ឯកឧត្តម កែវ រតនៈ អះអាងថា តម្លៃអគ្គិសនីនៅកម្ពុជា មិនថ្លៃទេ បើធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន
រាជធានីភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃអគ្គិសនីនៅកម្ពុជា គឺមិនថ្លៃនោះទេ…
រាជធានីភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃអគ្គិសនីនៅកម្ពុជា គឺមិនថ្លៃនោះទេ…
រាជធានីភ្នំពេញ ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃអគ្គិសនីនៅកម្ពុជា គឺមិនថ្លៃនោះទេ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន ដូចជា សិង្ហបុរី និងហ្វីលីពីន គឺមានតម្លៃថ្លៃជាងប្រទេសកម្ពុជា ។
ឯកឧត្តម កែវ រតនៈ បានអះអាងនៅព្រឹកថ្ងៃទី ២ខែមេសា ឆ្នាំ ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាលើប្រធានបទ ៖ «ការតភ្ជាប់បណ្តាញថាមពលអាស៊ាន និងថាមពលកកើតទ្បើងវិញ និងនិរន្តរភាពអាស៊ាន» នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមប្រមាណជាង ៤០០នាក់ ។
សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ ២០២៤ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាគណៈអធិបតី និងថ្លែងសន្ទរថា បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់កម្ពុជា ឯកអគ្គរដ្ឋទូត តំណាង ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជា និងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីសម័យកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មកដល់ពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា មិនបានដំឡើងថ្លៃអគ្គិសនីនោះទេ បើទោះ បីជាសកលលោកបានដំឡើងថ្លៃភ្លើងក៏ដោយ ដូច្នេះរដ្ឋាភិបាល តែងតែគិតគូរមនុស្សជាមុនតាមរយៈមិនឲ្យអគ្គិសនី និងប្រេងសាំងឡើងថ្លៃឡើយ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន និងបន្តមកទល់ពេលនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ។
ទោះជាយ៉ាងណា ឯកឧត្តម កែវ រតនៈ បានលើកឡើងថា រាជរដ្ឋាភិបាល ក៏កំពុងបង្កើនការផ្គត់ផ្គង់ថាមពលក្នុងស្រុក ពីប្រភពថាមពលកកើតឡើងវិញ ដូចជា ថាមពលដើរដោយពន្លឺព្រះអាទិត្យ ថាមពលដើរដោយខ្យល់ ជីវម៉ាស់ និងការទិញថាមពលស្អាតពីប្រទេសឡាវ ដើម្បីធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់កាន់តែមានគុណភាព ស្ថិរភាព និងមានតម្លៃកាន់តែទាប ។
ជាមួយគ្នានេះ ឯកឧត្តម កែវ រតនៈ បន្តថា កម្ពុជា បានដាក់គោលដៅបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនីកកើតឡើងវិញឲ្យកើនដល់ ៧០ភាគរយ នៃការផ្គត់ផ្គង់ថាមពលសរុបទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៣០ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ការឡើងកម្តៅផែនដី និងជំរុញកំណើនសេដ្ឋកិច្ច របស់កម្ពុជាប្រកបដោយចីរភាព ៕
ចែករំលែកព័តមាននេះ