រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសយើងបាន និងកំពុងក្លាយជាវិបត្តិសង្គមមួយដែលគេដឹងជាទូទៅពីមូលហេតុ និងវិធានការបង្ការទប់ស្កាត់ហើយ ។ តែបញ្ហាសំខាន់មកដល់ពេលនេះ នៅត្រង់ថា ផ្នែកជំនាញ មិនទាន់ធ្វើឱ្យចំគោលដៅតែប៉ុណ្ណោះ ។ ម្លោះហើយ សោកនាដកម្មលើដងផ្លូវនៅតែបន្ត ហើយអ្នករបួស និងអ្នកស្លា.ប់ក៏នៅតែបន្តកើតឡើងរៀងរាល់ថ្ងៃមិនថា នៅភ្នំពេញ ឬនៅតាមបណ្តាខេត្តណាទេ ។
ករណីគ្រោះថ្នាក់ចរាចរណ៍មួយថ្មីទៀត បានកើតឡើងនៅវេលាម៉ោង៦ព្រឹក នាព្រឹកព្រលឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ករណីនេះ បានកើតឡើងរវាងម៉ូតូ និងឡាន បណ្តាលឱ្យស្ត្រីអ្នកជិះម៉ូតូម្នាក់ ជាសន្តិសុខឯកជននៅផ្សារអ៊ីអនទី៣ តាមផ្លូវ ៦០ម៉ែត្រនោះ ត្រូវស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។ ចំណែកយុវជន២នាក់ ដែលជិះក្នុងឡានឡុចស៊ីសបុកជាមួយម៉ូតូ ពណ៌ខ្មៅនោះត្រូវបានប៉ូលិស ចាប់ខ្លួននៅកន្លែងកើតហេតុ ។
គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ ៦០ម៉ែត្រនេះ បានកើតឡើងជារឿយៗ។ គ្រោះថ្នាក់ម្តងៗជនរងគ្រោះជាអ្នកជិះម៉ូតូ បើមិនស្លា.ប់ក៏របួសធ្ងន់ដែរ។ ផ្លូវថ្មី កាត់ពីចំណុចចម្រុះជ្រូកក្បាលថ្នល់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅកាន់ទឹកដីខេត្តកណ្តាល ភ្ជាប់ទៅផ្លូវជាតិលេខ២នេះ តាំងពីធ្វើរួចបានរំដោះការកកស្ទះចរាចរណ៍បានច្រើន នៅផ្លូវជាតិលេខ២ និងភូមិសាស្ត្រជិតៗនោះ ។ ប៉ុន្តែនៅផ្លូវ៦០ម៉ែត្រនេះ ក៏បានកើតគ្រោះថ្នាក់ចរាចរណ៍ច្រើនដែរ ។ មូលហេតុ ដោយសារតែផ្លូវថ្មីធ្វើរួចធំទូលាយរហូតដល់ទំហំ ៦០ម៉ែត្រ ។ ដូច្នេះទាំងម៉ូតូ ទាំងឡានភាគច្រើនបើកលឿនៗ ។ ផ្លូវធំតែមិនមានទ្រូងផ្លូវ ពុះចែកផ្លូវជាគន្លងទៅផ្សេង និងគន្លងមកផ្សឹងទេ ហើយភ្លើងបំភ្លឺពេលយប់ ក៏មិនគ្រប់គ្រាន់ទៀតនៅលើផ្លូវ៦០ម៉ែត្រ ដែលមានឈ្មោះជាផ្លូវការមហាវិថីសម្តេចតេជោ ហ៊ុន សែន ។ ដូច្នេះ អាចជាមូលហេតុមួយនាំដល់គ្រោះថ្នាក់ ។
ជាដំណោះស្រាយ ដើម្បីកាត់បន្ថយ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ មិនថា នៅផ្លូវណាៗទេ ពិសេសផ្លូវ៦០ម៉ែត្រនេះសំខាន់បំផុតនៅលើអ្នកបើកបរយានយន្តម្នាក់ ។ បើកឡានកុំលឿនៗពេក ហើយត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជាប់ជាប្រចាំ មិនថាផ្លូវតូច ឬផ្លូវធំទូលាយទេ ។ អ្នកបើកបរម៉ូតូក៏ដូចគ្នា ។ ចូរកុំភ្លេចថា បើមានគ្រោះថ្នាក់កើតឡើង គឺម៉ូតូនេះឯង ជាអ្នករងគ្រោះធ្ងន់ធ្ងរ ។ ដូច្នេះរាល់ពេលកាន់ដៃចង្កូតម៉ូតូត្រូវមើលមុខមើលក្រោយមើលឆ្វេងមើលស្តាំ បើកបរដោយស្មារតីប្រយ័ត្នប្រយែង ជា ពិសេសពេលចេញពីផ្លូវតូចឡើងផ្លូវធំ ។
សំខាន់បំផុត អ្នកបើកបរយានយន្តទាំងអស់រាប់ទាំងអ្នកដើរ និងអ្នកជិះកង់ផង ។ សូមស្វែងយល់ពីច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកបើកបរដោយត្រូវចូលរៀន និងប្រឡងយកបណ្ណបើកបរត្រឹមត្រូវ គឺជាប់ដោយសមត្ថភាពពិតៗ ។
ចំណែកអាជ្ញាធរសមត្ថកិច្ច ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្ត ពិសេសរាជធានីភ្នំពេញក៏ល្មមដល់ពេលហើយរៀបចំទ្រូងផ្លូវ លើមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រនោះ ហើយដាក់ភ្លើងបំភ្លឺពេលយប់ឱ្យបានភ្លឺ ដូចផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ជាដើម ។ កាលណាមានទ្រូងផ្លូវ ចែកគន្លងច្បាស់លាស់ មានគំនូសច្បាស់លាស់ និងមានភ្លើងបំភ្លឺពេលយប់ក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់បានមួយផ្នែកធំដែរ ។
ការរៀបចំផ្លូវទាំងនេះ បើថា រដ្ឋមិនមានលុយទេ ក៏ត្រឹមតែរៀបចំផែនការ ហើយឱ្យក្រុមហ៊ុនម្ចាស់បុរី រួមទាំងផ្សារអ៊ីអនទី៣ នៅលើផ្លូវ ៦០ម៉ែត្រនោះចេញលុយក៏អាចធ្វើបានដែរ ត្រឹមរៀបចំគំនូសផ្លូវដាក់ថ្មចែកទ្រូងផ្លូវជាពីរ «អ្នកទៅផ្សេង អ្នកមកផ្សេង» ហើយដាក់បង្គោលភ្លឺនៅកណ្តាល ដើម្បីបំភ្លឺពេលយប់ដូចនៅ ផ្លូវជាតិសំខាន់ៗ ដែលទើបកែលម្អ មានផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៣ ជាដើម ។
សូមចូលរួមទាំងអស់គ្នា ដើម្បីការពារអាយុជីវិត និងកុំឱ្យសោកនាដកម្មរបស់បងប្អូនជនរួមជាតិយើងកើតឡើងដដែលៗ លើដងផ្លូវតទៅទៀត។ នេះជាការបាត់បង់បង្កឡើងដោយកត្តាមនុស្ស ហើយជារឿងដែលអាចការពារ និងទប់ស្កាត់បានបើសិនជាយើងម្នាក់ៗចាប់ផ្តើម និងបន្តធ្វើ៕
ចែករំលែកព័តមាននេះ