ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ចាប់ផ្តើម​វិធានការ​គាំទ្រ​សេដ្ឋកិច្ច ដែល​កំពុង​រង​វិបត្តិ

10 ខែ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣

ឥណ្ឌូ​នេ​ស៊ី ៖ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ បាន​ចាប់ផ្តើម​វិធានការ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ធានា​ដល់​អាជីវកម្ម​ក្នុងស្រុក​ថា អត្រា​ការ​ធ្លាក់​ថ្លៃ​នា​ពេល​ថ្មី​ៗ​នេះ​របស់​ប្រាក់​រូ​ពៀ​ធៀប​នឹង​ប្រាក់​ដុល្លារ នៅ​តែ​មាន​សុវត្ថិភាព​។

កំណើនសេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា នឹង​ថយ​ចុះ​នៅ​ឆ្នាំ​នេះ នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ធនធានធម្មជាតិ​មួយ​នេះ ដោយសារ​តែ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​តម្លៃ​ទំនិញ បូក​រួម​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក​ចុះ​ខ្សោយ ខណៈ​ពេល​ដែល​វត្ថុធាតុដើម​ដូច​ជា អង្ករ​បាន​ឡើងថ្លៃ​សម្រាប់​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី ដែល​កំពុង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ការិយាល័យ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​ដក​ពន្ធ​លើ​តម្លៃបន្ថែម (VAT) ចំនួន ១១% លើ​ការ​ទិញ​ផ្ទះ ដែល​មាន​តម្លៃ​តិច​ជាង​២​ពាន់​លាន​រូ​ពៀ ស្មើនឹង ១២៦,០០០​ដុល្លារ​រហូត​ដល់​ខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់​មក​នឹង​ត្រូវ​កាត់​បន្ថយ​ពាក់កណ្តាល សម្រាប់​ពេលវេលា​ដែល​មិន​ទាន់​បាន​បញ្ជាក់​។ រដ្ឋាភិបាល​ក៏​នឹង​បន្ត​រហូត​ដល់​បំណាច់​ឆ្នាំ​នេះ សម្រាប់​កម្មវិធី​ចែក​អង្ករ​ដល់​គ្រួសារ​មាន​ចំណូល​ទាប​ប្រមាណ​ជាង​២១​លាន​នាក់ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​សំដៅ​ការពារ​ប្រឆាំង​នឹង​ការ​កើនឡើង​ថ្លៃ​អង្ករ​។

ថ្លែង​ទៅ​កាន់​អ្នក​វិនិយោគ​ក្នុង​សិក្ខាសាលា​មួយ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា កន្លង​ទៅ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី បាន​ព្រមាន​ពី​សក្តានុពល​តម្លៃ​ប្រេង​កើនឡើង ដោយសារ​តែ​ជម្លោះ​កើតឡើង​នៅ​មជ្ឈិមបូព៌ា និង​លំហូរ​ចេញ​មូលធន​ដែល​ទាក់ទង​នឹង​ការ​រឹត​បន្តឹង​រូបិយ​វត្ថុ​របស់​សហរដ្ឋអាមេរិក ដែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ លោក​មាន​ប្រសាសន៍​ថា «​ប្រសិនបើ​យើង​ឃើញ​ភាគរយ​ការ​ធ្លាក់​ចុះ​នៃ​រូបិយប័ណ្ណ​របស់​យើង នោះ​វា​នៅ​តែ​មាន​សុវត្ថិភាព​សម្រាប់​វិស័យ​ពិតប្រាកដ វិស័យ​ហិរញ្ញវត្ថុ ក៏​ដូច​ជា​សម្រាប់​អតិផរណា​»​។

ប្រាក់​រូ​ពៀ​ឥណ្ឌូ​នេ​ស៊ី​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៤.៧% ពី​កម្រិត​ខ្ពស់​បំផុត​នៅ​ដើមខែ​កញ្ញា ដែល​ជា​សម្ពាធ​ក្នុង​ចំណោម​វិនិយោគិន និង​នាំ​ឱ្យ​ធនាគារកណ្តាល​ឥណ្ឌូ​នេ​ស៊ី ដំឡើង​អត្រា​ការ​ប្រាក់​គោល​ដោយ​មិន​បាន​រំពឹង​ទុក​កាលពី​ស​ប្តា​ហ៍​មុន​។ បើ​ទោះបីជា​រូបិយប័ណ្ណ​ឥណ្ឌូ​នេ​ស៊ី​បាន​ឡើងថ្លៃ​ដល់ ០.៦៦% កាលពី​ថ្ងៃ​ទី​២៤ ខែតុលា នៅ​ក្នុង​ជួញដូរ ១៥,៨២៥​រូពី​ស្មើនឹង​១​ដុល្លារ​អា​មេ​រិ​ក វា​នៅ​តែ​ស្ថិត​នៅ​ជិត​កម្រិត​ខ្សោយ​បំផុត​ចាប់តាំងពី​ឆ្នាំ ២០២០​។

ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​បាន​បន្ថែម​ថា «​យើង​ត្រូវ​តែ​គិតគូរ និង​រៀបចំ​សម្រាប់​រយៈពេល​វែង​។ ថវិកាជាតិ​មានការ​ស៊ូទ្រាំ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ដល់​ឆ្នាំ ២០២៤ ខណៈ​ដែល​ក្រសួង​ហិរញ្ញវត្ថុ​បាន​កាន់កាប់​សាច់ប្រាក់​ចំនួន ៦១៦​ទ្រី​លាន​រូ​ពៀ ដែល​ស្មើនឹង ៣៨.៨៤​ពាន់​លាន​ដុល្លារ ត្រឹម​ថ្ងៃ​ទី​១៣ ខែតុលា​។ បើ​តាម​ការ​លើក​ឡើង​របស់​លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បាន​បង្ហើប​ថា រដ្ឋាភិបាល​គ្រោង​នឹង​ផ្ទេរ​សាច់ប្រាក់​ទៅ​កាន់​ប្រជាជន​រាប់​លាន​នាក់ ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​តម្លៃ​ហូប​អាហារ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យ​ក្រសួង​មិន​បាន​ឆ្លើយ​តប​នឹង​សំណើសុំ​ការ​បញ្ជាក់​បន្ថែម​នោះ​ទេ​៕ (​ប្រភព​ពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ