ខេត្តបន្ទាយមានជ័យ ៖ បើទោះជាអាជ្ញាធរក្រុងប៉ោយប៉ែតកន្លងមក បានចេញសេចក្តីប្រកាសឲ្យម្ចាស់សត្វពាហនៈមិនត្រូវព្រលែងយ៉ាងអនាធិបតេយ្យ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនបើមិនអនុវត្តតាមការអំពាវនាវក្តី មួយរយៈចុងក្រោយ ហ្វូងគោ និងក្របី គេឃើញនៅតែកើតមានដដែលៗ គឺដើរដេកអនាធិបតេយ្យបង្កហានិភ័យដល់អ្នកដំណើរ ពិសេស បង្កគ្រោះថ្នាក់ដល់ពលរដ្ឋតាមដងផ្លូវនៅក្រុងប៉ោយប៉ែត ។
រឿងរ៉ាវហ្វូងគោ-ក្របីដេកដើរអនាធិតេយ្យនេះ បានកើតជាបញ្ហាបន្តបន្ទាប់ ដោយកាលពីប៉ុន្មានឆ្នាំមុនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់បុរសបុគ្គលឹកកាស៊ីណូម្នាក់វិលត្រឡប់ពីធ្វើការជិៈម៉ូតូបុកគោដេកលើដងផ្លូវជាតិក្នុងភូមិក្បាលកោះអតីតសង្កាត់ប៉ោយប៉ែត បច្ចុប្បន្នសង្កាត់អូរជ្រៅដួលសន្លប់។ថ្មីៗក៏មានសត្វក្របី១ក្បាល បង្កគ្រោះថ្នាក់វ័ដអ្នកស្រុករបួសធ្ងន់ស្រាល៦នាក់ និងខូចខាតម៉ូតូមួយចំនួនគ្មានអ្នកទទួលខុសត្រូវក្នុងអំឡុងថ្ងៃកើតហេតុ ។
មិនតែប៉ុណ្ណោះ កាលពីយប់ថ្ងៃទី១៩ កក្កដា ២០២៣ ក៏មានបុរសម្នាក់បើកម៉ូតូបុកក្របី១ក្បាលក្នុងចំណោមក្របី១ហ្វូងដើរលើដងផ្លូវបេតុងចំណុចផ្លូវស្តង់តាងួន ព្រំប្រទល់ សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល បណ្តាលឲ្យរងរបួសត្រូវគេដឹកបញ្ជូនយកទៅមន្ទីរពេទ្យផងដែរ ។
ជុំវិញចំណាត់ការលើហ្វូងគោក្របីម្ចាស់លែងអនាធិបតេយ្យនេះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតប្រាប់កោះសន្តិភាពថា បានដាក់បទបញ្ជាទៅតាមប៉ុស្តិ៍រដ្ឋបាលឲ្យល្បាតតាមដងផ្លូវពិនិត្យហើយ ប៉ុន្តែចំពោះចំណាត់ការចាប់សត្វគោក្របីទាំងនោះ មិនទាន់អាចធ្វើបានទាំងស្រុងនៅឡើយទេ ព្រោះពុំមានក្រោលឬកន្លែងចិញ្ចឹមមើលថែម្យ៉ាងសត្វទាំងនោះពិបាកចាប់ព្រោះគ្មានខ្សែ ឬក្រឡុះឡើយ ។
ដោយឡែក ករណីសត្វក្របី១ក្បាលដែលវ័ដអ្នកស្រុករបួសធ្ងន់ស្រាល៦នាក់ កាលពីពេលថ្មីៗសមត្ថកិច្ចប្រាប់ថា ម្ចាស់ចេញមុខហើយ គឺជាអ្នកស្រុកស្វាយចេកហើយថា ក្របីរបស់គាត់រួចតាមរកមិនឃើញដែលមិនគួរឲ្យជឿ ព្រោះពីចំណុចកើតហេតុទៅស្រុកស្វាយចេកមានចម្ងាយឆ្ងាយឆ្លងកាត់២ស្រុកក្រុង គឺក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះម្នាក់បានទាមទារសំណង៣០០០ដុល្លារ ខណៈម្ចាស់ក្របីមិនទាន់ឆ្លើយតបថា ឲ្យប៉ុន្មាននៅឡើយទេ ។ ដោយឡែក សត្វក្របីបង្កហេតុកំពុងផ្ញើរគេមើលថែនៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត និងហៅម្ចាស់ដោះស្រាយជាមួយជនរងគ្រោះឆាប់ៗនេះម្តងទៀត។
ពលរដ្ឋរិះគន់ថា បើករណីខាងលើ អាជ្ញាធរនឹងសមត្ថកិច្ចមិនមានវិធានការច្បាស់លាស់ហើយបណ្តោយឲ្យហ្វូងគោក្របីដេកដើរអនាធិបតេយ្យតាមដងផ្លូវទាំងយប់ទាំងថ្ងៃទៀតនោះអ្នកដំណើរនឹងជួបបញ្ហាគ្រោះថ្នាក់ជាបន្តបន្ទាប់នាពេលខាងមុខជាមិនខាន ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ