ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែជីវភាពគ្រួសារក្រីក្រ បុរសម្នាក់បង្ខំចិត្តចូលព្រៃរកបេះបន្លែ និងនាំសុនខ (ឆ្កែ) រកដេញសត្វ ប៉ុន្តែអកុសលក៏ត្រូវជាន់មីនផ្ទុះកក្រើក បណ្ដាលឱ្យដាច់ជើងរងរបួសធ្ងន់ធ្ងរតែម្តង។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោងជាង៨ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខាងមុខទំនប់ក៥ (តំបន់.ស) ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ជនរងគ្រោះខាងលើមានឈ្មោះ លី លាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះរងរបួសដាច់ជើងខាងឆ្វេង និងជើងខាងស្តាំក៏រងរបួសធ្ងន់ធ្ងរផងដែរ។
បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានប្រពន្ធ តែលែងលះគ្នាយូរមកហើយ ដោយគ្មានកូននោះទេ។ បច្ចុប្បន្ន ជនរងគ្រោះរស់នៅក្នុងបន្ទុកជាមួយឪពុកម្តាយ ដែលមានកូនប្រុសស្រីជាច្រើនរហូតដល់ទៅ១០នាក់ឯណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចម្រុះ រួមមាន ៖ យោធា, នគរបាលការពារព្រំដែនគោក និងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការគ្នាដោះមីន រួចចូលទៅរំដោះជនរងគ្រោះ និងអន្តរាគមន៍ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីសង្គ្រោះបឋមមុនបញ្ជូនទៅមន្ទីរពេទ្យបង្អែកមង្គលបូរីផងដែរ។
គួរបញ្ជាក់ថា តាមអ្នកស្រុកបានប្រាប់ថាគ្រួសាខាងលើ ពិតជាក្រីក្រណាស់ ហើយបុរសជាឪពុកស៊ីឈ្នួលឃ្វាលគោឲ្យគេ ឯស្ត្រីជាម្តាយដើរបេះបន្លែ និងផ្លែឈើតាមព្រៃលក់ ខណៈកូនប្រុសម្នាក់ ត្រូវពស់ចឹកស្លា.ប់កាលពីឆ្នាំមុនទៀតផង៕
ចែករំលែកព័តមាននេះ