ដើមចេកដែលជាទូទៅគេនឹងកា.ប់ចោល ក្រោយពេលដែលប្រមូលផលរួចបានកំពុងតែក្លាយជាផលិតផលដែលអាចច្នៃចេញជាវត្ថុប្រើប្រាស់ផ្សេងៗដូចជា ខ្សែវេញ និងកាបូប ដើម្បីលក់បានលុយ ហើយអាចជួយមួយផ្នែកដល់យុទ្ធនាការលុបបំបាត់ថង់ប្លាស្ទិក ។ គួរអោយចាប់អារម្មណ៍នោះ របរច្នៃដើមចេកបោះចោលនេះ ចាប់ផ្តើមជាមួយលុយតែ២០០ដុល្លារប៉ុណ្ណោះ ។
គំនិតច្នៃប្រឌិតនេះ គឺកើតឡើងដោយស្ត្រីវ័យកណ្តាលម្នាក់ មកពីខេត្តបាត់ដំបង ដែលអាចកែច្នៃដើមចេកលក់យកប្រាក់ ព្រោះតែបទពិសោធន៍ដែលធ្លាប់ឃើញឪពុកធ្វើកាលពីក្មេងៗ ។
លោកស្រី ឆាត សុឃឿប អាយុ៣៧ ឆ្នាំ មកពីភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន ខេត្តបាត់ដំបង បានអោយដឹងថា ដើមចេកមានច្រើនប្រភេទដែលអាចទាញយកប្រយោជន៍មកកែច្នៃបន្តធ្វើជាវត្ថុប្រើប្រាស់ផ្សេងៗ តែដើមចេកដែលលោកស្រីយកមកកែច្នៃនេះ គឺជាដើមចេកដែលអោយផ្លែ និងផលរួច ត្រូវកា.ប់ចោលក្លាយជាសំរាម ។
លោកស្រី ឆាត សុឃឿប ជាសហប្រធាន អនុសារតម្បាញចេកខ្មែរបានអោយកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាព ដឹងថា «មូលហេតុដែលសំខាន់បំផុតនោះទី១ គឺនៅពេលដើម ចេកគេកា.ប់ផ្លែហើយ យើងអត់ដឹងថា យកទៅធ្វើអីទៀតនោះទេក្រៅពីចំណីសត្វ ។ ដូច្នេះទើប យើងបែកគំនិតយកវាមកធ្វើការកែច្នៃអោយអស់ពីលទ្ធភាព ដើម្បីធ្វើជាប្រយោជន៍ ។ ប្រយោជន៍វាពេលដែលច្នៃបានដូចជា ករណីវត្ថុសម្រាប់ដាក់កែវកាហ្វេ ពោល គឺយើងអាច កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបាន» ។
លោកស្រី ឆាត សុឃឿប បន្តថា ការកែច្នៃការត្បាញការវេញខ្សែដើមចេកទាំងនេះជាក្បាច់ មរតករបស់ដូនតាខ្មែរ ហើយលោកស្រីមានគំនិតក្នុងការថែរក្សាទុកជាកេរ្តិ៍ដំណែល សម្រាប់ មនុស្សជំនាន់ក្រោយ ។ តម្បាញចេកខ្មែរ ជាអាជីវកម្មក្នុងស្រុកមួយបានចាប់កំណើតឡើង ក្នុងឆ្នាំ២០២០ តែដំណើរការពេញលេញក្នុងឆ្នាំ២០២១ ហើយបច្ចុប្បន្នប្រើប្រាស់ធនធានមនុស្សសុទ្ធតែជាស្ត្រីដែលកំពុងរស់នៅតាមសហគមន៍ ដើម្បីបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ពួកគាត់កាត់បន្ថយការចំណាកស្រុកទៅធ្វើជាពលករនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ ។
លោកស្រី ឆាត សុឃឿប បន្ថែមថា «ស្ថានភាពទីផ្សារខ្ញុំអាចនិយាយបានថា តាំងពីដើមរហូត មកដល់ឥឡូវវា ប្រសើរម្តងបន្តិចៗ ដោយសារតែឥឡូវម្ចាស់អាជីវកម្ម គាត់ងាកមកចាប់ អារម្មណ៍រឿងបរិស្ថាន ហើយគាត់ចង់កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ។ ទាក់ទងជាមួយ គំនិតធ្វើនេះក៏ខ្ញុំបានពីម្ចាស់អាជីវកម្មម្នាក់ដែរ គាត់លក់កាហ្វេ គាត់សុំអោយខ្ញុំថា បងអាច ត្បាញបែបនេះបានឬអត់? អ៊ីចឹង ខ្ញុំក៏សាកល្បងធ្វើ ហើយនឹកឃើញដល់ក្បាច់ដែល ប៉ាខ្ញុំ គាត់ធ្លាប់ធ្វើ ។ ខ្ញុំធ្លាប់ឃើញគាត់ធ្វើកាលនៅពីតូច» ។
លោកស្រី ឆាត សុឃឿប បន្តថា វត្ថុដែលកែច្នៃចេញពីដើមចេកទាំងនេះ តម្លៃខ្ពស់បំផុត គឺការបូបដែលត្បាញចេញពីដើមចេក តម្លៃចាប់ពី៣០ដុល្លាឡើងទៅតាមទំហំ និងតម្លៃទាបបំផុត គឺខ្សែសម្រាប់ដាក់កែវកាហ្វេ ១ដុំមាន២០ខ្សែតម្លៃ៤០០០រៀល ។ លោកស្រីបានបន្តថា អាជីវកម្មតម្បាញដើមចេកដែលកំពុងតែដំណើរការនេះ ចាប់ផ្តើមដោយ ដើមទុនប្រើប្រាស់ត្រឹមតែជាង២០០ដុល្លាអាមេរិកប៉ុណ្ណោះ ។
លោកស្រី ឆាត សុឃឿប បន្តថា «ដើមចេកដែលយើងកំណត់យកអាខ្ចី ឬមួយក៏យកអាមិនទាន់ផ្លែវាខាត ។ ដូច្នេះហើយយើងកំណត់យកកាត់ផ្លែហើយ គឺយើងយកដើមចេក ហ្នឹងមកប្រើ ។ ចាប់ពីពេលដែលយើងយកវាមកហាល បើយើងគិតរយៈពេលហាលយ៉ាងលឿនណាស់ក៏បីថ្ងៃដែរ តែជាថ្ងៃដែលមេឃស្រឡះល្អ មេឃក្តៅល្អ ។ បើមេឃស្រទុំវិញ មួយអាទិត្យឬ១០ថ្ងៃ ហើយសម្បុរខ្សែក៏មិនសូវស្អាតនោះដែរ ។ តែបើមេឃស្រឡះសម្បុរខ្សែស្អាត ។ បន្ទាប់ពីហ្នឹងមកយើងយកមកវេញ យកមកជ្រៀកបើយើងគិតសាច់វេញធ្វើវាដើម្បីបានមួយនេះ គឺប្រើរយៈពេល១០នាទីជាង ។ អ៊ីចឹងក្នុងមួយថ្ងៃ អ្នកវេញអស់ស្ទុះហើយ បាន១០០ជាង»។
យ៉ាងណាមិញ ដើម្បីអោយដំណើរការអាជីវកម្មមួយនេះទៅដោយរលូន មិនមានភាពងាយ ស្រួលនោះទេ ។ លោកស្រី និងសហស្ថាបនិកបានសន្សំបទពិសោធការសិក្សារៀនសូត្ររាប់ឆ្នាំរហូតមានសមត្ថភាព និងធនធានអាចបើកដំណើរការអាជីវកម្មនេះ ។
លោកស្រី ឆាត សុឃឿប បន្ថែមថា «ចំពោះទស្សនវិស័យរបស់យើងទី១ យើងចង់អោយ ផលិតផលយើង គឺជាផលិតផលដែលចូលរួមចំណែកថែរក្សាបរិស្ថាន និងគាំទ្រដល់វិស័យវប្បធម៌ ។ មួយទៀតយើងចង់តាមរយៈអាជីវកម្មមួយនេះយើងចង់អោយមានរូបភាពនៃការកាត់បន្ថយ អ្នកចំណាកស្រុកនៅតាមសហគមន៍តាមរយៈការដែលយើងផ្តល់ការងារ ជូនគាត់ធ្វើ ជាពិសេសស្ត្រីមេម៉ាយ អ្នកមានពិការភាព បើសិនជាគាត់អាចធ្វើបានយើងផ្តល់ឱកាស និងអ្នកដែលមានចំណេះដឹងទាបៗដែលគាត់អត់មានឱកាសក្នុងការរកប្រាក់ចំណូលបានច្រើន»៕ ដោយៈ ស នីត
ចែករំលែកព័តមាននេះ