា​មេ ប្រវែង​ជាង​៣​គីឡូម៉ែត្រ ឡើង​ទៅ​កាន់រ​ម្មណី​យ​ដ្ឋា​ន​ទឹកធ្លាក់​អូរ​តា​វ៉ៅ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ