ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​រដ្ឋ ​៖ ពលរដ្ឋ​ក្រីក្រ​ទៅ​ទទួល​សេវា​ព្យាបាល​យ៉ាងច្រើន​កកកុញ

8 ខែ មុន

លោក​សាធ មន្ត្រីរាជការ​ចូល​និវត្តន៍ ដែល​មាន​បណ្ណ (​បស​ស​)​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​មិន​អស់ប្រាក់ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ឬ​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ​របស់ (​បស​ស​) ។ លោក​បាន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ក្រៅ​នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ…

លោក​សាធ មន្ត្រីរាជការ​ចូល​និវត្តន៍ ដែល​មាន​បណ្ណ (​បស​ស​)​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​ដោយ​មិន​អស់ប្រាក់ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ឬ​មន្ទីរពេទ្យ​ដែល​ជា​ដៃគូ​របស់ (​បស​ស​) ។ លោក​បាន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ក្រៅ​នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ កាលពី​ចុង​ស​ប្តា​ហ៍​នេះ ។ លោក​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ប្រហែល​ម៉ោង​៨​ព្រឹក ប៉ុន្តែ​នៅ​ម៉ោង​៣​រសៀល​ទើបបាន​បើក​ថ្នាំ​មក​ព្យាបាល​ជំងឺ​របស់​លោក ។

ពលរដ្ឋ​បាន​ទៅ​ព្យាបាល​ជំងឺ​មាន​ចំនួន​ច្រើន ។ ទោះ​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ បាន​ប្រឹងប្រែង​ផ្តល់​សេវា​បាន​យ៉ាង​សមរម្យ​ដល់​អ្នកជំងឺ តែ​ដោយសារ​ចំនួន​អ្នកជំងឺ​ច្រើន​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ចំណាយពេល​ច្រើន​នៅ​ក្នុង​ការ​ទទួល​បាន​សេវា​ព្យ​បាល ហើយ​នៅ​មន្ទីរ​បាន​កកកុញ​ដោយ​មនុស្ស ដែល​គេ​គួរ​មាន​រៀបចំ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ ពិសេស​ការ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​ៗ​ដល់​ពលរដ្ឋ ដែល​មិនសូវ​យល់​ពី​របៀបរបប​នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​សេវាកម្ម​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។

នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ លោក​សាធ បាន​ទៅ​សួរនាំ​ព័ត៌មាន​ពី​ក្រុម​គ្រូពេទ្យ​នៅ​កន្លែង​ផ្តល់​ព័ត៌មាន ។ គ្រូពេទ្យ​បាន​សួរ​គាត់​ថា មាន​បណ្ណ (​បស​ស​)​ឬ​អត់? បើ​មាន​គេ​បាន​ណែនាំ គាត់​ទៅ​ចុះ​ឈ្មោះ​អ្នកជំងឺ​ដែល​ប្រើ​បណ្ណ (​បស​ស​) បើ​មិន​មាន​ទៅ​កន្លែង​ផ្សេង ។ នៅ​កន្លែង​អ្នក​ប្រើ​បណ្ណ​(​បស​ស​)​ក្រោយ​ពី​ចុះ​ឈ្មោះ​ហើយ លោក​សាធ ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឱ្យទៅ​កន្លែង​ពិនិត្យ​ជំងឺ​ក្រៅ​នៅ​អគារ​មួយ​ផ្សេង​ទៀត ។ គ្រូពេទ្យ​បាន​ថតចម្លង​បណ្ណ​(​សប​ប​) របស់​លោក ភ្ជាប់​ជាមួយ​ឈ្មោះ ភេទ ទីលំនៅ និង​អាកា​រៈ​ជំងឺ​របស់​លោក​ភ្ជាប់​ជាមួយ ។ នៅ​កន្លែង​ពិនិត្យ​ជំងឺ​ក្រៅ លោក​សាធ ត្រូវ​ចុះ​ឈ្មោះ​ជា​មុន ។ បន្ទាប់​មក​លោក ត្រូវ​បាន​ណែនាំ​ឱ្យទៅ​ពិនិត្យ នៅ​បន្ទប់​លេខ​៤ ដោយ​ត្រូវ​អង្គុយ​ចាំ​ស្តាប់​គ្រូពេទ្យ​ហៅ​ឈ្មោះ ។

អ្វី​គួរ​ឱ្យ​កំណត់សម្គាល់ នៅ​ព្រឹក​នោះ មាន​ពលរដ្ឋ​ច្រើន​រយ​នាក់​បាន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ ។ អ្នកគ្រូ​ពេទ្យ​បាន​និយាយ​ថា នៅ​រៀងរាល់ថ្ងៃ​មាន​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ ។ ពលរដ្ឋ ដែល​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​ទីនោះ ជា​អ្នក​ប្រើប្រាស់​បណ្ណ (​បស​ស​) និង​បណ្ណ​សមធម៌​ដែល​ជា​ប្រភេទ​ពលរដ្ឋ​ក្រីក្រ ទទួល​បានការ​ព្យាបាល​ដោយ​មិន​ឥត​ថ្លៃ ។ ពលរដ្ឋ​ភាព​ច្រើន​មាន​ជីវភាព​ក្រីក្រ និង​បាន​អញ្ជើញ​មក​ពី​ខេត្ត​នានា​របស់​កម្ពុជា​។ ពលរដ្ឋ​មិនដឹង​ពី​របៀបរបប​ត្រូវ​អង្គុយ​ចាំ​ឈ្មោះ ។ ម្នាក់​ៗ​បាន​អន្ទះសារ​ចង់​ចូល​ពិនិត្យ​ជំងឺ ។ ដោយសារ​កន្លែង​តូច​ចង្អៀត ពលរដ្ឋ​ត្រូវ​ឈរ​តាម​ច្រក​ផ្លូវ​ដើរ​មុខ​បន្ទប់​គ្រូពេទ្យ ។

អ្នកជំងឺ​ដែល​មិន​អាច​ដើរ​បាន​ធ្វើ​ដំណើរ​ដោយ​រទេះរុញ ត្រូវ​ផ្តល់​អាទិភាព​ឱ្យ​ចូល​មុន ។ ក្រុម​អ្នកគ្រូ​ពេទ្យ ដែល​ភាគច្រើន​ជា​គ្រូពេទ្យ​វ័យក្មេង​ជា​យុវជន​ជំនាន់​ក្រោយ​បាន​ធ្វើការ​យ៉ាង​ហ្មត់ចត់ ជូន​ពលរដ្ឋ ។ ក្រុម​គ្រូពេទ្យ​បាន​ចេញ​មក​ហៅ​ឈ្មោះ​អ្នកជំងឺ​ម្តង​១០​នាក់ ម្តង​៥​នាក់ ចូល​បន្ទប់​ពិគ្រោះ និង​ពិនិត្យ​ជំងឺ​តាម​ប្រភេទ​ជំងឺ​នីមួយ​ៗ ។ ពួក​គាត់​និយាយ​ក្នុង​សម្តី​ទន់ភ្លន់ ។ ពួក​គាត់​ហៅ​ឈ្មោះ​អ្នកជំងឺ​លោកពូ លោក អ៊ំ និង​បង​ៗ ។

ដោយសារ​អ្នកជំងឺ​ច្រើន​ពលរដ្ឋ​ត្រូវ​រង់ចាំ​ពេញ​មួយ​ព្រឹក ឬ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ទើបបាន​ចូល​ពិនិត្យ​ជំងឺ ឬ​ទទួល​បាន​ថ្នាំ​មក​ព្យាបាល ។ ទៅ​ដល់​មន្ទីរពេទ្យ​ម៉ោង​៨​ព្រឹក លោក​សាធ បាន​ចូល​ពិនិត្យ​ជំងឺ​នៅ​ម៉ោង​១១​ហើយ លោក​រង់ចាំ​បើក​ថ្នាំ​រហូត​ដល់​ម៉ោង​ជិត​៣ ទើប​ទទួល​បាន​ថ្នាំ​មក​ព្យាបាល​ជំងឺ​ដោយ​មិន​អស់ប្រាក់​នៅ​ក្នុង​រយៈពេល​២០​ថ្ងៃ ។ «​ខ្ញុំ​ទទួល​ការ​ព្យាបាល​ដោយ​មិន​គិតថ្លៃ ។ ខ្ញុំ​ជា​មន្ត្រីរាជការ​ចូល​និវត្តន៍ ដែល​គ្មាន​ប្រាក់​នោះ​ទេ ដូច្នេះ​ការ​ព្យាបាល ដោយ​មិន​អស់ប្រាក់​ពិតជា​មាន​សារៈសំខាន់​ណាស់ ។ ពលរដ្ឋ​មាន​បណ្ណ (​បស​ស​) គួរ​មក​ព្យាបាល​ជំងឺ​នៅ​ពេទ្យ​រដ្ឋ តែ​យើង​ត្រូវ​ចំណាយពេល និង​ស៊ូទ្រាំ​ចាំ​បន្តិច​»​លោក សាធ អាយុ​៧២​ឆ្នាំ​និយាយ ។ ពលរដ្ឋ​ខាងលើ​សំណូម​ឱ្យ​មន្ទីរពេទ្យ​រៀបចំ​កន្លែង​ផ្តល់​ព័ត៌មាន និង​កន្លែង​អង្គុយ​រង់ចាំ​ឱ្យ​បាន​សមរម្យ សម្រាប់​អ្នកជំងឺ ។ ការ​ឈរ​រង់ចាំ​តាម​ច្រក​ដើរ​មុខ​បន្ទប់​ពេទ្យ​ហាក់​មិន​សមរម្យ​នោះ​ទេ ។

បច្ចុប្បន្ន​នេះ តាម​រយៈ​របប​សន្តិសុខ​សង្គម និង​មូលនិធិ​សមធម៌​សុខាភិបាល​គ្របដណ្តប់​លើ​ប្រជាពលរដ្ឋ​ចំនួន ៦,៨​លាន​នាក់ ក្នុង​នោះ​មាន​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ទាំង​របប​កាតព្វកិច្ច និង​របប​ស្ម័គ្រចិត្ត​មាន​ចំនួន​២​លាន​១​សែន​នាក់​, មូលនិធិ​សមធម៌​សម្រាប់​ប្រជាជន​នៃ​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​៤៩​ម៉ឺន​គ្រួសារ ស្មើនឹង ១​លាន ៨​សែន​នាក់​, មូលនិធិ​សមធម៌​ប្រជាជន​សម្រាប់​ប្រជាពលរដ្ឋ គ្រួសារ​ក្រីក្រ (​ក្រ​១ និង​ក្រ​២) មាន​ចំនួន​៧០​ម៉ឺន​គ្រួសារ ដែល​មាន​ប្រជាជន​ចំនួន​២​លាន​៨​សែន​នាក់ និង​បាន​ពង្រីក​នូវ​ការ​គ្របដណ្តប់​របប​សន្តិសុខ​សង្គម​ជូន​ដល់​ក្រុម​ប្រជាជន​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង ១០​ម៉ឺន​នាក់​ផង​ដែរ ៕ ដោយ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ