រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ឯកអគ្គរាជទូតអាមេរិក ផ្តល់នូវកិច្ចសហប្រតិបត្តិលើវិស័យឧតុនិយម ជាពិសេសការព្យាករអាកាសធាតុ ដើម្បីឈានដល់កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា នៅកម្ពុជា ។
ការស្នើនេះ ខណៈឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែង នូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិក តាមរយៈ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលជានិច្ចកាលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបឯកឧត្តម Patrick Murphy ពីតួនាទីដ៏ចម្បងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា មានការងារពីរសំខាន់គឺការគ្រប់គ្រងទឹកសម្រាប់ផ្គត់ផ្គង់ទឹក លើគ្រប់វិស័យ មានវិស័យកសិកម្ម ឧស្សាហកម្ម និងការប្រើប្រាស់ទូទៅ ក្នុងជីវភាពរស់នៅ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុនពីស្ថានភាពអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ «ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានា បាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបម្រើឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ» ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំភាគីអាមេរិក ផ្តល់នូវកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម ជាពិសេសការព្យាករអាកាសធាតុ និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន ដើម្បីឈានទៅកាត់បន្ថយគ្រោះ មហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច និងជួយបណ្តុះបណ្តាលដល់មន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ លើវិស័យ ឧតុនិយម និងជលសាស្ត្រ ។
ក្នុងជំនួបនោះដែរ ឯកឧត្តម Patrick Murphy បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានទទួលយកសំណើទាំងអស់ទៅពិភាក្សា និងបានបញ្ជាក់ពីការពង្រឹងពង្រីកចំណងមិត្តភាព និងភាពជាដៃគូ សំដៅធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌឯករាជ្យ អធិបតេយ្យភាពជាតិ របស់ខ្លួន ៕
ចែករំលែកព័តមាននេះ