រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ២៣នាក់ ត្រឹមតែរយៈពេល៣ថ្ងៃ ចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃបាន ឱ្យដឹងថា ជនរងគ្រោះចំនួន ២៣នាក់ បានស្លា.ប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងសរុបចំនួន ៣៥ករណី នៅទូទាំងប្រទេស ។
អ្នកនាំពាក្យរងរូបនេះ ក្រៅពីបណ្ដាលឱ្យស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានរបួសចំនួន៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ ។
ជាការកត់សម្គាល់លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ថ្ងៃទី១១ ជាថ្ងៃទី១ កើតគ្រោះថ្នាក់ច្រើនជាងគេ មានចំនួន១៤ករណី បណ្ដាលឱ្យស្លាប់ចំនួន៩នាក់ និងរបួស២៤នាក់។ បន្ទាប់មកនៅថ្ងៃទី១០ ជាថ្ងៃកណ្ដាល មានអ្នកស្លាប់ចំនួន៨នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុប១០ករណី។ ចំណែកថ្ងៃទី៩ ជាថ្ងៃដំបូង មានគ្រោះថ្នាក់ចរាចរណ៍ ចំនួន១១ករណី ស្លាប់៦នាក់ និងរបួស១១នាក់ ។
អ្នកនាំពាក្យរង បន្តទៀតថា បញ្ហាចរាចរណ៍នៅតែជាកង្វល់ ដែលត្រូវពង្រឹងច្បាប់មិនអាចដើរថយក្រោយ។ លោកថា បញ្ហានេះជារបៀបវារៈអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ (បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាបទល្មើសព្រហ្មទណ្ឌនានា ករណីក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោកនិងទឹក) របស់ក្រសួងមហាផ្ទៃ។ ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបង្កើនការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ជាពិសេសការត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ ។
លោក ទូច សុឃៈ (សុខៈ) បានលើកឡើងអំពីប្រសាសន៍របបស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ពោលគឺ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី តែងបានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ជាពិសេសកម្លាំងនគរបាលចរាចរណ៍គ្រប់គោលដៅ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ និងវិន័យកងកម្លាំង ក្នុងនោះសម្រាប់មូលដ្ឋានមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនកាលពីឆ្នាំ២០២៣ ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង តាកែវ ព្រះសីហនុ កោះកុង ឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ និងខេត្តប៉ៃលិន ត្រូវខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ នេះ ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជំរុញឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី ខេត្ត បន្តយកចិត្តទុកលើការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនឬគ្រឿងស្រវឹង ការបិទកញ្ចក់ពណ៌លើកញ្ចក់រថយន្តធំ ការរត់គេចខ្លួនក្រោយពេលបង្កគ្រោះថ្នាក់ និងបណ្តាករណីល្មើសបង្កគ្រោះថ្នាក់ផ្សេងៗទៀត ដើម្បីចាត់វិធានការតាមច្បាប់ ឱ្យបានម៉ឺងម៉ាត់ដោយគ្មានការលើកលែង ជាពិសេស ត្រូវឃាត់ខ្លួនជនបង្កភ្លាមៗនៅនឹងកន្លែង។
នៅឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឱ្យមានអ្នកស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថាមូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម។ ក្នុងចំណោមអ្នកស្លាប់សរុប មានអ្នកជិះម៉ូតូ ៨០% ក្នុងនោះជិះម៉ូតូមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩% ៕
ចែករំលែកព័តមាននេះ