ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សភឿថៃ នឹងតែងតាំងលោក Srettha ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ ប្រសិនបើលោក Pita  បរាជ័យម្តងទៀត

1 ឆ្នាំ មុន

បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ គឺលោកស្រី Paetongtarn Shinawatra បាននិយាយថា គណបក្សភឿថៃនឹងតែងតាំងលោក Srettha Thavisin នៅក្នុងការបោះឆ្នោតជុំទី៣ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ…

បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ គឺលោកស្រី Paetongtarn Shinawatra បាននិយាយថា គណបក្សភឿថៃនឹងតែងតាំងលោក Srettha Thavisin នៅក្នុងការបោះឆ្នោតជុំទី៣ សម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ប្រសិនបើប្រធានគណបក្សឆ្ពោះទៅមុខ គឺលោក Pita Limjaroenrat នៅតែបរាជ័យនៅក្នុងការបោះឆ្នោតជុំទី២ ដែលនឹងធ្វើឡើងនៅថ្ងៃពុធនេះ។

កាលពីថ្ងៃច័ន្ទ ដៃគូសម្ព័ន្ធទាំងអស់បានអះអាងជាថ្មីនូវជំហររបស់ពួកគេក្នុងការបោះឆ្នោតឱ្យលោក Pita នៅក្នុងជុំទី២ ខណៈដែលមេដឹកនាំក្រុមចម្រុះរូបនេះបានសន្យាថា នឹងចុះចេញ ហើយបើកឱ្យគណបក្សភឿថៃដឹកនាំក្រុមសម្ព័ន្ធ និងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី ប្រសិនបើគាត់បរាជ័យជាលើកទី២។

លោកស្រី Paetongtarn បាននិយាយថា ភឿថៃនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រលោក Pita ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី ប៉ុន្តែប្រសិនបើលោក Pita បរាជ័យ លោកស្រីនឹងស្នើឱ្យមានការប្រជុំក្រុមប្រឹក្សាភឿថៃ ដើម្បីតែងតាំងលោក Srettha ក្នុងការបោះឆ្នោតលើកក្រោយទៀត បន្ទាប់ពីគណបក្សភឿថៃក្លាយជាមេដឹកនាំក្រុមចម្រុះ។

ជម្រាបដែរថា លោកស្រី Paetongtarn គឺជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទី១ របស់​គណៈបក្ស​ភឿ​ថៃ ខណៈដែលលោក​ Srettha Thavisin ឈរនៅលេខ​២ ហើយ​លោក Chaikasem Nitisiri ឈរនៅទី​៣។ ចំពោះហេតុផលដែលលោកស្រី Paetongtarn មិនឈរឈ្មោះក្នុងជុំបន្ទាប់ គឺលោកស្រីបាននិយាយថា៖«ខ្ញុំ​មិន​ចង់​បាន​តំណែង​ជាប្រធាននោះទេ។ បេក្ខភាពនាយករដ្ឋមន្ត្រីទាំង ៣ មានឆន្ទៈជួយការងារគ្នា មិនថាមុខតំណែងអ្វីក៏ដោយ»។

លោកស្រីបាននិយាយថា លោកស្រីក៏មិនបានដឹងថាក្រុមសមាជិកសភាបក្សភឿថៃមកពីខេត្តភាគឦសាន ចង់រុញឱ្យគាត់បានធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះដែរ ប៉ុន្តែលោកស្រីបានសារភាពដោយត្រង់ថា វាមិនងាយស្រួលទេក្នុងការដឹកនាំប្រទេសក្នុងស្ថានភាពបច្ចុប្បន្ននេះ។ លោកស្រី​សង្ឃឹម​ថា ​លោកស្រី​នឹង​អាច​ពន្យល់​ពី​ស្ថានភាព​នេះ​ដល់​សមាជិក​សភានៅខេត្ត​ភាគ​ឦសាន។ លោកស្រី Paetongtarn បាន​បន្ថែម​ថា៖«ក្នុង​ពេល​នេះ ខ្ញុំ​នឹង​បន្ត​សិក្សា​អំពី​ការ​គ្រប់គ្រង​ប្រទេស និង​អភិវឌ្ឍ​ខ្លួន​ខ្ញុំ»៕