ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានដំណើរស្វាហាប់ ឆ្ពោះទៅងើបឡើងវិញពេញទំហឹង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក ហៅ​កាត់​ថា WB នៅ​ថ្ងៃ​ទី​១៨ ឧសភា ២០២៣​នេះ ​ព្យាករ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​មាន​សន្ទុះ​ស្វាហាប់​ឆ្ពោះទៅ​រក​ការ​ស្ដា​ឡើង​វិញ​ពេញលេញ…

រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក ហៅ​កាត់​ថា WB នៅ​ថ្ងៃ​ទី​១៨ ឧសភា ២០២៣​នេះ ​ព្យាករ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​មាន​សន្ទុះ​ស្វាហាប់​ឆ្ពោះទៅ​រក​ការ​ស្ដា​ឡើង​វិញ​ពេញលេញ ដោយសារ​មានការ​ជំរុញ​ពី​ផ្នែក​នាំ​ចេញ និង​ពី​កំណើន​ក្នុង​ផ្នែក​សេវាកម្ម និង​កសិកម្ម ។

របាយការណ៍​នេះ​បង្ហាញ​ថា ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ឆ្នាំ​២០២២​កន្លង​ទៅ​មាន​ស​ភាពរឹងមាំ ដោយ​ក្នុង​នោះ​សម្រេច​បាន​កំណើន​ក្នុង​កម្រិត​៥,២​ភាគរយ ។ សន្ទុះ​ងើបឡើង​វិញ ក្នុង​ផ្នែក​សេវាកម្ម ជា​ពិសេស​ក្នុង​ផ្នែក​ពាណិជ្ជកម្ម ការ​ធ្វើ​ដំណើរ និង​បដិសណ្ឋារកិច្ច បាន​នាំ​កម្ពុជា​ត្រឡប់​ទៅ​រក​កម្រិត​កំណើន​ដែល​ធ្លាប់​មាន កាលពីមុន​ពេល​ផ្ទុះ​កូ​វី​ដ​១៩ ក្នុង​នោះ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​បរទេស​មានការ​កើនឡើង​ខ្លាំង ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​ប៉ា​រ៉ា​ហ្គេ​ម​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ។

ការ​សន្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នេះ បាន​មក​ក៏​ដោយសារ​ថ្លៃ​ទំនិញ​ក្នុងស្រុក​មាន​សភាព​ធូរស្រាល​បន្តិច​វិញ ទន្ទឹម​គ្នា​នឹង​ការ​រក្សា​បាន​នូវ​លំនឹង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ នៅ​ទូ​ទាំង​ពិភពលោក​ផង​ដែរ ។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា វិស័យ​កសិកម្ម​របស់​កម្ពុជា​កំពុង​រីក​វិសាលភាព​របស់​ខ្លួន​ដោយ​មាន​ច្រកចូល​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​កាន់តែ​ច្រើន បន្ទាប់​ពី​ការ​ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ។

ក្នុង​បរិបទ​នេះ ធនាគារពិភពលោក​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​នឹង​ស្ទុះ​ឡើង​ដល់​កម្រិត​៥,៥​ភាគរយ ។ យ៉ាងណា​ក៏​ដោយ​ការ​អូស​បន្លាយ​នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​នៅ​បរទេស​នឹង​អាច​ធ្វើ​ឱ្យ​ផ្នែក​ផលិតកម្ម​សម្រាប់​នាំ​ចេញ​ចុះ​ខ្សោយ ហើយ​ការ​បន្ត​រឹត​បន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​លើ​សកលលោក អាច​បង្ក​ហានិភ័យ​មួយ​ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ដែល​មានការ​ពឹង​អាស្រ័យ​ខ្លាំង​លើ​ទុន​មក​ពី​ក្រៅ​សម្រាប់​វិនិយោគ ។

លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម នាយិកា​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ដំណើរ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម​ផលិតផល និង​ទីដៅ​ទេសចរណ៍​ឱ្យ​កាន់តែ​សម្បូរ​បែប​ថែម​ទៀត ។

ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​ចាំបាច់​ត្រូវ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​ដែរ តាម​រយៈ​ការ​ពង្រីក​បណ្ដាញ​ផ្លូវ​គមនាគមន៍ ការ​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម និង​សម្រួល​នីតិវិធី​គយ​ឱ្យ​កាន់តែ​រលូន​ថែម​ទៀត ។

ធនាគារពិភពលោក​ព្យាករ​ថា សម្រាប់​រយៈពេល​មធ្យម សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ដល់​៦​ភាគរយ​ដោយ​មានការ​ទ្រទ្រង់​ពី​សំណាក់​សន្ទុះ​ស្វាហាប់​នៃ​ការ​នាំ​ចេញ និង​សេវាកម្ម និង​ពី​សំណាក់​ការ​កើនឡើង​នៃ​ការ​វិនិយោគ ជា​ពិសេស​ក្រោម​រូបភាព​ដៃគូ​រវាង​ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន​ទៅ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ មាន​កំពង់​សមុទ្រ និង​ផ្លូវ​ជាដើម ។

កម្ពុជា​អាច​ជំរុញ​កំណើន​នេះ​បាន​តាម​រយៈ​ការ​វិនិយោគ​លើ​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ធានា​បាន​នូវ​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ និង​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ ដើម្បី​ពង្រីក​ភាព​ធន់​របស់​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ