ស្រីស្អាត លឹម សេរីហាន់នីកា ក្លាយជាម្ចាស់ពានកម្មវិធី «The Voice Cambodia» រដូវកាលទី៣ ហើយ(វីដេអូ)
- ភ្នំពេញ
នៅទីបំផុត កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី៣ បានស្វែងរកម្ចាស់ពានឃើញហើយ
នៅទីបំផុត កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី៣ បានស្វែងរកម្ចាស់ពានឃើញហើយ
រាជធានីភ្នំពេញ ៖ នៅទីបំផុត កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី៣ បានស្វែងរកម្ចាស់ពានឃើញហើយ កាលពីរាត្រីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ម្សិលម៉ិញនេះ ដោយបានទៅលើបេក្ខនារីវ័យក្មេង លឹម សេរីហាន់នីកា ដែលជាកូនក្រុមរបស់តារាចម្រៀងនាង ពេជ្រ សោភា ។
ស្រីស្អាតវ័យក្មេង លឹម សេរីហាន់នីកា បានឡើងបញ្ចេញសមត្ថភាពរបស់ខ្លួនយ៉ាងល្អនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឲ្យអ្នកគាំទ្រផ្ទាល់ស្រែកហ៊ោគាំទ្រយ៉ាងកងរំពងតែម្ដង ជាពិសេសនាងក៏ត្រូវគណៈកម្មការ (Coach) ៤រូប លើកសរសើរផងដែរ ដោយនៅក្នុងនោះអ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងថា «លឹម សេរីហាន់នីកា ធ្វើបានយ៉ាងល្អ ហើយការបង្ហាញខ្លួននាពេលនេះ ហាក់មិនមែនជាការប្រឡងឡើយ ពោលគឺវាដូចជាការប្រគំតន្ត្រីដ៏ធំមួយដូច្នេះដែរ»។
ដោយឡែក មិនត្រឹមតែទទួលការលើកសរសើរពីគណៈកម្មការទាំង៤នោះឡើយ ស្រីស្អាតវ័យក្មេង លឹម សេរីហាន់នីកា ក៏បានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើននៅទូទាំងប្រទេសផងដែរ ហើយបានផ្ញើសារបោះឆ្នោតលើរូបនាងឲ្យក្លាយជាម្ចាស់ពាន «The Voice Cambodia» រដូវកាលទី៣ នាពេលនេះ ។
ក្រោយពីទទួលជោគជ័យនាពេលនេះ ស្រីស្អាត លឹម សេរីហាន់នីកា បានសម្តែងក្តីរំភើប និងថ្លែងការអរគុណទៅកាន់គ្រូបង្វឹករបស់នាង គឺអ្នកនាង ពេជ្រ សោភា ព្រមទាំងទស្សនិកជនទាំងអស់ដែលបានផ្ញើសារបោះឆ្នោតដល់រូបនាងឲ្យទទួលជោគជ័យនាពេលនេះ ។
បេក្ខនារីមកពីខេត្តកំពង់ធំ ស្រីស្អាត លឹម សេរីហាន់នីកា បានបង្ហោះសារនៅលើបណ្តាញសង្គមថា «នាងខ្ញុំ លឹម សេរីហាន់នីកា សូមលើកម្រាមដៃដប់ថ្លែងអំណរគុណចំពោះការផ្តល់ក្ដីស្រលាញ់របស់ពុកម៉ែបងប្អូន គាំទ្រដល់ប្អូន បោះឆ្នោតដល់ប្អូន រហូតជាប់វគ្គផ្ដាច់ព្រ័ត្រ។ សូមអរគុណ អ្នកគ្រូ ពេជ្រ សោភា ដែលបានបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់បំផុត»។ នាងបញ្ជាក់ថា «ជោគជ័យរាត្រីនេះ គឺជាជោគជ័យរបស់ពុកម៉ែបងប្អូនទាំងអស់គ្នា»។
ជាការកត់សម្គាល់ ស្រីស្អាតវ័យក្មេង លឹម សេរីហាន់នីកា បានទទួលការគោះកៅអីតែមួយប៉ុណ្ណោះពីសំណាក់ Coach ពេជ្រ សោភា នៅក្នុងវគ្គ «blind auditions» ខណៈពេលក្នុងវគ្គបន្តបន្ទាប់ទៀត នាងក៏នៅធ្វើបានយ៉ាងល្អ និងទទួលការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនទស្សនាផងដែរ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនៅក្នុងវគ្គ «Live Show» សប្តាហ៍ទី១ ស្រីស្អាត លឹម សេរីហាន់នីកា ក៏បានបកស្រាយបទ «ក្តាមស្រែ» ជាច្រើនចង្វាក់រួមគ្នាក្នុងបទតែមួយ ហើយវីដែអូច្រៀងសម្តែងរបស់នាង ក៏ត្រូវបានជ្រើសរើសចូលទៅក្នុងយូធូប «The Best Performances This Week on The Voice» ផងដែរ។
គួរបញ្ជាក់ផងដែរថា ស្រីស្អាត លឹម សេរីហាន់នីកា គឺជាកូនក្រុមរបស់ Coach ពេជ្រ សោភា បានឈ្នះពាន «The Voice Cambodia» រដូវកាលទី៣ ដោយយកឈ្នះបេក្ខភាពចំនួន៣រូបផ្សេងទៀត ក្នុងនោះរួមមាន ៖ បេក្ខនារី គឹម សុវណ្ណ កូនក្រុម ឱក សុគន្ធកញ្ញា, បេក្ខជន សាល បាទី កូនក្រុម ឆន សុវណ្ណារាជ និងបេក្ខជន សួន សុវណ្ណចន្នី កូនក្រុមរបស់ ណុប បាយ៉ារិទ្ធ ។
ក្រោយឈ្នះពានខាងលើនេះ ស្រីស្អាត លឹម សេរីហាន់នីកា ដែលមានអាយុ១៦ឆ្នាំ មកពីខេត្តកំពង់ធំ បានក្លាយជាសមាជិកថ្មីរបស់ផលិតកម្មហង្សមាស ដែលមានកុងត្រារយៈពេល៥ឆ្នាំ និងទទួលបានប្រាក់រង្វាន់ចំនួន១០០លានរៀលផងដែរ៕
ចែករំលែកព័តមាននេះ