រាជធានីភ្នំពេញ ៖ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិបត្តិ នៃជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើងបានវាយតម្លៃ នូវទិដ្ឋភាពចំនួនពីរ នៅក្នុងវិស័យសុខាភិបាលរបស់កម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីលតែល ថា ទិដ្ឋភាព ទី១. គឺនៅក្នុងដំណាក់កាល នៃការរីករាលដាល នៃជំងឺកូវីដ-១៩នេះ វាបានបង្ហាញឱ្យយើងឃើញ នូវសមត្ថភាពជាក់ស្តែងរបស់ក្រុមគ្រូពេទ្យ និងមន្ត្រីបុគ្គលិកសុខាភិបាលរបស់យើង នៅទូទាំងប្រទេស ព្រោះកាលនោះ គឺជាដំណាក់កាល ខ្លួនទីពឹងខ្លួន ប្រទេសនីមួយៗ ត្រូវប្រមូល នូវមធ្យោបាយសរុប ពោលគឺវិស័យសុខាភិបាលនេះតែម្តង ដើម្បីដោះស្រាយ នូវបញ្ហាចំពោះមុខនៅក្នុងប្រទេសរបស់ខ្លួន ដោយមិនងាយមានប្រទេសណាមួយ បញ្ជូនគ្រូពេទ្យទៅជួយប្រទេសផ្សេងបានទេ ។
សម្តេចបានគូសបញ្ជាក់ថា ដំណាក់កាល ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ អាចជួយឱ្យកម្ពុជា គ្រប់គ្រងបញ្ហាកូវីដ-១៩ ដោយប្រសិទ្ធភាពខ្ពស់ ។
សម្តេចបន្តថា ពិតណាស់យើងមានអ្នកឆ្លងជាង៨០.០០០នាក់ និងមានអ្នកស្លា.ប់ជាង៣.០០០នាក់ ប៉ុន្តែប្រសិនបើសមត្ថភាពសុខាភិបាលរបស់យើង មិនមានគ្រប់គ្រាន់នោះទេ យើងគិតថា អ្នកស្លា.ប់មិនត្រឹមតែជាង៣.០០០នាក់នោះទេ ព្រោះសម្តេចជាអ្នកចូលប្រឡូកដោយផ្ទាល់ ជាពិសេស គឺនៅដំណាក់កាលអ្នកជំងឺឈឺធ្ងន់ ពេទ្យរបស់យើង គឺមានសមត្ថភាពក្នុងការជួយសង្គ្រោះបានច្រើន ទោះបីជាមិនអាចជួយសង្គ្រោះបានមួយរយភាគរយក៏ដោយចុះ ប៉ុន្តែសមត្ថភាព និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ប្អូនក្រុមគ្រូពេទ្យ គឺបានបង្ហាញ នូវសមត្ថភាពជាក់ស្ដែងរបស់យើងមួយកម្រិតផងដែរ ដែលនេះគឺជាមោទនភាពរបស់យើង ជាមោទនភាព សម្រាប់កងទ័ពអាវសរបស់យើង ដែលសម្តេចសូមយកឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណ និងការកោតសសើរជាថ្មីម្តងទៀត ចំពោះកងទ័ពអាវសរបស់យើងទាំងអស់គ្នា ដែលជាខ្សែត្រៀមទី១ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នេះ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ចំពោះទិដ្ឋភាពទី២ នៃវិបត្តិកូវីដ-១៩នេះដែរ វាក៏បានបញ្ជាក់ឱ្យយើងឃើញនូវកម្រិត និងបញ្ហាកង្វះខាតមួយចំនួន ដែលយើងបានប្រឈមសម្រាប់ការវាយតម្លៃ ជាពិសេសពាក់ព័ន្ធទៅនឹងការកសាងធនធានមនុស្ស ការពង្រាយធនធានមនុស្ស ការកសាងសមត្ថភាពរបស់អង្គភាពសុខាភិបាលរបស់យើង ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលពាក់ពាក់ព័ន្ធនឹងធនធានមនុស្ស ឧបករណ៍ សម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាកន្លែងផលិតអុកស៊ីហ្ស៊ែនមធ្យោបាយ ដឹកជញ្ជូន សម្រាប់បញ្ជូនអ្នកជំងឺ គឺនៅមានកម្រិត ដែលវិបត្តិ នៃកូវីដ-១៩នេះ បានបង្ហាញឱ្យយើងឃើញ នូវទិដ្ឋភាពចំនួនពីរ ទាំងចំណុចខ្លាំង និងចំណុចខ្វះខាត ដែលយើងត្រូវដាក់ទិសដៅនៅក្នុងការពង្រឹងនៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល។
សូមជម្រាបជូនថា ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល គឺជាគោលនយោបាយអាទិភាពទី១ ក្នុងចំណោមគោលនយោបាយ អាទិភាពទាំង៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនៅត្រង់ចំណុចទី១ ដែលបានបញ្ជាក់ពីការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា ។
តាមរយៈគោលនយោបាយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានគោលដៅធានា ឱ្យប្រជាពលរដ្ឋប្រមាណ៩លាននាក់ ទទួលបានសេវាសុខាភិបាលល្អប្រសើរ នៅពេលមានជំងឺ ៕
ចែករំលែកព័តមាននេះ