ទីក្រុងបាងកក៖ អាជ្ញាធរថៃនៅសួនឧទ្យានជាតិនៃខេត្តឆៀងម៉ៃបានអំពាវនាវឱ្យកងទ័ពប្រញាប់ចាត់កម្លាំងចុះទៅជួយពន្លត់ភ្លើងឆេះព្រៃជាបន្ទាន់ដើម្បីកុំឱ្យហិនហោចព្រៃឈើ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រុមឧទ្យានុរក្សអស់លទ្ធភាពនឹងទប់ស្កាត់បានតទៅទៀតនូវភ្លើងឆេះព្រៃនៅខេត្តឆៀងម៉ៃដែលឆាបឆេះនៅរដូវរងា ជិតឈានចូលខែប្រាំងរាំងឫសនៃឆ្នាំនេះ។
រហូតមកដល់ពេលនេះ ព្រៃឈើជាង៥២០០ហិកតារត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចបាត់ទៅហើយ។ លោកគ្រីតសៃយ៉ាម ខងសាត់ទ្រី (Kritsayam Kongsatree) ជាប្រធានរដ្ឋបាលព្រៃឈើប្រាប់ថាក្រុមការងាររបស់គាត់បានខិតខំអស់ពីសមត្ថភាពទៅហើយ ហើយមិនអាចចាត់ការភ្លើងនេះបានឡើយ។ ភ្លើងបន្តឆាបឆេះជាងមួយសប្ដាហ៍មកហើយ គ្មានអ្វីអាចបញ្ឈប់សកម្មភាពរបស់វាបានឡើយ។ បញ្ហានេះមួយផ្នែកធំដោយសារអ្នកស្រុកនៅម្ដុំនោះដុតដើមឈើងាប់ៗដើម្បីរានដីធ្វើចម្ការ និងចាប់សត្វព្រៃ។
លោកប្រធានព្រៃឈើរូបនេះទទួលស្គាល់ថាអ្នកស្រុកដុតព្រៃដើម្បីសងសឹកចំពោះក្រុមឧទ្យានុរក្សដែលហាមឃាត់ពួកគាត់នៅក្នុងន័យល្អកុំឱ្យពួកគាត់បរបាញ់សត្វព្រៃតទៅទៀត។ ប៉ុន្តែពួកគាត់មិនស្ដាប់ ហើយបែរជាដុតព្រៃឈើទៅវិញ។ នៅក្នុងស្ថានភាពនេះ ក្រុមរបស់គាត់ចាប់ផ្ដើមអស់ដៃអស់ជើងហើយ។ ពួកគាត់មិនអាចធ្វើអ្វីចេញទេ មានតែខិតខំដង្ហោយហៅទាហានប៉ារ៉ាពីរកងឯកភាពដើម្បីទី១-ពន្លត់ភ្លើង និងទី២-ល្បាតនៅក្នុងព្រៃ និងទប់ស្កាត់អ្នកស្រុកកុំឱ្យដុតព្រៃបន្ថែមទៀត។
កាលពីពេលកន្លងមក ក្រុមឧទ្យានុរក្ស រួមជាមួយស្ថាប័នមូលដ្ឋានមួយចំនួនខិតខំពន្លត់ភ្លើងឆេះព្រៃនៅក្នុងស្រុកចំនួនបីនៃខេត្តឆៀងម៉ៃ។ ប៉ុន្តែជាការឥតប្រយោជន៍។ ព្រៃឈើនៅឧទ្យានជាតិអុបលួង (Ob Luang) ៥២០០០ហិកតារត្រូវដុតបំផ្លាញខ្ទេចគ្មានសល់។ ប៉ុន្តែមិនថ្វីទេ ឧទ្យានជាតិនេះមានព្រៃច្រើនដែររហូតដល់ជាង៣៤០ ០០០ហិកតារ។ គ្រាន់តែថាការពន្លត់ភ្លើងនេះរាងពិបាកបន្តិចដោយសារជាតំបន់ព្រៃផង និងភ្នំផង។
ប្រធានឧទ្យានជាតិរូបនេះប្រាប់ថាទាហានប៉ារ៉ាថៃចាប់ផ្ដើមធ្វើដំណើរល្បាតនៅក្នុងព្រៃនៅថ្ងៃចន្ទនេះ។ ចំណែកក្រុមការងាររបស់គាត់ជិះឧទ្ធម្ភាគចក្រពីរគ្រឿងដែលខ្ចីពីក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃដើម្បីហោះក្រវែលពីលើអាកាស។ គាត់ត្អូញត្អែរថាមិនគួរសោះសួនឧទ្យាននេះមិនមែនជាតំបន់ចុងកាត់មាត់ញកដល់ថ្នាក់គ្មានមនុស្សចេញចូលឯណា។ ហេតុអ្វីក៏បណ្ដោយឱ្យមនុស្សលួចដុតបែបនេះ។ កាលពីពេលកន្លងមក អ្នកភូមិក៏លួចចូលទៅក្នុងសួនឧទ្យានដើម្បីបាញ់សត្វ និងបេះផ្លែឈើព្រៃផងដែរ។
ប៉ុន្តែលោកគិតថាឆ្នាំនេះទុកជាយ៉ាងម៉េចក៏នៅគ្រាន់បើជាងឆ្នាំមុនដែរ។ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ភ្លើងឆេះព្រៃឧទ្យានជាតិអស់ជាង១២០០០ហិកតារ។ គិតត្រឹមថ្ងៃចន្ទនេះ គេដឹងថាគ្រាន់តែនៅខេត្តឆៀងម៉ៃមួយមានភ្លើងឆេះព្រៃ១៤២កន្លែង។ នេះបើយោងតាមការបញ្ជាក់របស់លោកមេព្រៃគ្រីតសាយ៉ាមផ្ទាល់តែម្ដង (Kritsayam)៕
ប្រភព៖ The Nation Thailand
https://kohsantepheapdaily.com.kh/article/1890335.html
ចែករំលែកព័តមាននេះ