រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យម្ចាស់រថយន្តម៉ាក តូយូតា ធុនត្រា (Toyota Tundra) ពាក់ស្លាកលេខ ភ្នំពេញ 2BI-5863 ចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឬមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជាបន្ទាន់! ដើម្បីធ្វើការដោះចេញភ្លើងហ្វារកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលម្ចាស់រថយន្តបានបំពាក់ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បង្កប៉ះពាល់ដល់អ្នកធ្វើដំណើរដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ក្នុងករណី ម្ចាស់រថយន្តមិនព្រមចូលខ្លួន សមត្ថកិច្ច នឹងចាត់វិធានការដ៏តឹងរឹង ចំពោះម្ចាស់រថយន្តនេះតាមផ្លូវច្បាប់ ។
សូមរម្លឹកផងដែរថា កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ម្ចាស់រថយន្តហ្វត ពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 បំពាក់អំពូលភ្លើងខុសលក្ខណៈបច្ចេកទេស ប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ បានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ដើម្បីដោះចេញអំពូលភ្លើង ដែលខ្លួនបានកែច្នៃខុសលក្ខណៈបច្ចេកទេស នៅចំពោះមុខសមត្ថកិច្ច និងធ្វើការអប់រំ ។ ក្នុងនោះ ម្ចាស់រថយន្តក៏បានធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើងកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយខុសច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ