ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រប្រយុទ្ធ​នឹង​ជំងឺ​របេង​2014-​2020

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ និង​ហង់​សិន​ នៃ​ក្រសួង​សុខាភិបាល​ កាល​ពី​ព្រឹក​ថ្ងៃទី​២៦​ មិថុនា​ បាន​រៀបចំ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​កសាង​យុទ្ធ​សាស្ត្រ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​សម្រាប់​ឆ្នាំ​២០១៤-​២០២០​ នៅ​សណ្ឋាគារ​កាបូឌីយ៉ាណា​ ក្រោម​អធិបតី​ភាព​លោក​វេជ្ជ​បណ្ឌិត​ ម៉ៅ​ តាន់ អ៊ាង​ ទីប្រឹក្សា​អម​ក្រសួង​សុខាភិបាល​ និង​ជា​នាយក​មជ្ឈមណ្ឌល

រាជ​ធានី​ភ្នំពេញ​ ៖ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ និង​ហង់​សិន​ នៃ​ក្រសួង​សុខាភិបាល​ កាល​ពី​ព្រឹក​ថ្ងៃទី​២៦​ មិថុនា​ បាន​រៀបចំ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​កសាង​យុទ្ធ​សាស្ត្រ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​សម្រាប់​ឆ្នាំ​២០១៤-​២០២០​ នៅ​សណ្ឋាគារ​កាបូឌីយ៉ាណា​ ក្រោម​អធិបតី​ភាព​លោក​វេជ្ជ​បណ្ឌិត​ ម៉ៅ​ តាន់ អ៊ាង​ ទីប្រឹក្សា​អម​ក្រសួង​សុខាភិបាល​ និង​ជា​នាយក​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង និង​ហង់​សិន ។​

លោកវេជ្ជ​បណ្ឌិត​ ម៉ៅ តាន់​អ៊ាង​ បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ថ្ងៃ​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​កម្មវិធី​ជាតិ​បាន​រៀបចំ​កសាង​យុទ្ធ​សាស្ត្រ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺរបេង​​រយៈ​ពេល​វែង​រហូត​ដល់​៧​ឆ្នាំ​ ដែល​កន្លងទៅ​ធ្លាប់​ធ្វើ​ដែរ​ ប៉ុន្តែ​មាន​រយៈ​ពេល​ត្រឹមតែ​៥​ឆ្នាំ​ប៉ុណ្ណោះ ។​ លោក​បាន​បន្ត​ថា​ កន្លង​មក​យើង​មិន​ដែល​មាន​ផែនការ​សម្រាប់​អនុវត្ត​ទៅ​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​ទេ រហូត​ដល់​ឆ្នាំ​២០០១ នៅ​អំឡុង​ខែ​កុម្ភៈ និង​ខែ​មីនា យើង​បាន​រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​ឆ្នាំ​២០០១-២០០៥ ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រីក​យុទ្ធ​សាស្ត្រ​ដូតស៍​នៅ​តាម​មណ្ឌល​សុខ​ភាព។ បន្ទាប់​មក​ទៀត​ផែនការ​យុទ្ធសាស្ត្រ​២០០៦-​២០១០ និង​ផែនការ​ឆ្នាំ​២០១១-​២០១៥​។ ការ​រៀបចំ​សិក្ខា​សាលា​នេះ​ គឺ​ចង់​បាន​ដើម​ទុនជា​ស្មារតី​គំនិត​ដើម្បី​ដាក់​នៅ​ក្នុង​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្ត្រ ។ េហតុ​ដូច​នេះ​សូម​សិក្ខាកាម​ដែល​ចូល​រួម​នៅ​ក្នុង​សិក្ខា​សាលា​នា​ពេល​នេះ​ បញ្ចេញ​មតិ​យោបល់ និង​គំនិត​ ដើម្បី​ឱ្យ​ផែន​ការ​យុទ្ធ​សាស្ត្រ​យើង​មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​ ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយ​សារ​ជំងឺ​របេង​កាន់តែ​ថយ​ចុះ​ថែម​ទៀត ។    ​

លោក​វេជ្ជ​បណ្ឌិត​ ម៉ៅ តាន់អ៊ាង បាន​ឱ្យ​ដឹង​ទៀត​ថា តាម​រយៈ​ផែន​ការ​យុទ្ធ​សាស្ត្រ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​កម្មវិធី​ជាតិ​កម្ចាត់​រោគ​របេង​ទទួល​បាន​ជោគ​ជ័យ​តាម​គោល​ដៅ​សហ​ស្សវត្ស​នៃ​ការ​កាត់​បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយ​សារ​របេង​មុន​៤​ឆ្នាំ​របស់​អង្គការ​សហ​ប្រជា​ជាតិ ។ ដូច​នេះ​ ការ​កសាង​ផែន​ការ​យុទ្ធ​សាស្ត្រ​ថ្មី​នេះ​ វា​រឹត​តែ​មាន​លក្ខណៈ​ពិសេស​ជាង​ផែន​ការ​យុទ្ធ​សាស្ត្រ​មុនៗ​ទៅ​ទៀត ព្រោះ​វា​មាន​លក្ខណៈ​ច្បាស់​លាស់ និង​គ្រប់​ជ្រុង​ជ្រោយ​ជាង​មុន និង​មាន​ការ​បញ្ចូល​ពី​រឿង​ថវិកា​អ្នក​ជំនាញ​ការ និង​ការ​ស្រាវ​ជ្រាវ​។ មិន​តែ​ប៉ុណ្ណោះ​ ផែន​ការ​នេះ​វា​ស្រប​ទៅ​នឹង​ផែន​ការ​អភិវឌ្ឍន៍​ជាតិ​របស់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​ផែន​ការ​ជាតិ​របស់​ពិភព​លោក​ផង​ដែរ។   

លោក​វេជ្ជ​បណ្ឌិត លី វ៉ាន់ធី នាយក​រង​អង្គការ​ US-CDC ប្រចាំប្រទេសកម្ពុជាបាន មានប្រសាសន៍ថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺ របេងត្រូវបានប្រទេសមួយចំនួនយកធ្វើជាគំរូ ដោយសារតែកម្ពុជាទទួលបានជោគជ័យ ។ ដូច នេះផែនការយុទ្ធសាស្ត្រ​ថ្មី​នេះ​ ជា​ផែន​ទី​ចង្អុល​ផ្លូវ​មួយ​សម្រាប់​អនុវត្ត​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​កាន់​តែ​ប្រសើរ​ថែម​ទៀត ។    លោក​ ចក់ ចន្ថា ប្រធាន​ការិយា​ល័យ​របស់​អង្គការ USAID ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ ដោយ​ទទួល​ស្គាល់​ថា​ ផែន​ការ​នេះ​មាន​ភាព​ច្បាស់​លាស់​ជាង​មុន​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​អនុវត្ត​ការ​ប្រយុទ្ធ​នឹង​ជំងឺ​របេង​កាន់​តែ​ប្រសើរ​ឡើង​ ។ លោក​សង្ឃឹម​ថា តាម​រយៈ​សិក្ខា​សាលា​នេះ​នឹង​អាច​ផលិត​បាន​នូវ​ផែន​ការ​មួយ​ល្អ ។   

លោក​វេជ្ជ​បណ្ឌិត ម៉ៅ តាន់អ៊ាង បាន​បញ្ជាក់​ថា ផែន​ការ​យុទ្ធ​សាស្ត្រ​នេះ​គ្រោង​នឹង​ធ្វើ​ឱ្យ​រួច​រាល់​នៅ​ខែ​មីនា​ ឆ្នាំ​២០១៤ ខាង​មុខ​ គឺ​មាន​រយៈ​ពេល​៩​ខែ​ដែល​កាល​ពីមុន​ធ្វើ​រហូត​ដល់​មួយ​ឆ្នាំ​កន្លះ​ឯ​ណោះ ។ ការ​បង្កើន​ល្បឿន​នេះ​ដើម្បី​ឱ្យ​ទាន់​ការ​ដាក់​ស្នើ​សុំ​ថវិកា​របស់​មូល​និធិ​សកល ​៕​​