ទីក្រុងបាងកក៖ សមត្ថកិច្ចថៃរកឃើញសាកសពមនុស្សប្រុសត្រូវគេសម្លាប់ និងកាត់អង្កន់ជាកង់ៗដូចត្រី។ រួចហើយដាក់ក្នុងទូក្លាស្សេដើម្បីរក្សាគុណភាពរបស់សាច់ឱ្យនៅតែស្រស់ញញឹម។ ជនដៃដល់មុននឹងចាកចេញពីទូក្លាស្សេនោះថែមទាំងបានដោតឌុយភ្លើងទុកចោលដើម្បីរក្សាសីតុណ្ហភាពត្រជាក់ និងដើម្បីកុំឱ្យសាច់សាកសពមានសភាពហើម-ស្អុយនាំឱ្យឆាប់បែកការណ៍។
សមត្ថកិច្ចនៅប៉ុស្តិនគរបាលសាមេដាម (Samae Dam) ទទួលដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ និងប្រញាប់ចុះទៅកន្លែងកើតហេតុនៅអគារពាណិជ្ជកម្មមួយកន្លែងនៃខណ្ឌឃុនធាន (Khunthian) ទីក្រុងបាងកក។ សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះពេលចុះទៅដល់ឃើញធុងក្លាស្សេពណ៌សត្រូវគេប្លុងទុកចោលនៅជាន់ទីបួននៃអគារ។ នៅពេលបើកគម្របទូក្លាស្សេភ្លាមឃើញជើងរបស់សាកសពជនរងគ្រោះមុនគេ។ ពិនិត្យបន្តទៀតឃើញស្នាមប្រឡាក់ឈាមនៅក្នុងបន្ទប់គេង និងបន្ទប់ទឹក និងឃើញរណាសម្រាប់អារសាច់មនុស្សដែលជនដៃដល់លាក់ទុកនៅក្រោមគ្រែ។
ក្រុមអ្នកស៊ើបអង្កេតកំពុងដើរប្រមូលវីឌីអូឃ្លីបចេញពីកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅម្ដុំកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។ នៅកន្លែងកើតហេតុនោះ ជនជាតិភូមាម្នាក់ប្រាប់ថាគាត់ និងមិត្តភក្ដិបួននាក់ទៀតបានឡើងទៅលើអគារនោះកាលពីសប្ដាហ៍មុន។ គាត់ប្រាប់ថាបុរសជនជាតិឥណ្ឌាម្នាក់ជាអ្នកគ្រប់គ្រងបន្ទប់នោះសម្រាប់ធ្វើជាការិយាល័យជ្រើសរើសពលករ។
នៅក្នុងចំណោមពួកគេទាំង៥នាក់ ៤នាក់ត្រូវចាត់តាំងឱ្យទៅធ្វើការនៅកន្លែងផ្សេងពីអគារនេះ។ នៅសល់បុរសម្នាក់ទៀតដែលគេស្គាល់ថាឈ្មោះយ៉ាវ (Yao) មិនទាន់ចាកចេញពីអគារនេះនៅឡើយ ហើយគាត់បន្តស្នាក់នៅក្នុងអគារនោះដដែល។ កាលពីថ្ងៃសៅរ៍ គេបាត់ដំណឹងគាត់សូន្យឈឹងមិនដឹងថាគាត់ទៅណា។ ទោះបីព្យាយាមទាក់ទងគាត់យ៉ាងណាក៏មិនបាន។
បុរសជនជាតិភូមារូបនេះក៏វិលត្រឡប់ទៅអគារនោះម្ដងទៀតកាលពីថ្ងៃអាទិត្យ។ លើកនេះ គាត់ទាក់ទងតាមទូរស័ព្ទទៅម្ចាស់អគារ។ ម្ចាស់អគារប្រាប់ឱ្យគាត់ធាក់ទម្លាយទ្វារចូលទៅក្នុងបន្ទប់តែម្ដងទៅ។ នៅពេលចូលទៅដល់ក្នុងបន្ទប់នោះទើបគាត់មើលឃើញទិដ្ឋភាពដ៏គួរឱ្យញញើត និងព្រឺព្រួច។ គាត់សម្រេចចិត្តយករឿងនេះរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។
សមត្ថកិច្ចរកឃើញថាបុរសជនជាតិឥណ្ឌា (ដែលជាអ្នកជ្រើសរើសបុគ្គលិកនោះ) ទើបតែមកជួលអគារកាលពីថ្ងៃទី១៣ ខែមករា។ ចំណែកពលករចំណាកស្រុកមកពីប្រទេសភូមាទាំង៥នាក់ទើបតែមកស្នាក់នៅអគារនេះដើម្បីរង់ចាំបុរសឥណ្ឌាបញ្ជូនពួកគេទៅធ្វើការនៅតាមកន្លែងដែលគេត្រូវការបុគ្គលិក។ ពលករភូមាទាំងបួននាក់ត្រឡប់ទៅអគារដើម្បីយកឥវ៉ាន់របស់ពួកគេ។
តាមរយៈការពិនិត្យមើលទិដ្ឋភាពនៅក្នុងបន្ទប់នោះទំនងជាមានការប្រតាយប្រតប់គ្នាខ្លាំងមុននឹងឈានដល់ការប្រព្រឹត្តអំពើមនុស្សឃាត។ គេដឹងថាបុរសជនជាតិឥណ្ឌាបានចាកចេញពីប្រទេសថៃបាត់ទៅហើយឆ្ពោះទៅទីក្រុងឆេនណាយ ប្រទេសឥណ្ឌា តាំងពីម៉ោង៨:៥០យប់ថ្ងៃសៅរ៍៕
ប្រភព៖ Bangkok Post
https://www.bangkokpost.com/thailand/general/2727897/mans-dismembered-body-parts-found-in-freezer
ចែករំលែកព័តមាននេះ