សមត្ថកិច្ចបានកំពុងពង្រឹងវិធានការច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវដែលបានសម្លា.ប់ជីវិតពលរដ្ឋខ្មែររាល់ថ្ងៃជាប្រចាំប្រមាណ៥នាក់ក្នុងមួយថ្ងៃនោះ ។ ប៉ូលិសចរាចរណ៍បានកំពុងបង្កើតវិធានការផាកពិន័យ និងការត្រួតពិនិត្យជាតិអាកុលនៅលើដងផ្លូវ ក្រោយពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលពីសារជាតិស្រវឹង ត្រូវគេមើលឃើញថា ជាករណីនាំមុខមួយក្នុងការបង្កគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាដែលបានសម្លា.ប់ជីវិតអ្នកធ្វើដំណើរលើដងផ្លូវគួរឱ្យបារម្ភនោះ ។
នៅតាមកន្លែងឈរជើងរបស់មន្ត្រីប៉ូលិសចរាចរណ៍ មានប្រជាពលរដ្ឋដែលល្មើសច្បាប់ដូចជា បើកបរមិនពាក់មួកសុវត្ថិភាព បើកបរលើ្មសភ្លើងសញ្ញាជាដើមរាប់សិបនាក់បានចូលទៅដោះស្រាយជាមួយប៉ូលិសចរាចរណ៍ ក្រោយពីការធ្វើដំណើររបស់ពួកគាត់ ត្រូវបានចាប់ឃាត់ដោយសមត្ថកិច្ច ដែលបានដាក់ពង្រាយគ្នា ។
បើសិនជាគេទៅសង្កេតមើលនៅកន្លែងផាកពិនិយនោះវិញជាទូទៅឃើញពលរដ្ឋដែលបានចូលទៅបង់ពិន័យលើបទល្មើស តែងតែទទូចសុំឱ្យសមត្ថកិច្ចយោគយល់ខ្លួននៅពេលប៉ូលិសចរាចរណ៍ផ្តើមសួររកប័ណ្ណបើកបរប័ណ្ណសម្គាល់យានយន្ត ឬអត្តសញ្ញាណប័ណ្ណជាដើមនោះ ។ នៅកន្លែងសមត្ថកិច្ចឃាត់ដំណើរពលរដ្ឋជាច្រើនមិនមានឯកសារ តាមការទាមទាររបស់សមត្ថកិច្ចឡើយ ។ អ្នកល្មើសច្បាប់តែងតែទទូចសុំការយោគយល់ពីសមត្ថកិច្ច ។
ពលរដ្ឋជាទូទៅ សុំការយោគយល់ពីសមត្ថកិច្ចបន្ធូរបន្ថយការផាកពិន័យ សុខចិត្តផ្តល់ប្រាក់ទៅសមត្ថកិច្ច ដោយមិនបានទាមទារវិក្កយបត្រផាកពិន័យពីសមត្ថកិច្ចឡើយ ។ នៅពេលត្រូវប៉ូលិសចរាចរណ៍ ហៅចូលទៅផាកពិន័យ ពលរដ្ឋជាច្រើនមិនសូវខ្វល់ និងសួរនាំទៅសមត្ថកិច្ចថា ខ្លួនខុសអ្វីនោះទេ ។ ស្ទើរគ្រប់គ្នាបានត្រឹមនិយាយថា «សូម មួយមកបង» ។ ប្រញាប់ទៅនេះទៅនោះជាដើម ។
មែនទែនទៅ កំហុសខ្លះគ្រាន់ត្រឹមណែនាំអប់រំ ប៉ុណ្ណោះមិនដល់ថ្នាក់ត្រូវផាកពិន័យនោះទេ ។ ការទាមទារឯកសារពីសមត្ថកិច្ចខ្លះក៏មិនទំនងហើយច្បាប់ក៏មិនតម្រូវដែរ ។ ប៉ុន្តែនៅពេលប៉ូលិសឃាត់ដំណើរ ពលរដ្ឋគ្រប់គ្នាបានត្រឹមស្លន់ស្លោ និងថា ធ្វើយ៉ាងម៉េចឱ្យអស់ប្រាក់តិចប៉ុណ្ណោះ ។ ពលរដ្ឋដែលត្រូវប៉ូលិសចរាចរណ៍ឃាត់ដំណើរ តែងតែទទូចសុំសមត្ថកិច្ច បង់ប្រាក់តាមលទ្ធភាពប្រាក់ដែលខ្លួនមានជាប់ខ្លួន ទាំងមិនដឹងថា ខ្លួនខុសអ្វី បទល្មើសនឹងច្បាប់ត្រង់ចំនុចណា ហើយកំហុសនោះត្រឹមទទួលបានការណែនាំ ឬត្រូវផាកក្នុងចំនួនទឹកប្រាក់ប៉ុណ្ណា ។
មានការសង្កេតឃើញថា ពេលខ្លះចំនួនទឹកប្រាក់ពលរដ្ឋសុំសមត្ថកិច្ចយោគយល់អាចលើសពីចំនួនទឹកប្រាក់ដែលត្រូវផាកនិព័យត្រឹមត្រូវទៅទៀត។ ពលរដ្ឋមិនបានចាប់អារម្មណ៍ត្រង់ចំណុចនេះឡើយ ។ នៅពេលប៉ូលិសឃាត់ដំណើរ មានតែសុំការយោគយល់ ។ នៅពេលសុំការយោគយល់ ពីប៉ូលិស ពលរដ្ឋបានហូតប្រាក់មួយម៉ឺនរៀល ឬពីរម៉ឺនរៀលហុចទៅឱ្យប៉ូលិស ដោយមានអាការៈលាក់លៀមផង ។ ប៉ូលិសជាទូទៅមិនងាយយោគយល់ដល់ពលរដ្ឋភ្លាមៗនោះទេ។ ពួកគាត់សួរនាំរកឯកសារ និងបង្ហាញពីករណីល្មើសច្បាប់ ។ ពេលខ្លះប៉ូលិសបង្ហាញវីដេអូ ដែលបានថត ប្រសិនជាពលរដ្ឋមានការតវ៉ាខ្លាំង ។ ក្រៅពីការទទួចសុំឱ្យពលរដ្ឋយោគយល់ អ្នកត្រូវប៉ូលិសឃាត់មួយចំនួនទៀតបានលើកឡើងពីខ្លួនជាមន្ត្រីធ្វើការនៅទីនេះនៅទីនោះ ឬជាសាច់ញាតិអ្នកនេះ អ្នកនោះ ស្គាល់អ្នកនោះជាដើម ដើម្បីឱ្យបានចេញពីកន្លែងសមត្ថកិច្ចឃាត់ដំណើរ ។
នៅកន្លែងគោលដៅប៉ូលិសត្រួតពិនិត្យការធ្វើចរាចរណ៍របស់ពលរដ្ឋ ហាក់មិនបានទទួលការណែនាំ ឬការអប់រំ ដើម្បីកុំឱ្យមានករណីល្មើសច្បាប់ទៀតនោះទេ ។ នៅទីនោះម្នាក់ៗហាក់មិនបាននឹកទៅដល់ថា បទល្មើសនេះអាចបណ្តាលឱ្យខ្លួនមានគ្រោះថ្នាក់ ឬបណ្តាលឱ្យអ្នកធ្វើដំណើរលើដងផ្លូវដូចគ្នាជួបគ្រោះថ្នាក់ឡើយ ។ គ្រប់គ្នាហាក់និយាយត្រឹមចំនួនលុយត្រូវបង់ពិន័យ ។
ពេលខ្លះដើម្បីដោះស្រាយករណីនេះ ប៉ូលិសបានបញ្ជាឱ្យពលរដ្ឋទៅជួបប៉ូលិសម្នាក់ទៅម្នាក់ ។ ប៉ូលិសអ្នកទទួលដោះស្រាយ ខ្លះអង្គុយនៅកន្លែងស្ងាត់ពីភ្នែកសាធារណជន ។ ក្រោយការសម្របសម្រួល ពលរដ្ឋបានបង់ប្រាក់ឱ្យប៉ូលិសដោយមិនបានយកវិក្កយបត្រ ដោយ សកម្មភាពបែបនេះ ត្រូវគេមើលឃើញថា នឹងមិនបានជាប្រយោជន៍ ដល់ការកាត់បន្ថយអត្រាស្លា.ប់នៅលើដងផ្លូវ ឬធ្វើឱ្យការធ្វើដំណើរលើផ្លូវសាធារណនៅកម្ពុជា គោរពច្បាប់ មានទម្លាប់ល្អនោះឡើយ។
អ្នកត្រូវប៉ូលិសឃាត់ដំណើរបានចាកចេញដោយកំហឹង ។ ជួនកាលការធ្វើដំណើរទៅមុខបន្តិចទៀត របស់ពួកគាត់ក្នុងថ្ងៃតែមួយនេះក៏ត្រូវប៉ូលិសហៅផាកពិន័យម្តង ឬពីរដងទៀតក៏ថាបាន ។ ត្រូវប៉ូលិសហៅម្តងទៀត ដោយសារកំហុសឆ្គងរបស់គាត់មិនត្រូវបានផ្លាស់ប្តូរ ។ អ្នកអត់ពាក់មួកសុវត្ថិភាព បន្តបើកបរដោយគ្មានមួកសុវត្ថិភាព ។ អ្នកបើកបរល្មើសភ្លើងសញ្ញាបន្តបើកបរទៅមុខទៀតដោយមិនបានដឹងថា សកម្មភាពរបស់ខ្លួននេះនឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃនោះទេ ។
ពលរដ្ឋដែលបានសម្របសម្រួលជាមួយប៉ូលិស ត្រឹមមួយម៉ឺនរៀល ឬពីរម៉ឺនរៀលបានក៏បានបន្តដំណើរទៅមុខទៀត ។ អ្នកខ្លះក៏សប្បាយចិត្តដោយសារប៉ូលិសព្រមសម្រួលឱ្យខ្លួន ។ អ្នកខ្លះក៏ខឹងសម្បារដោយសារត្រូវអស់លុយ ។ ប៉ុន្តែពួកគាត់ហាក់គ្មានចិត្ត និងឆន្ទៈ ការពារកុំឱ្យមានករណីដដែលនេះកើតឡើងម្តងទៀតឡើយ ។ ពលរដ្ឋជាច្រើនក៏បានភ្លេចខ្លួនថា ការសម្របសម្រួលនោះជាអំពើពុករលួយ ធំនិងជាសាធារណមួយរបស់សង្គមដែរ ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋម្នាក់ៗគួរភ្ញាក់រលឹកពីការគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា គ្រប់គ្នាគួរបើកបរដោយប្រុងប្រយ័ត្នខ្ពស់ មិនត្រូវល្មើសច្បាប់ ។
សូមបញ្ឈប់ការសុំការយោគយល់ពីប៉ូលិសចរាចណ៍ ដើម្បីប៉ូលិសអនុវត្តច្បាប់ និងប្រព្រឹត្តិខ្លួនតាមច្បាប់ ស្របតាមអ្នកផ្តល់សេវាសាធារណជូនពលរដ្ឋ និងដើម្បីបញ្ឈប់អំពើរពុករលួយនៅក្នុងសង្គមកម្ពុជា។ ពលរដ្ឋគោរពច្បាប់ ចេះច្បាប់ សមត្ថកិច្ចបម្រើពលរដ្ឋកាន់ តែមានប្រសិទ្ធភាព និងត្រឹមត្រូវតាមច្បាប់ ៕ ដោយ ៖ សារ៉ាន់
ចែករំលែកព័តមាននេះ