ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច ស្រាយ​បំភ្លឺ ករណី​ហាមឃាត់​រថយន្ត​អគ្គិសនី​កែ​ច្នៃ​ដឹក​ភ្ញៀវ​ផឹកស៊ី​ចល័ត​តាម​ផ្លូវ​ក្នុង​ក្រុងភ្នំពេញ ក្រោយ​មាន​មតិ​មិន​សប្បាយចិត្ត​ទៅ​លើ​ចំណាត់ការ​នេះ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ស្រាយ​បំភ្លឺ ករណី​ការ​ហាមឃាត់…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​ស្រាយ​បំភ្លឺ ករណី​ការ​ហាមឃាត់ និង​អប់រំ​អ្នកបើកបរ​រថយន្ត​កែ​ច្នៃ​អគ្គិសនី​ចល័ត​តាម​ដងផ្លូវ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ ដឹក​ភ្ញៀវ​ចាក់​ចម្រៀង​ច្រៀង​រាំ និង​ពិសា​ស្រា​បៀរ​តាម​ទី​សាធារណៈ ក្រោយ​ពី​មាន​អ្នកលេង​តាម​បណ្តាញ​សង្គម​មួយ​ចំនួន បញ្ចេញមតិ​មិន​សប្បាយចិត្ត​ទៅ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ជម្រាប​ថា ក្រោយ​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​បណ្តោយ​ផ្លូវ​សុធារស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បាន​ធ្វើការ​អញ្ជើញ​អ្នកបើកបរ​រថយន្ត​កែ​ច្នៃ​អគ្គិសនី​ចល័ត​តាម​ដងផ្លូវ​សាធារណៈ ដឹក​ភ្ញៀវ​ចាក់​ចម្រៀង ច្រៀង​រាំ និង​ពិសា​ស្រា​បៀរ​នៅ​ទី​សាធារណៈ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បង្ក​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ ធ្វើ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ និង​ឱ្យ​បញ្ឈប់ នូវ​សកម្មភាព ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​អប់រំ​ម្ចាស់​(​បៀរ បាស​) និង​ឱ្យ​បញ្ឈប់​នូវ​សកម្មភាព​ដូច​ខាងលើ ក៏​មាន​អ្នកលេង​តាម​បណ្តាញ​សង្គម​មួយ​ចំនួន បាន​ខំ​មិន​ចូល​ក្នុង​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ចេញ​នូវ​មតិ​មួយ​ចំនួន មិន​សប្បាយចិត្ត​ទៅ​លើ​ចំណាត់ការ​របស់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ ថា មន្ត្រី​នគរបាល​មិន​លើកទឹកចិត្ត​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ ។

ជុំវិញ​បញ្ហា​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ថា ការ​ប្រកប​មុខរបរ​ធ្វើ​អាជីវកម្ម លើ​វិស័យ​ទេសចរណ៍ ដោយ​ស្របច្បាប់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពិតជា​មានការ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ប្រកប​មុខរបរ ដើម្បី​បង្កើន​ជីវភាព និង​ទាក់ទាញ​ទេសចរណ៍​។ ប៉ុន្តែ​ក្នុង​ករណី​រាល់​រថយន្ត ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ គឺ​ដែល​មានការ​ប្រើប្រាស់​មធ្យោបាយ ជា​ពិសេស​រថយន្ត ត្រូវ​តែ​មានការ​បញ្ជាក់​ពី​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ការ​បង់ពន្ធ​ផ្លូវ ស្លាក​លេខ និង​ល្បឿន​។ ប៉ុន្តែ​ច្បាប់ បាន​អនុញ្ញាត​ទៅ​លើ​សហគ្រាស​របស់​គាត់​(​បៀរ បាស​) គឺ​អនុញ្ញាត​ធ្វើ​អាជីវកម្ម​នៅ​តំបន់​អ​ចល័ត ដែល​ជាទី​តាំង​ប្រភេទ​អាជីវកម្ម បើក​ភោជនីយដ្ឋាន នៅ​ក្នុង​កន្លែង​ទេស​ស​ចរណ៍ ដើរ​កម្សាន្ត ស្ថិត​នៅ​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។ ជាង​នេះ ដោយ​ឃើញ​ការ​ដឹក​ភ្ញៀវ​ធ្វើ​ដំណើរ​ចល័ត​តាម​ដងផ្លូវ​សាធារណៈ ដែល​មានការ​ចាក់​ចម្រៀង ច្រៀង​រាំ គង​រំពង និង​ពិសា​ស្រា​បៀរ​តាម​ផ្លូវ​សាធារណៈ គឺ​មាន​ហា​នី​ភ័យ អាច​បង្ក​បញ្ហា​គ្រោះ ដោយ​ប្រការ​ណាមួយ ហើយ​ក៏​ជា​កាយវិកា​មិន​សមរម្យ បង្ក​ភាព​រញ៉េរញ៉ៃ និង​ជា​គំរូ​មិនល្អ នៅ​ក្នុង​សង្គម​។ ម្យ៉ាងវិញទៀត​គាត់​ដឹក​ភ្ញៀវ បម្រើសេវា​ស្រា​បៀរ​ជូន​ដល់​ភ្ញៀវ​ចំពោះ​មធ្យោបាយ​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ប្រ​សិន​ពួក​គាត់​ស្រវឹង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បើ​ក្នុង​ករណី​មាន​បញ្ហា​កើតឡើង​ជាយថាហេតុ​ណាមួយ ពេល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ ថា តើ​អាច​ធានា​សុវត្ថិភាព​ដល់​ភ្ញៀវ​បាន​ទេ ? ការ​ពិសា​ស្រា​បៀរ ច្រៀង​រាំ នៅ​ទី​សាធារណៈ តាម​រយៈ​ធ្វើ​ដំណើរ​ចល័ត លើ​ដងផ្លូវ​បែប​នេះ ជា​ការ​ជំរុញ​ឱ្យ​អ្នក​ដទៃ នាំ​គ្នា​ធ្វើ​សកម្មភាព​ត​តាម​គ្នា បង្ក​ប៉ះពាល់​សុវត្ថិភាព​សណ្តាប់ធ្នាប់​សាធារណៈ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ពង្រឹង​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ តាម​រយៈ​ការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​តាម​ដងផ្លូវ ។

បើ​តាម​ការ​បញ្ចេញមតិ​មួយ​ចំនួន បាន​បង្ហាញ​ការ​មិន​សប្បាយចិត្ត ដូច​ជា​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kevin Liu បាន​លើក​ឡើង​ថា «​ឡាន​អគ្គិសនី មាន​ន័យ​ថា ជា​ឡាន​បៃតង ជួយ​ដល់​បរិស្ថាន បូក​រួម​ទាំង​ការ​ដឹក​ភ្ញៀវ​បរទេស ឬ​ជាតិ កម្សាន្ត គឺជា​រឿង​ច្នៃប្រឌិត នាំ​ឲ្យ​បរទេស​មាន​អនុស្សាវរីយ៍​ល្អ​ៗ ពេល​មក​លេង​ប្រទេស​យើង ថែម​ទាំង​បាន​ជួយ រួមចំណែក​បង្កើន​ចំណូល​ប្រទេស​ជាតិ​ទៀត មាន​អ្វី​មិនល្អ ?​» ។

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ren Chanrith ថា ៖ «​ខ្ញុំ​យល់​ថា Beer Bus គឺជា​ការ​ច្នៃប្រឌិត​មួយ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋបាល​សង្កាត់​ចតុមុខ ក្នុង​ការ​បិទ ​ឬ​ផ្អាក ​នូវ​ដំណើរការ ​នៃ​រថយន្ត​ Beer Bus​ ទេ​។ បើ​អស់លោក យក​ប្រយោជន៍​របស់​ប្រជាជន​ជា​ធំ សូម​អស់លោក​ក្រឡេក​មើលទៅ​ប្រទេស​ជិតខាង ​មាន​ដូច​ជា​ថៃ ​និង​វៀតណាម ថា​តើ​គេ​ដើរ​ដល់​ណា​ហើយ ? » ។

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Soben Phan បាន​លើក​ឡើង​ដែរ​ថា ៖ «​រទេះ​លក់​លត​ឆា​, រទេះ​លក់​លៀស​ហាល​, តុ​កតុក សុទ្ធតែ​ជា​មធ្យោបាយ​កែ​ច្នៃ​ទាំងអស់​ហេតុ​អ្វី​អាច​ធ្វើ​ចរាចរ​នៅ​លើ​ដងផ្លូវ​សាធារណៈ បាន ? ប្រទេស​កម្ពុជា ត្រូវការ​ភាព​ចម្រុះ​បែប នៃ​ការ​កម្សាន្ត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។ អាជ្ញាធរ​គួរ​ណាស់ ផ្តល់​តម្រាយ​ផ្លូវ​ជាក់លាក់​ណាមួយ សម្រាប់​រទេះ​នោះ ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​គួរ​ណាស់ ទទួល​បានការ​លើកទឹកចិត្ត​ដល់​អាជីវកម្ម​បែប​នោះ ទើប​ត្រឹមត្រូវ​» ។

ជាមួយ​គ្នា​នេះ​ដែរ ហ្វេ​ស​ប៊ុ​ក​ឈ្មោះ យ៉ែ​ម សក្ក​ដា ថា ៖ «​គេ​ធ្វើ​ចឹ​ង គេ​ទាក់ទាញ​ទេសចរណ៍​ចង់​ជិះ តែ​ដល់​រដ្ឋ​ធ្វើ​ចឹ​ង ទេសចរណ៍​មាន​អ្វី​ចាប់អារម្មណ៍​ថ្មី​ៗ ទៅ ? មិនមែន​មាន​តែ​ប្រាសាទ​អង្គរ រង​ចាំ​ទេសចរ​មក​ទស្សនា​នោះ​ទេ​។ ត្រូវ​មាន​អ្វី​ផ្សេង​ៗ ដែល​លោក​ខាងលិច គេ​ចង់​សាក ចង់​ដឹង​។ អ្វី​ដែល​អនាធិបតេយ្យ​នោះ គឺ​ការ​ចត​រថយន្ត និង​កង់​បី នៅ​តំបន់​ទេសចរណ៍ ទៅ​វិញ​ទេ​។ ឯណា​ពាក្យ​ថា រួម​គ្នា​ជិះឡាន​ក្រុង ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ ? ចុះ​គេ​ធ្វើ​បែប​ឡានក្រុង​នេះ ជិះ​បាន​ញាំ បាន​សប្បាយ​ហើយ គ្នា​ច្រើន​ទៀត បែរជា​ចាប់​ទៅ​វិញ​។ បង​ពិចារណា​សិន​ទៅ​មើល ខ្ញុំ​ត្រឹម​ពលរដ្ឋ​ម្នាក់​ទេ គ្មាន​អំណាច​ទេ បាន​ត្រឹម​ឈឺចិត្ត ដែល​ខ្មែរ​យើង​ដើរ​យឺត​ជាងគេ ទាំង​ដែល​គេ​រស់​ក្រោយ​យើង​» ។

មាន​មតិ​ជា​ច្រើន​ទៀត ក៏​បាន​លើក​ឡើង​ដែរ​ថា កំណត់​តំបន់​ទេសចរ​ណ៏​អោយ​ពួក​គាត់​ទៅ ប្រទេស​ដែល​មាន​ទេសចរ​ណ៏​ច្រើន គេ​មាន​អាហ្នឹង​ដែរ សូ​ម្បី​ថៃ និង​នៅ​កោះ​បាលី​។ បើ​ប្រទេស​យើង​មាន​អ្វី​ដែល​ធ្វើ​អោយ​បរទេស​សប្បាយ និង​សុវត្ថិភាព គេ​នឹង​មក​លេង​ច្រើន​។ សម័យនេះ​ហើយ គេ​ស្វា​គម​ន៏​ណាស់​សម្រាប់​ទេសចរ​ណ៏ ព្រោះ​គេ​យក​លុយ​មក​ចាយ​ស្រុក​យើង ។ គួរតែ ណែនាំ ប្រសិនបើ​បង្ក​សំឡេង​រំខាន​ជាដើម គួរតែ​តម្រូវ លើ​ផ្លូវ​ណា ដែល​អាច​អោយ​រត់​បាន ដើម្បី​ជា​ការ​ទាក់ទាញ​ទេសចរណ៍​។ របរ​បែប​នេះ មិន​គួរ​ហាមឃាត់​ទេ តែ​យើង​អាច​កំណត់​តំបន់​ផ្លូវ ដែល​អនុញ្ញាត​ឱ្យ​ចរាចរណ៍​បាន ដែល​មិន​ប៉ះពាល់ ។

គួរ​ជម្រាប​ដែរ​ថា រថយន្ត​អគ្គិសនី ដែល​គេ​កែ​ច្នៃ និង​ដាក់​ឈ្មោះ Beer Bus សម្រាប់​ដឹក​ភ្ញៀវ​ផឹកស៊ី​ចល័ត​តាម​ដងផ្លូវ​នានា ក្នុង​ក្រុងភ្នំពេញ ដោយ​តម្រូវ​ឲ្យ​ភ្ញៀវ​កក់ រឺ​ទិញ​សំបុត្រ​ជា​មុន ក្នុង​ម្នាក់​ៗ​ចំនួន ៣០​ដុល្លារ​អា​មេ​រិ​ក ទើប​អាច​ឡើង​រថយន្ត ជិះ​កម្សាន្ត មើល​ទេសភាព​ដ៏​អស្ចារ្យ នៅ​រាជធានី​ភ្នំពេញ មាន​តន្ត្រី​កំដរ​អារម្មណ៍ មាន​ភេសជ្ជៈ ទឹក អាហារ​សម្រន់​បែប​ប្រពៃណី និង​ផឹកស្រា​បៀរ​ក្នុងស្រុក ដោយ​ឥត​ដែន​កំណត់ រយៈពេល​២​ម៉ោង (​ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​៨​យប់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ