ជាទូទៅទំនៀមពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺប្រព្រឹត្តទៅចំនួន៣ថ្ងៃ ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវនបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយ ទេព្តាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសង្ក្រាន្ត ។
យ៉ាងណាមិញ បើយោងតាមប្រតិទិនឈប់សម្រាកចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាន៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ៍ ។ ដូច្នេះ មានន័យថា ឆ្នាំ២០២៤នេះ គឺពិធីចូលឆ្នាំខ្មែរ គឺមានរយៈពេល ៤ ថ្ងៃ ។ តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ?
យោងតាមព័ត៌មានពីគេហទំព័ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន ចន្ទគតិ (lunar calendar) (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី ១២ ។ សម័យក្រោយមក ប្រទេសខ្មែរប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ (solar calendar) (វិធីដើរនៃព្រះអាទិត្យ) ។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែចេត្រ (ខែទី៥) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពីមីនរាសី ចូលកាន់មេសរាសី ។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។
មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមសុរិយគតិ មានឈ្មោះថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្តត) ។ មហាសង្ក្រាន្តត ដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែលព្រះអាទិត្យ ដើរបញ្ឈៀង មិនត្រង់ពីលើ) ។ គេនៅប្រើចន្ទគតិ ដោយយោងទៅសុរិយគតិ ព្រោះចន្ទគតិ មានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិ មិនទៀងទាត់ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោច ។ ប៉ុន្តែ នៅក្នុងរវាង ១ខែ គឺមិនមុនថ្ងៃ៤កើត ខែចេត្រ និងមិនហួសថ្ងៃ ៤ កើត ខែពិសាខទេ ។ ដូចនេះ សង្ក្រាន្តតខ្លះធ្លាក់ទៅក្នុងខែពិសាខ ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ ៖ ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ, សំអាតផ្ទះសម្បែង, រែកទឹកដាក់ពាង, រកអុសទុក, និងកាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាថ្មីមាន ៖ បាយសី១គូ, ស្លាធម៌១គូ, ធូប៥, ទៀន៥, ទឹកអប់១គូ, ផ្កាភ្ញី, លាជ, ទឹក ១ផ្តិល និងភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។
ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនីខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សម្រាប់ទទួលទេព្តាថ្មី ។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀនធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងើយដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ ។ ឧទាហរណ៍ ៖ បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ ថ្វាយ ។ រីឯពិធី ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ ៖ ថ្ងៃទី ១ ៖ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា ។
ថ្ងៃទី ២ ៖ កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទានដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លា.ប់ទៅ ។
ថ្ងៃទី ៣ ៖ ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ ។ អ្នកខ្លះនិយមនាំគ្នាដើរកម្សាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម ៕
ចែករំលែកព័តមាននេះ