រាជធានីភ្នំពេញ ៖ លោក សៅ រ័ត្ន អនុប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ចំណុចព្រែកឯង តាមការបង្ហើបឱ្យដឹងពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែក ជារដ្ឋលេខាធិការរឹងមាំម្នាក់ នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ទើបលោក សៅ រ័ត្ន ធ្វើព្យុះធ្វើភ្លៀងចុះចាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដោយមិនបានឆ្លងកាត់ពីប្រធានស្ថានីយ ឬសុំកម្លាំងសមត្ថកិច្ចចម្រុះក្រសួងដើម្បីអនុវត្តឡើយ មិនថារថយន្តនោះ ដឹកលើសចំណុះ ឬតាមស្តង់ដារអីទេ ឱ្យតែមិនបង់ខែជូនគាត់គឺចាប់ទាំង អស់ Sic ! ។
យោងតាមប្រភពព័ត៌មានរបស់មន្ត្រីម្នាក់ នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានី បានឱ្យដឹងថា តាមនីតិវិធីក្រុមការងារជញ្ជីង មានសិទ្ធិធ្វើការផាកពិន័យយានយន្តល្មើសបានតែ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីស្ថានីយរបស់ខ្លួន តែបុគ្គលឈ្មោះ សៅ រ័ត្ន នេះ ធ្វើលើសពីផែនការ គឺជាង១០គីឡូម៉ែត្រចាប់ពីចំណុចស្ថានីយព្រែកឯង រហូតដល់គល់ស្ពានសំរោង គឺលើសផែនការ ។ ក្រោយការអនុវត្ត ទំនងចរចាជាមួយម្ចាស់រថយន្តយន្តមិនត្រូវតម្លៃ ក៏បុគ្គលរូបនេះបានរាការណ៍ជូនប្រធានសា្ថនីយរបស់ខ្លួនតាមក្រោយ និងបានចាប់ឃាត់រថយន្តយកទៅកាន់ស្ថានីយព្រែកឯង ធ្វើការផាកពិន័យ ។
ម្យ៉ាងវិញទៀត បើតាមច្បាប់ មុននឹងចេញអនុវត្តត្រូវឆ្លងកាត់ប្រធានស្ថានីយ ហើយប្រធានស្ថានីយ ត្រូវរាយការណ៍ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនដែរ មុនចុះអនុវត្ត តែបុគ្គលនេះមិនបានធ្វើដូច្នោះទេ គឺលេងផ្លូវកាត់ ដើម្បីលាភសក្ការៈ មិនខ្វល់ទុក្ខលំបាករបស់អ្នករកស៊ីដឹកជញ្ជូន ដែលខ្ចីលុយគេទិញឡានរត់រកព្រឹកខ្វះល្ងាចឡើយ ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ មានតែក្រុមការងារកម្លាំងចម្រុះប៉ុណ្ណោះ ដែលមានសិទ្ធិចេញធ្វើការអនុវត្តគ្រប់ទីកន្លែង ប៉ុន្តែក៏ត្រូវសុំគោលការណ៍ពីប្រធានស្ថានីយដែរ ដើម្បីសហការក្នុងការអនុវត្តច្បាប់ ហើយក្រុមកម្លាំងចម្រុះចល័តក៏ត្រូវមានលិខិតបេសកកម្មពីសាម៉ីក្រសួងដែរ ។
ជាក់ស្តែងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណជា១០ និង៣០នាទីព្រឹក ក្រុមការបុគ្គលឈ្មោះ សៅ រ័ត្ន បានដឹកនាំក្រុមមន្ត្រីរបស់ខ្លួន ចុះធ្វើសកម្មភាពចាប់រថយន្តដឹកខ្សាច់៤គ្រឿង ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមិនមានលិខិតបេសកកម្មពីក្រសួង ឱ្យបង់ផាកពិន័យជូនក្រុមរបស់គេ ជាថ្នូរមិនបញ្ជូនទៅថ្នាក់លើ ទំនងជាមិនត្រូវគ្នា ក៏បានចាប់បញ្ជូនយករថយន្តទាំង៤គ្រឿងនោះទៅកាន់ស្ថានីយព្រែកឯង ធ្វើការផាកពិន័យ ក្នុងរថយន្តមួយគ្រឿង២លាន៧សែនរៀល ។
ក្រោយពេលចុះអនុវត្តប្រមាណជា១ម៉ោង គេឃើញវត្តមានលោក សេង ឈួន រដ្ឋ លេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទៅដល់ដែរ ហើយបញ្ជាឱ្យយករថយន្តទាំង៤គ្រឿងនោះមកកាន់ស្ថានីយព្រែកឯងតែម្តង ។
មន្ត្រីនៅក្រសួង នរណាក៏និយាយដែរថា លោក សៅ រ័ត្ន ជាជំនិតរបស់លោក សេង ឈួន ម៉្លោះហើយ សកម្មភាពល្មើសរបស់លោក សៅ រ័ត្ន អត់មានបញ្ហាឡើយ។
ថ្មីៗនេះ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ចំណុចព្រែកឯង បានលាតត្រដាងរឿងអាស្រូ.វពុ.ករលួ.យរបស់លោក សៅ រ័ត្ន ជាអនុប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ដែលប្រែក្លាយជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុក ដោយអាងអំណាចលោក សេង ឈួន ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីក្រោយខ្នង ។
ក្រុមអ្នករកស៊ីដឹកជញ្ជូន បាននិយាយថា លោក សៅ រ័ត្ន រាល់ថ្ងៃនេះ កំពុងសន្សំកាក់ល្អិតគ្រប់
ច្រកល្ហកនៅគ្រាដែលសេដ្ឋកិច្ចកំពុងប្រឈមនឹងការលំបាក បែរជាអនុប្រធានជញ្ជីងរូបនេះ និង
ក្រុមមន្ត្រីរបស់គាត់នៅស្ថានីយថ្លឹងរថយន្តព្រែកឯងនេះ ជំរិ.តទារលុយស្រស់ៗ ដោយអះអាងថា គ្រាន់តែសុំបាយទឹកប៉ុណ្ណោះ ។
បុគ្គលឈ្មោះ សៅ រ័ត្ន អាងខ្នងបង្អែករឹងមាំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ទើបហ៊ានធ្វើអ្វីៗតាមទំនើ.ងចិត្ត ហើយបើគ្មានការបើកដៃពីលោក សេង ឈួន នោះទេ គឺបុគ្គលរូបនេះ ក៏មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ ។ ទោះជាយ៉ាងណាក៏ដោយ គេរំពឹងថា រដ្ឋមន្ត្រីថ្មីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា មិនមើលរំលងរឿងនេះទេ ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ករណីអនុប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ចំណុចព្រែកឯងនេះ មិនញញើតក្នុងប្រមូលលុយតាមរបៀបពុ.ករលួ.យ គឺដោយសារអាងមានលោក សេង ឈួន ជាខ្នងបង្អែកដ៏រឹងមាំចាំជួយការពារគ្រប់វេលា ។
រហូតមកដល់ម៉ោងនេះ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក សៅ រ័ត្ន និងលោក សេង ឈួន ជុំវិញការចោទប្រកាន់នេះបាននៅឡើយទេ ។ ប្រសិនបានទទួលការបំភ្លឺ យើងនឹងផ្សាយជូននៅពេលក្រោយទៀត ។
ព័ត៌មានបន្ថែមនឹងមានចេញផ្សាយនៅលើកាសែតកោះសន្តិភាពនៅលើកក្រោយ ៕
ចែករំលែកព័តមាននេះ