រថភ្លើងដឹកអ្នកដំណើរ២បុ.កគ្នានៅឥណ្ឌា ស្លា.ប់ច្រើននាក់
ប្រទេសឥណ្ឌា ៖ គ្រោះថ្នាក់រថភ្លើងមួយកើតមានក្នុងរដ្ឋអានដ្រាប្រាដេសភាគខាងត្បូងឥណ្ឌា
ប្រទេសឥណ្ឌា ៖ គ្រោះថ្នាក់រថភ្លើងមួយកើតមានក្នុងរដ្ឋអានដ្រាប្រាដេសភាគខាងត្បូងឥណ្ឌា
ប្រទេសឥណ្ឌា ៖ គ្រោះថ្នាក់រថភ្លើងមួយកើតមានក្នុងរដ្ឋអានដ្រាប្រាដេសភាគខាងត្បូងឥណ្ឌា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១៣នាក់ និងរបួស៥០នាក់។ នេះបើតាមការអះអាងនាថ្ងៃទី៣០តុលា របស់បណ្ដាអ្នកទទួលខុសត្រូវមូលដ្ឋាន។
គ្រោះថ្នាក់នោះកើតមាននាយប់ថ្ងៃទី២៩ តុលា ពេលរថភ្លើងដឹកអ្នកដំណើរមួយបានជ្រុលបំពានភ្លើងសញ្ញា មុនពេលបុកជាមួយរថភ្លើងដឹកអ្នកដំណើរ១ខ្សែទៀតពីក្រោយ នៅលើផ្លូវដែកHOWRAH CHENNAI ក្នុងស្រុកVIZIANAGARAM ស្ថិតនៅចម្ងាយប្រមាណជា៦៨គីឡូម៉ែត្រ ខាងជើងទីក្រុងVISHAKHAPATNAM ជាទីក្រុង សំខាន់នៃរដ្ឋអានដ្រាប្រាដេស។ ទូរថភ្លើង៣បានធ្លាក់ពីផ្លូវដែក ហើយក្រុមអ្នកជួយសង្គ្រាះត្រូវបានបញ្ជូនទៅទាំងយប់។
តាមព័ត៌មានដំបូងៗថា មកទល់ពេលនេះមានសេចក្ដីរាយការណ៍ពីមនុស្សស្លាប់យ៉ាងតិច១៣នាក់និង៥០នាក់រងរបួស។ នេះបើតាមការអះអាងរបស់អ្នកទទួលខុសត្រូវផ្លូវដែកឥណ្ឌាម្នាក់ដែលបន្តថា ពេលនេះប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់ ហើយគេកំពុងខិតខំជួសជុលផ្លូវដែក កន្លែងកើតមានគ្រោះថ្នាក់ឡើងវិញ។ ដោយសារគ្រោះថ្នាក់នេះរថភ្លើង១៨ត្រូវផ្អាកការរត់និងរថភ្លើង២២ទៀតបកក្រោយវិញ។
រដ្ឋមន្ត្រីផ្លូវដែកឥណ្ឌាលោកអាស់វីនីវ៉ាអីុសណាវ ប្រកាសពីជំនួយហិរញ្ញវត្ថុដល់ សាច់ញាតិគ្រួសារជនរងគ្រោះនិងដល់បណ្ដាអ្នករបួស។ នេះជាគ្រោះថ្នាក់រថភ្លើងលើកទី២ហើយក្នុងខែនេះនៅឥណ្ឌា បន្ទាប់ពីការធ្លាក់ផ្លូវដែក នៃរថភ្លើងដឹកអ្នកដំណើរមួយ នៅរដ្ឋប៊ីហាភាគខាងកើតប្រទេសបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ កាលពីថ្ងៃទី១២តុលា៕
ចែករំលែកព័តមាននេះ