រាជធានីភ្នំពេញ ៖ ឯកឧត្ដម ប៊ូ ជុំសេរី អនុប្រធានអនុគណៈកម្មការបច្ចេកទេស និងគណៈកម្មការមេប្រយោគ បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះធំជាងឆ្នាំកន្លងទៅ ដោយទូកចូលរួមប្រកួតចំនួន៣៣៧ទូក គឺកើនឡើងជាងឆ្នាំ២០១៩ចំនួន៤០ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ប្រមាណ៣០ប្រទីប ដែលមានភាពល្អប្រណិត ដែលធ្វើឱ្យព្រះរាជពិធីបុណ្យនេះកាន់តែមានភាពអធិកអធម សប្បាយរីករាយ។
ឯកឧត្ដម ប៊ូ ជុំសេរី អនុប្រធានអនុគណៈកម្មការបច្ចេកទេស និងគណៈកម្មការមេប្រយោគ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូក ចូលរួមប្រកួតសរុបចំនួន៣៣៧ទូកក្នុងនោះទូកអុំបុរសមានចំនួន១៥៨ទូកទូកចែវមានចំនួន៥២ទូកក្នុងនោះមានទូកចែវនារីចំនួន១ទូក។ ទូកខ្នាតអន្តរជាតិមានចំនួន១៣៤ ទូក ក្នុងនោះមានទូកនារីចំនួន២គូ ។ ចំណែកកីឡាករអុំទូកសរុបមាន ចំនួនជាង២០៤០០នាក់(២០៤១៧) ក្នុងនោះកីឡាករបំរុងចំនួនជិត៣៨០០នាក់(៣៧៦៥)។
ឯកឧត្ដម បានបន្ថែមថា ឆ្នាំនេះទូកចូលរួមប្រកួតមានការកើនឡើងជាងឆ្នាំ២០១៩ចំនួន៤០ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ប្រមាណ៣០ប្រទីប ។ ឯកឧត្ដម មានប្រសាសន៍ រំពឹងថាក្នុងពិធីបុណ្យនេះនឹងមាន អ្នកចូលរួមកម្សាន្តនិងទស្សនាកាន់តែមានកំណើនខ្ពស់ ។ សេដ្ឋកិច្ចយើងក៏ជឿនលឿន ប្រទេសក៏មានសន្តិសុខ សន្តិភាពគ្រប់កន្លែង ប្រជាពលរដ្ឋមានឆន្ទៈ ដើម្បីចូលរួមបុណ្យអុំទូក ដោយក្ដីសប្បាយរីករាយ ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានប្រកាសថា បុណ្យអុំទូកឆ្នាំនេះ មានការប្រារព្ធយ៉ាងអាធឹកអាធមជាងឆ្នាំមុនៗ ហេតុដូចនេះ ហើយប្រជាពលរដ្ឋនឹងមានការចូលរួមច្រើន។
លោក ពន្លឺ ជាប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលឆ្នាំនេះប្រទេសកម្ពុជាយើងបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិង សំពះព្រះខែ អកអំបុកឡើងវិញ បន្ទាប់ពីខកខានអស់មួយរយៈពេលមក ។ លោកថា នេះជាឱកាសមួយក្នុងការបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវអន្តរជាតិដែលបានមកលេងកម្សាន្តនៅប្រទេសយើង ដូច្នេះសូមបងប្អូនយើងដែលអញ្ជើញមកលេងកម្សាន្តនៅក្នុងពិធី សូមមានការប្រុងប្រយ័ត្នខ្លួនឱ្យបានល្អជៀសវាងកើតឧបទ្ទវហេតុដោយប្រការណាមួយ។
ឯកឧត្តមបញ្ជាក់ថា «ជាទំនៀមទម្លាប់វប្បធម៌របស់សង្គមជាតិយើង ដែលយើងត្រូវប្រារព្ធឡើងដោយមិនមានការបង្កនូវអំពើហឹង្សា។ យើងប្រារព្ធឡើងដើម្បីជាការដឹងគុណ ដល់ថ្ងៃ១៥កើតពេញបូណ៌មី ជាថ្ងៃអកអំបុក សំពះព្រះខែជាថ្ងៃទំនៀមទម្លាប់ប្រពៃណីខ្មែរ និងវប្បធម៌របស់ខ្មែរយើង ចូលយើងរក្សាទាំងអស់គ្នា ដើម្បីឱ្យពិភពលោកបានដឹងថា ជាទំនៀមទម្លាប់ជាវប្បធម៌របស់ជនជាតិខ្មែរ ជាបេះដូងមួយរួមជាតិទាំងអស់គ្នា ដើម្បីឱ្យប្រទេសជាតិរបស់យើង និងវប្បធម៌របស់យើងរីកថ្កុំថ្កើងឡើងនៅលើពិភពលោក»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូកនេះគឺជាំប្រពៃណីជាតិនេះ ជាឱកាសដ៏ល្អដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរដែលមានតាំងពីបុរាណកាលមក នឹងជាព្រះរាជពិធីបុណ្យដ៏មានប្រជាប្រិយបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ព្រះរាជពិធីបុណ្យអុំទូក ណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី ២៦-២៧-និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ។ នាឱកាសនោះក៏មានការអុជកាំជ្រួចរៀងរាល់ពេលល្ងាចរយៈពេល៣ថ្ងៃ ចំនួន៣ដង និងនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២ម្តងទៀត ដែលជាយប់ សំពះព្រះខែនិងអកអំបុក ដើម្បីអបអរសាទរព្រះរាជពិធីនេះផងដែរ ៕
ចែករំលែកព័តមាននេះ