រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានធ្វើដំណើរទៅកាន់ផ្ទះលក់នំបុ័ងគាបមួយកន្លែង ហើយប្រើល្បិច ធ្វើជានិយាយលេងជាមួយយុវតី ដែលជាម្ចាស់ផ្ទះ ព្រមទាំងបានកុម្ម៉ង់ទិញនំបុ័ងគាប ផងដែរ លុះពេលយុវតីរូបនោះរវល់ចូលបន្ទប់ទឹកមួយភ្លែត ស្រាប់តែនារីរូបស្រស់ខាងលើ ធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង បានសម្រេច ហើយក៏ជិះគេចខ្លួន បាត់ស្រមោល។ ប៉ុន្តែពេលនោះ យុវតីខាងលើបានប្រាប់ឲ្យបងប្រុសរបស់នាងម្នាក់ទៀត ជិះម៉ូតូ១គ្រឿងដេញតាមពីក្រោយទាន់ រួចក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ជួយដេញតាមចាប់បានភ្លាមៗ តែម្ដង ។
ហេតុការណ៍លួចយកម៉ូតូ១គ្រឿងនោះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នារីដែលជាជនសង្ស័យខាងលើឈ្មោះ សុខ ចាន់ណា អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ លួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ-1CN-7719 ដែលជាកម្មសិទ្ធិរបស់យុវតីម្នាក់ឈ្មោះ ង៉ាំ រ៉ូហ្សា អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីសង្ស័យរូបនោះ បានដើរចូលទៅនិយាយលេងជាមួយយុវតី ដែលជាម្ចាស់ម៉ូតូ បន្ទាប់មកបានកុម្ម៉ង់ទិញនំបុ័ងគាប ហើយខណៈ ពេលដែលយុវតីខាងលើ រវល់ចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែនារីដែលជាជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូជិះគេចខ្លួនបាត់។ ចំណែកយុវតីរងគ្រោះ ក្រោយពេលចេញពីបន្ទប់ទឹកវិញ បាត់ទាំងអ្នកទិញនំបុ័ងគាប និងបាត់ទាំងម៉ូតូរបស់ខ្លួន ក៏បានហៅបងប្រុសម្នាក់ឲ្យជិះតាមរកក៏ប្រទះឃើញនារីសង្ស័យកំពុងតែជិះម៉ូតូរបស់ខ្លួននៅម្តុំស្ពានព្រែកជ្រៃ តាមផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ហើយបានស្រែកឆោឡោបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចជួយដេញតាមចាប់ឃាត់ខ្លួនបានតែម្តង ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយចាប់ខ្លួននគរបាលបាននាំស្ត្រីរូបនោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ