ទីក្រុងបាងកក៖ ប្រទេសថៃសម្រេចប្រើប្រាស់បច្ចេកវិទ្យាស្កេនមួយប្រភេទដែលអាចកំណត់ដឹងថាតើផ្លែទុរេនដែលអតិថិជនចាប់កាន់បម្រុងនឹងទិញ ឬទិញរួចហើយនោះជាទុរេនថៃ? ឬជាទុរេនប្រទេសផ្សេងយកមកលក់បន្លំ? នៅថ្ងៃពុធនេះមានកិច្ចជំនួបពិសេសនៅទីក្រុងហុងកុងរវាងអ្នកតំណាងប្រទេសថៃ និងអ្នកតំណាងក្រុមហ៊ុនបច្ចេកវិទ្យាថេនសឹន (Tencent) របស់ប្រទេសចិនដែលផ្ដោតសំខាន់ទៅលើកិច្ចសហការខាងវិស័យបច្ចេកវិទ្យាដើម្បីធ្វើកោសល្យវិច័យទៅលើផ្លែទុរេនរបស់ថៃ។
ក្រៅពីជួបមន្ត្រីជាន់ខ្ពស់របស់ថេនសឹន លោកស្រីណារូម៉ុន ភីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) ក៏បានជួបមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុនសៀងហៃរបស់ចិនដែលជាក្រុមហ៊ុននាំចូលផ្លែទុរេនដ៏ធំមួយផងដែរ។ លោកស្រីថ្លែងថាក្រុមហ៊ុននៅសៀងហៃនេះបានចុះកិច្ចសន្យាទិញទុរេនថៃចំនួនបីពាន់កុងតេណឺដែលគិតជាទឹកប្រាក់ដប់ពាន់លានបាត ឬស្មើនឹងជាង២៧៤លានដុល្លារ។ យោងតាមកិច្ចព្រមព្រៀងនេះ ថៃនឹងដឹកជញ្ជូនទុរេន៤០០កុងតេណឺជុំទី១ទៅប្រទេសចិននាខែមេសាខាងមុខនេះ។
លោកស្រីថ្លែងបន្ថែមថាលើកនេះប្រទេសថៃប្រើប្រាស់យុទ្ធសាស្ត្រពិសេសដោយបង្កប់នៅក្នុងផ្លែទុរេននីមួយៗនូវវត្ថុសម្គាល់។ មើលនឹងភ្នែកធម្មតាមិនឃើញទេ។ លុះត្រាតែស្កេនឃ្យូអ័រកូត (QR code) ទើបដឹងថាផ្លែទុរេននោះនាំចូលពីប្រទេសថៃ។ ក្រុមហ៊ុនថេនសឹនរបស់ប្រទេសចិនជាអ្នករ៉ាប់រងបញ្ចូលបច្ចេកវិទ្យាដ៏ទំនើបនេះដើម្បីបញ្ជាក់ថាផ្លែទុរេនណាជាផលិតផលរបស់ថៃ។ ដូច្នេះ អតិថិជនអស់ក្ដីបារម្ភហើយ។ ពួកគេគ្រាន់តែទាញស្មាតហ្វូនមកស្កេននឹងដឹងភ្លាមថាទុរេនលក់តាមផ្សារជារបស់ថៃមែន ឬមិនមែន។
ក្រុមអ្នកវិទ្យាសាស្ត្របានផលិតទឹកថ្នាំពិសេសមួយប្រភេទដែលអាចមានប្រតិកម្មលុះត្រាតែប៉ះត្រូវនឹងកាំរស្មីដែលគេបានកំណត់។ បច្ចេកវិទ្យានេះជួយឱ្យមនុស្សយើងមើលពីសម្បកខាងក្រៅដោយភ្នែកទទេមិនឃើញឃ្យូអ័រកូតទេ។ លុះត្រាតែប្រើស្មាតហ្វូន ឬកាមេរ៉ាពិសេសដែលប្រើកាំរស្មី។ លោកស្រីណារូម៉ុនយល់ថាបច្ចេកវិទ្យានេះធ្វើឱ្យអតិថិជននៅប្រទេសចិនដែលប៉ងប្រាថ្នាចង់ទិញទុរេនថៃពិតៗយកទៅបរិភោគនឹងទទួលបានផលិតថៃពិតៗ។ ពួកគេនឹងមានទំនុកចិត្តខ្ពស់។ ដូច្នេះ ទៅថ្ងៃមុខ អ្នកណាចង់យកទុរេនផ្សេងមកបន្លំធ្វើជាផលិតផលរបស់ថៃមិនអាចទៅរួចទេ។
លោកស្រីថ្លែងថាក្រសួងពាណិជ្ជកម្មក៏កំពុងសហការជាមួយក្រុមហ៊ុនថេនសឹនដើម្បីបង្កើតបណ្ដាញអនឡាញមួយងាយស្រួលអ្នកលក់រាយនៅប្រទេសថៃអាចលក់ផលិតផលរបស់ខ្លួននៅប្រទេសចិនដោយប្រើប្រាស់ច្រកទ្វារសិប្បនិម្មិត (virtual)។ ធ្វើដូច្នេះនឹងជួយសម្រួលអាជីវករលក់ទំនិញនៅប្រទេសថៃ។ សម្រាប់ពេលនេះ បណ្ដាញអនឡាញស្ថិតនៅក្នុងដំណាក់កាលប្រើប្រាស់សាកល្បង (trial)។ សង្ឃឹមថានឹងដំណើរការជាផ្លូវការនៅក្នុងរយៈពេល៤៥ថ្ងៃខាងមុខនេះ។
ក្រុមហ៊ុនថេនសឹនដែលមានទីស្នាក់ការធំនៅទីក្រុងស៊ឹនចិន (Shenzhen) ប្រទេសចិន បង្កើតឡើងដំបូងកាលពីឆ្នាំ១៩៩៨។ ក្រុមហ៊ុនមានបណ្ដាញផ្ញើសារឈ្មោះវីឈែត (WeChat) ដែលមានលក្ខណៈធំទូលាយ។ បើប្រៀបធៀបជាមួយបណ្ដាញរបស់អាមេរិកសឹងតែនិយាយបានថាទាល់តែហ្វេសប៊ុក (Facebook) រួមជាមួយវាត់ស្អេប (WhatsApp) និងផេផល (PayPal) ទើបស្មើនឹងវីឈែតរបស់ចិន៕
ប្រភព៖ The Nation
https://www.nationthailand.com/thailand/economy/40036751
ចែករំលែកព័តមាននេះ