រាជធានីភ្នំពេញ ៖ ម្ចាស់បទ «បណ្តាំទួលស្លែង» លោក អ៊ិន សុផារ៉ា កំពុងរស់នៅក្នុងជីវភាពដ៏លំបាក២នាក់ភរិយានៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ។ ហើយទស្សនិកជនដែលនិយមស្តាប់បទចម្រៀងកាលពីអំឡុងទសវត្សរ៍ឆ្នាំ៨០ ប្រាកដជាបានដឹងច្បាស់ពីបទ «បណ្តាំទួលស្លែង» ដ៏ល្បី បកស្រាយដោយតារាចម្រៀងលោក អ៊ិន សុផារ៉ា តាមរយៈវិទ្យុជាតិកម្ពុជា។
យ៉ាងណាម៉ិញ ក្រោយកសាងកេរ្តិ៍ឈ្មោះលើអាជីពចម្រៀងមួយរយៈនោះ លោក អ៊ិន សុផារ៉ា ក៏បានបាត់ដំណឹងសូន្យសឹង ដោយលោកមិនបានបង្ហាញវត្តមានច្រៀងនៅទីកន្លែងណានោះឡើយ ។ ទើបតែពេលថ្មីៗនេះ តាមរយៈផេកហ្វេសប៊ុករបស់តារាសម្តែងលោក សាវីន ហ្វីលីព បានបើកបង្ហាញវត្តមានរបស់លោក អ៊ិន សុផារ៉ា ដែលកំពុងរស់នៅក្នុងជីវភាពមួយដ៏លំបាកនេះ ។
តាមរយៈវីដេអូខាងលើ លោក អ៊ិន សុផារ៉ា បានអះអាងថា «បច្ចុប្បន្ន លោក និងភរិយា កំពុងរស់នៅបន្ទប់ជួលមួយកន្លែងដែលមានតម្លៃ៤០ដុល្លារក្នុងមួយខែ»។ លោកបញ្ជាក់ថា «មកទល់នាពេលនេះ លោកមិនបានប្រកបអាជីពជាអ្នកចម្រៀងទៀតឡើយ ដោយសារតែលោកមានវ័យកាន់តែចាស់ ទើបមិនមានអ្នកហៅច្រៀង»។
លោកថា «បច្ចុប្បន្ន លោកមានវ័យ៧៣ឆ្នាំហើយ តែលោកនៅអាចច្រៀងបាន ប៉ុន្តែមិនមានអ្នកណាម្នាក់ហៅលោកទៅច្រៀងឡើយ ប្រហែលគេគិតថា លោកចាស់ពេក»។ លោក អ៊ិន សុផារ៉ា បានលើកឡើងបន្ថែមថា «សព្វថ្ងៃនេះ លោកអាចរកលុយដោះស្រាយជីវភាព ដោយសារការមើលសួនអោយគេ និងដើររើសអេតចាយ ខណៈពេលភរិយារបស់លោកវិញ គឺជាអ្នកលាងចាននៅភោជនីយដ្ឋានមួយកន្លែង»។
លោកបញ្ជាក់ថា «ជីវភាពរបស់លោកពិតជាក្រខ្សត់ខ្លាំងណាស់ ដោយពេលខ្លះលោករកលុយមិនគ្រប់សម្រាប់ថ្លៃបន្ទប់ជួលផង ប៉ុន្តែដោយសារមានការយល់ សន្ដោសប្រណីពីម្ចាស់ផ្ទះ ទើបលោក និងភរិយាអាចបន្តរស់នៅទីនេះ បានមកដល់ពេលនេះ»។
ទោះបីជាយ៉ាងណា តាមការសន្យារបស់លោក សាវីន ហ្វីលីព នោះ លោកនឹងព្យាយាមទាក់ទងទៅម្ចាស់ហាងទ្រខ្មែរ ដែលលោកស្គាល់ ហើយសុំអោយលោក អ៊ិន សុផារ៉ា បានចូលច្រៀង ដើម្បីដោះស្រាយជីវភាព។ ដោយឡែក សម្រាប់សប្បុរសជន ដែលមានបំណងចង់ជួយជាថវិកាដល់លោក អ៊ិន សុផារ៉ា នោះ គឺអាចផ្ញើតាមរយៈកុង ABA 070816428 នេះបាន៕
ចែករំលែកព័តមាននេះ