រាជធានីភ្នំពេញ ៖ នៅប្រទេសកម្ពុជា ចំនួនរថយន្តត្រូវបាននាំចូលពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់ ។ មូលហេតុដែលធ្វើឱ្យការនាំចូលរថយន្តមានកំណើនយ៉ាងដូចនេះ គឺអាស្រ័យដោយសារការលក់ចេះតែកើនឡើងផងដែរ ក្នុងនោះរាប់ទាំងរថយន្តស៊េរីថ្មី និងរថយន្តមួយទឹក ។ ប្រភេទរថយន្តដែលកំពុងចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមានច្រើនប្រភេទ និងក្រុមហ៊ុនផ្សេងៗគ្នាដូចជា Ford, TOYOTA, Honda, HYANDIA, Rang Rover, Land Rover ជាដើម ។
ដោយឡែក ក្រុមហ៊ុន RMA Cambodia ដែលនាំចូលរថយន្ត Ford លោក ហុិន សុភាព អនុប្រធានគ្រប់គ្រងនៃក្រុមហ៊ុននេះបានឱ្យដឹងថា ដោយសារតែការលក់រថយន្ត Ford នៅក្នុងប្រទេសកម្ពុជាយើងមានការកើនឡើង ដូចនេះការនាំចូលរថយន្ត Ford មកកម្ពុជាក៏មានកំណើនដូចគ្នា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលអតិថិជនត្រូវការ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋ ។ នៅក្នុងឆ្នាំ២០១៣ ប៉ុន្មានខែចុងក្រោយនេះ រថយន្ត Ford បានលក់ដាច់ច្រើន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ ឃើញថា កំណើនការលក់នៅក្នុងឆ្នាំនេះ មានជាងពាក់កណ្តាលនៃឆ្នាំ២០១២ ឬលើសនេះផង។
មិនត្រឹមតែប្រភេទរថយន្តថ្មីទេ ដែលត្រូវបាននាំចូលច្រើនមកក្នុងប្រទេសកម្ពុជា សូម្បីតែរថយន្តមួយទឹក ឬហៅថារថយន្ត Second Hand ក៏ត្រូវបាននាំចូលច្រើនផងដែរក្នុងមួយឆ្នាំៗ ។ លោក សែម វណ្ណៈ ប្រធានក្រុមហ៊ុនណេសិនណលស្ទ្រីត ដែលជាក្រុមហ៊ុនលក់រថយន្តដេញថ្លៃមានទាំងរថយន្តថ្មី និងរថយន្តមួយទឹកក៏បានឱ្យដឹងដែរថា បើប្រៀបធៀបរថយន្តថ្មី និងរថយន្តមួយទឹកឃើញថា រថយន្តមួយទឹកលក់ដាច់បានច្រើនជាងរថយន្តថ្មី ចំពោះការលក់នៅក្នុងក្រុមហ៊ុនរបស់លោក ។ នេះដោយសារតែរថយន្តមួយទឹកមានតម្លៃទាបជាងរថយន្តស៊េរីថ្មី ។ បើយើងគិតពីជីវភាពប្រជាពលរដ្ឋកម្ពុជាយើង អ្នកដែលមានជីវភាពល្មម គេចូលចិត្តទិញរថយន្តមួយទឹកប្រើច្រើនជាង ហើយចំពោះគុណភាពរបស់វាវិញ ក៏មិនចាញ់រថយន្តថ្មីប៉ុន្មានដែរ ។ នៅក្នុងក្រុមហ៊ុនណេសិនណលស្ទ្រីតផ្ទាល់ ការលក់រថយន្តមួយទឹកមានកំណើនប្រហែលពី១០ ទៅ១៥% នៅក្នុងឆ្នាំ២០១៣ នេះ ។
លោកបានឱ្យដឹងថា បើតាមការសង្កេតរបស់លោកឃើញថា ការនាំចូលរថយន្តមួយទឹកនៅក្នុងមួយឆ្នាំមានកំណើនច្រើនជាងការនាំចូលរថយន្តថ្មី ។ នេះដោយសារតែតម្រូវការរថយន្តមួយទឹកមានច្រើនជាងរថយន្តថ្មីៗ ប៉ុន្តែទោះជាយ៉ាងណា រថយន្តថ្មីក៏បានលក់ច្រើនគ្រឿងផងដែរ ។ទាក់ទងនឹងការនាំចូលរថយន្តនេះផងដែរ លោក ព្រាប ច័ន្ទវិបុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក៏បានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០១៣ នេះរថយន្តដែលបានចុះបញ្ជីនៅក្នុងនាយកដ្ឋានមានចំនួនកើនឡើងជាងឆ្នាំមុនៗ ហើយភាគច្រើននៃរថយន្តដែលចុះបញ្ជីជាប្រភេទរថយន្តមួយទឹកដែលនាំចូលពីបរទេស ៕
ចែករំលែកព័តមាននេះ