ខ្វែងគំនិតគ្នា ជុំវិញសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃនៅប្រទេសថៃ
ថៃ ៖ សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ថា FTI នៅតែគាំទ្រសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំ
ថៃ ៖ សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ថា FTI នៅតែគាំទ្រសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំ
ថៃ ៖ សហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ថា FTI នៅតែគាំទ្រសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃរបស់គណៈកម្មាធិការត្រីភាគីថ្នាក់ជាតិ បើទោះបីជាមានការខ្វែងគំនិតគ្នា នៅក្នុងចំណោមគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅយ៉ាងណាក៏ដោយ។ នេះបើយោងតាមប្រភពពី បាងកកប៉ុស្ត៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងថា គណៈរដ្ឋមន្ត្រីទាមទារឱ្យមានការពិចារណាឡើងវិញ ជុំវិញការដំឡើងប្រាក់ឈ្នួល ២.៣៧% ដែលត្រូវបានស្នើឡើង ដើម្បីផ្គូផ្គងស្ថានភាពសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង។ ការដំឡើង ២.៣៧% គឺស្មើនឹងការកើនឡើងពី ២ ទៅ ១៦បាតក្នុងមួយថ្ងៃ ដែលស្មើនឹង ២៣០ ទៅ ១,៨០០រៀលក្នុងមួយថ្ងៃ អាស្រ័យលើខេត្តដែលកម្មករធ្វើការ។
គណបក្សភឿថៃ ដែលដឹកនាំរដ្ឋាភិបាលចម្រុះធ្លាប់បានស្នើដំឡើងប្រាក់ឈ្នួលរហូតដល់ ៦០០បាតក្នុងមួយថ្ងៃ ដែលស្មើនឹង ៦៨,៨០០រៀលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៧ ដោយចាប់ផ្តើមពីការដំឡើង ៤០០បាត ស្មើនឹង ៤៥,៩០០រៀល នៅឆ្នាំក្រោយ។ ប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ នៅក្នុងទីក្រុងបាងកកបច្ចុប្បន្នគឺ ៣៥៣បាត ស្មើនឹង ៤០,៥០០រៀលក្នុងមួយថ្ងៃ ខណៈកម្មករនៅខេត្តឈុនបូរីទទួលបាន ៣៥៤បាតក្នុងមួយថ្ងៃ។ ចំណែកកម្មករតាមបណ្តាខេត្តផ្សេងៗទៀត ទទួលបានតិចជាងនេះ។
លោក Kriengkrai Thiennukul ប្រធាន FTI បានថ្លែងថា ប្រសិនបើរដ្ឋាភិបាលចង់ដំឡើងប្រាក់ឈ្នួលដល់ ៤០០បាតក្នុងមួយថ្ងៃ វាត្រូវបានទាមទារឱ្យពិភាក្សាអំពីបញ្ហានេះជាមួយគណៈកម្មាធិការប្រាក់ឈ្នួល ព្រោះគណៈកម្មាធិការនេះ មានតំណាងមកពីនិយោជក និយោជិត និងរដ្ឋាភិបាល។ លោកបន្តទៀតថា គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារបានព្រមានមុននេះថា ការដំឡើងប្រាក់ឈ្មួលដល់ ៤០០បាតនឹងប៉ះពាល់ដល់អាជីវកម្ម និងការងារនៅប្រទេសថៃ។
ពាក់កណ្តាលនៃឧស្សាហកម្មចំនួន ៤៦ ជ្រកក្រោម FTI គឺពាក់ព័ន្ធនឹងការផលិតដែលពឹងផ្អែកលើកម្លាំងពលកម្ម។ ប្រសិនបើប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃកើនឡើង សហគ្រិនប្រហែលជាមិនអាចបើកប្រាក់បៀវត្សរ៍ដល់កម្មករបានទេ ខណៈឧស្សាហកម្មទាំងនេះរួមមានសម្លៀកបំពាក់ ស្បែកជើង ម៉ូដ និងកែច្នៃអាហារ។ ជាមួយគ្នានោះ សហព័ន្ធព្រួយបារម្ភថា អាជីវកម្មមួយចំនួនអាចនឹងត្រូវបិទទ្វារ ឬខ្លះទៀតប្រហែលជាត្រូវផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសជិតខាង។
លោក Apichit Prasoprat អនុប្រធាន FTI ក៏ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលត្រូវតែពិចារណាដោយប្រុងប្រយ័ត្ន ចំពោះផែនការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ ព្រោះអាចធ្វើឱ្យសហគ្រាសធុនតូច និងមធ្យម មានបញ្ហាបន្ថែមទៀត។ អាជ្ញាធរត្រូវតែផ្អែកលើការកើនឡើងនៃអត្រាអតិផរណា និងផលិតផលក្នុងស្រុកសរុប និងមិនអនុវត្តតាមការសន្យារបស់យុទ្ធនាការនោះទេ ខណៈដែលសេដ្ឋកិច្ចមិនទាន់ងើបឡើងវិញពេញលេញនៅឡើយទេ បន្ទាប់ពីជំងឺកូវីដ-១៩ ហើយឆ្នាំនេះ ក្រុមហ៊ុនផលិតក៏ប្រឈមមុខនឹងការនាំចេញធ្លាក់ចុះផងដែរ៕
ចែករំលែកព័តមាននេះ