រាជធានីភ្នំពេញ ៖ មិនដឹងថា មានរឿងអ្វីនោះទេ? ១ខែ៣០ថ្ងៃស្ត្រីម្នាក់បានវាយធ្វើទារុណកម្មកូនស្រីបង្កើតរបស់ខ្លួនរាល់ថ្ងៃ បណ្ដាលឲ្យនាងរងរបួសពេញខ្លួនប្រាណ និងបង្ខំឲ្យធ្វើការងារផ្ទះទាំងយប់ទាំងថ្ងៃមិនបានរៀនសូត្រនិងគេឡើយ ។ មានពេលខ្លះបង្ខាំងនាងទុកនៅក្នុងផ្ទះ បង្អត់អាហារជាញឹកញាប់ ជាហេតុធ្វើឲ្យនាងទទួលរងការភ័យខ្លាចគ្រប់ពេល ដោយសារតែមានការអាណិតអាសូរនាងខ្លាំងពេក។ ទើបស្ត្រីអ្នកលក់ដូរម្នាក់ដែលបានជួលនាងឲ្យមកជួយលក់ដូរនៅផ្ទះខ្លួន បានចេញមុខជួយប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ ជួយអន្តរាគមន៍ ស្រាប់តែស្ត្រីជាម្ដាយនោះដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី
ភ្នំពេញ។
ក្មេងស្រីរងគ្រោះខាងលើបាននិយាយថា នាងមានឈ្មោះស្រី ពេជ្រ អាយុ១៤ឆ្នាំ ចំណែកស្ត្រីជាម្ដាយបង្កើតរបស់នាងឈ្មោះសុផាន់នី សព្វថ្ងៃស្នាក់នៅផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិកើតហេតុខាងលើ ។
នាងបានប្រាប់ឲ្យដឹងបន្តទៀតថា ម្ដាយម្ដាយនាងរូបនេះ មានប្ដី៣នាក់រួចមកហើយ ហើយមិនដឹងជាមានរឿងអ្វីកើតអីនៅក្នុងខ្លួនក្នុងចិត្តគាត់នោះទេ ទើបបានជាចេះតែវាយធ្វើបាបនាងរាល់ថ្ងៃ បង្ខំឲ្យនាងធ្វើការងារផ្ទះទាំងយប់ទាំងថ្ងៃ ។
នាងបានប្រាប់ឲ្យដឹងបន្ថែមទៀតថា មានពេលខ្លះ ម្ដាយបានបង្ខាំងនាងទុកក្នុងផ្ទះ បង្អត់អាហារថែមទៀតផង ហើយការវាយដំធ្វើបាបធ្វើទារុណកម្មលើរូបនាងបែបនេះរាល់ថ្ងៃ និងរាប់ខែ រាប់ឆ្នាំមកហើយតាំងពីនាងនៅតូចម្ល៉េះ ។
ដោយឡែក ស្ត្រីម្នាក់ដែលជាអ្នកចេញមុខប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍លើរឿងនេះបាននិយាយថា គាត់បានជួលក្មេងស្រីរងគ្រោះរូបនោះឲ្យជួយលក់ដូរអីវ៉ាន់ចាប់ហួយនៅផ្ទះគាត់ដោយឲ្យប្រាក់ឈ្នួលនាងក្នុង១ខែ១០០ដុល្លារ ។ ប៉ុន្តែនាងទើបតែជួយលក់ដូរគាត់បានរយៈពេល៥ថ្ងៃប៉ុណ្ណោះ ក្នុងរយៈពេលចូលមកនៅធ្វើការនៅផ្ទះរបស់គាត់នេះ គាត់បានសង្កេតឃើញក្មេងស្រីខាងលើ មានស្នាមរបួសពេញខ្លួន និងគួរឲ្យមានការសង្ស័យបំផុត ។
ស្ត្រីរូបនោះបាននិយាយទៀតថា ក្រោយមកគាត់ក៏បានសួរនាំហើយក្មេងស្រីរងគ្រោះបានប្រាប់គាត់ថា ត្រូវម្ដាយវាយធ្វើបាបរាល់ថ្ងៃ ក្រោយពីបានដឹងរឿងរ៉ាវអស់ហើយ ទើបនៅរាល់វេលាល្ងាចៗឡើង បន្ទាប់ពីចប់ម៉ោងលក់ដូរនៅផ្ទះរបស់គាត់ ហើយពេលក្មេងស្រីរូបនេះត្រឡប់ទៅដល់ផ្ទះវិញ ។ គាត់តែងបានទៅលបមើលនាងដល់ផ្ទះរាល់ថ្ងៃ ហើយក៏បានឃើញស្ត្រីជាម្ដាយវាយធ្វើបាបនាងរាល់ថ្ងៃប្រាកដមែន ។
ស្ត្រីអ្នកលក់អីវ៉ាន់ចាបហួយខាងលើ បាននិយាយបន្ថែមទៀតថា ក្រោយបានឃើញផ្ទាល់ភ្នែកហើយ ពិតជាធ្វើឲ្យគាត់រឹតតែមានការអាណិតក្មេងស្រីរូបនេះខ្លោចចិត្តថែមទៀតមិនគួរណាម្ដាយលើកដៃវាយធ្វើបាបកូនស្រីបង្កើតបែបនេះទេ ។ បន្ទាប់មក នៅថ្ងៃទី៨ ខែធ្នូ គាត់បានជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ឃាត់ស្ត្រីជាម្ដាយដើម្បីសួរនាំឲ្យដឹងហេតុផលនិងបញ្ឈប់ហឹង្សាលើកូនស្រីតទៅទៀត។
ប៉ុន្តែនគរបាលក្រោយទទួលបានដំណឹងនេះភ្លាម នគរបាលក៏បានចេញទៅកាន់ផ្ទះនោះភ្លាមៗដែរ ហើយទំនងជាម្ដាយរូបនោះដឹងខ្លួនមុន ទើបរត់គេចខ្លួនបាត់ ។
ចែករំលែកព័តមាននេះ