រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីរំលឹកខួបលើកទី៦២នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃទី២៧ មិថុនា នៅមជ្ឈមណ្ឌលសន្និបាត ពិព័រណ៍កោះពេជ្រ ។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងមហោឡារិកក្រោមអធិបតីភាព សម្តេចអគ្គមហាពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិ យសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានិងលោកជំទាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការអញ្ជើញចូលរួម ពីភ្ញៀវជាតិ-អន្តរជាតិ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជារាប់ម៉ឺននាក់ ។
នៅក្នុងព្រឹត្តិការណ៍ស្របពេលជាមួយការរំលឹកខួប៦២ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងក៏ជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានឡើងថ្លែងសុន្ទរកថា ក្នុងនាមតំណាងសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រយៈពេលជិត៣៥ឆ្នាំ កន្លងមកនេះប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលនានាប្រកបដោយមោទនភាពក្នុងការធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ដោយបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាងដោយជោគជ័យក្នុងការតស៊ូសង្គ្រោះជាតិ ការស្តារ កសាង និងការពារមាតុភូមិ ការស្វែងរកសន្តិភាព និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវិតរស់នៅរបស់ខ្លួន ។
នៅលើកំណាត់ផ្លូវដ៏វែងនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ដែលបានផ្សារភ្ជាប់រួមសុខ រួមទុក្ខជាមួយប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជនសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនប្រជាជាតិ ។ គណបក្សបានដឹកនាំការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ ហើយបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាព ប្រជាធិប តេយ្យ កិត្តិយស និងសេចក្តីថ្លៃថ្លូរដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបដ៏យង់ឃ្នងនោះ ។
គណបក្សបានទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញបាន ហើយបានស្តារ និងកសាងសេដ្ឋកិច្ចសង្គមឡើងវិញ ចាប់ពីលេខសូន្យឱ្យមានស្ថិរភាពជាជំហានៗរហូតមានការអភិវឌ្ឍដ៏ខ្លាំងក្លាដូចបច្ចុប្បន្ន ។ គណបក្សបានធ្វើឱ្យទឹកដីទាំងមូលទទួលបានសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះ=ឈ្នះ ដែលបានធ្វើឱ្យអង្គការចាត់តាំងនៃរបបប្រល័យពូជសាសន៍ត្រូវរលំរលាយទាំងខាងនយោបាយ និងយោធា បញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រាំុរ៉ៃជិត៣០ឆ្នាំ ហើយបានធ្វើសមាហរណកម្មប្រជាជនកម្ពុជាដែលបែកបាក់ព្រាត់ប្រាសសាច់ញាតិឱ្យបានវិលមករួមរស់ក្នុងសង្គមជាតិវិញប្រកបដោយភាពសុខដុមរមនា ។
ព្រមជាមួយនេះគណបក្សបានលើកស្ទួយកិត្តិនាម និងកិត្យានុភាពរបស់កម្ពុជាឱ្យខ្ពស់ត្រដែតឡើងវិញលើឆាកអន្តរជាតិ ហើយបាននិងកំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងការដោះស្រាយកិច្ចការនានានៅក្នុងតំបន់ក៏ដូចពិភពលោក ។ នៅក្នុងនីតិកាលទី៤ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងស្ថានភាពដែលត្រូវប្រឈមនឹងផលវិបាកធំៗនានាដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ និងការបង្កសង្គ្រាមឈា្លនពានពីសំណាក់ប្រទេសថៃនៅតំបន់ប្រាសាទព្រះវិហារ ។
យើងបានការពារអធិបតេយ្យបូរណភាពទឹកដីកម្ពុជាយ៉ាងពេញេលញមិនឱ្យបាត់បង់មួយចំណែកតូចណាឡើយ។ សន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវបានថែរក្សាយ៉ាងរឹងមាំ ។ សេដ្ឋកិច្ចបានងើបចេញផុតពីឥទ្ធិពលនៃវិបត្តិសកលយ៉ាងឆាប់រហ័ស ហើយសម្រេចបានកំណើនខ្ពស់ឡើងវិញ និងកំពុងមានភាពរឹងមាំ ។ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត បណ្តាញទូរគមនាគមន៍ រោងចក្រ កសិដ្ឋាន សំណង់អគារធំៗ តំបន់សេដ្ឋកិច្ចពិសេស សាលារៀន មន្ទីរពេទ្យ វត្តអារាម មជ្ឈមណ្ឌលអភិវឌ្ឍន៍ ។ល។ ត្រូវបានកសាងនិងពង្រីកបន្ថែមនៅគ្រប់ទិសទី។
គ្រប់មូលដ្ឋានឃុំ -សង្កាត់ ជនបទដាច់ស្រយាលក៏ដូចតំបន់ព្រំដែនកំពុងមានការអភិវឌ្ឍដ៏រស់រវើក ។ ផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗបានកើនពី៧៦០ដុល្លារនៅឆ្នាំ២០០៨ ដល់ជិត១.០០០ដុល្លារនៅឆ្នាំ២០១២ ។ វិស័យសង្គមកិច្ចកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្រិតជីវភាពរស់នៅរបស់ប្រជាជនទូទៅមានស្ថានភាពកាន់តែប្រសើរឡើងឥតឈប់ឈរ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី២២,៩% នៅឆ្នាំ២០០៩ មក២០% នៅឆ្នាំ២០១១ ហើយរំពឹងថានឹងធ្លាក់មកក្រោម១៩% នៅឆ្នាំ២០១៣នេះ ។ ព្រមជាមួយនេះ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ពលរដ្ឋ និងយុត្តិធម៌សង្គមក៏ត្រូវបានការពារពង្រឹង និងលើកស្ទួយជានិច្ច ។ លើមូលដ្ឋាននៃការរីកចម្រើននេះ កម្ពុជាបានទទួលចំណាត់ថ្នាក់ទី១៥ ក្នុងពិភពលោកខាងកំណើនសេដ្ឋកិច្ចខ្ពស់ និងមានចំណាត់ថ្នាក់ទី៤ ខាងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយកម្ពុជាក៏កំពុងតែស្ថិតក្នុងដំណាក់កាលឆ្លងកាត់ពីប្រទេសមានចំណូលទាបឈានឡើងទៅជាប្រទេសមានចំណូលមធ្យម ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នាថ្ងៃទី២៨ កក្កដា ខាងមុននេះគឺជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយយ៉ាងធំ ដែលមានសារសំខាន់បំផុតចំពោះប្រជាជាតិយើង ។ ការសម្រេចចិត្តខាងនយោបាយរបស់ប្រជាជននៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើសយកគណបក្សណាមួយឱ្យបន្តដឹកនាំប្រទេស គឺមានលក្ខណៈកំណត់ចំពោះជោគវាសនាអនាគតរបស់ជាតិ និងប្រជាជនផ្ទាល់ ។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនឹងនាំមកនូវជោគជ័យបន្តទៀត ប៉ុន្តែការសម្រេចចិត្តខុសនឹងធ្វើឱ្យមានដំណើរថយក្រោយ និងគ្រោះថ្នាក់យ៉ាងធំធេងចំពោះជាតិ ។
នៅក្នុងបរិបទនេះ ខ្ញុំព្រះករុណាខ្ញុំមានជំនឿថា ប្រជាជនកម្ពុជាដែលបានមើលឃើញជាក់ស្តែងរួចហើយពីការស្ថិតស្ថេរ រីកចម្រើន និងភាពរឹងមាំរបស់ប្រទេសជាតិ បច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិតជាមានសុភវិនិច្ឆ័យគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតនេះ ។ សម្តេចហេង សំរិន ក៏បានធ្វើការអំពាវនាវដល់ជនរួមជាតិ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ និងមានលេខរៀងទី៤នៅលើសន្លឹកឆ្នោត ។
បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាគឺបោះឆ្នោតឱ្យខ្លួនឯង ពីព្រោះគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺធានាការការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងការពាររដ្ឋធម្មនុញ្ញបានគង់វង្ស គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដែលធានានូវសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ធានាការបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនខ្លាំងក្លាដូចអារ្យប្រទេសនានា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែប្រសើរឡើងថែមទៀត ព្រមជាមួយនេះគណបក្សប្រជាជនឈ្នះឆ្នោតអ្នកណាក៏អាចរស់នៅជាមួយដោយសុខសាន្តបានដែរ ៕
ចែករំលែកព័តមាននេះ