ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស សុខា៖ ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ចេញទស្សនៈមួយថា ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគ។

រាជធានីភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ចេញទស្សនៈមួយថា ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគ។

ការលើកឡើងនេះ បន្ទាប់ពីការបើកឆាកវិញ្ញាសាបាល់ទះ ក្រុមនារីកម្ពុជា បានចាញ់ក្រុមបាល់ទះនារីហ្វីលីពីន ៣-០សិត ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ នារាត្រីថ្ងៃទី ០៩ ខែឧសភា ដែលនេះជាប្រកួតលើកទី១ របស់ក្រុនារីកម្ពុជា ស្ថិតក្នុងពូល B ខណៈក្រុមនារីហ្វីលីពីន និងវៀតណាម សម្រាប់វគ្គសន្សំនេះរកបាន ៣ពិន្ទុស្មើគ្នា។ តាមរយៈការលេងបើកឆាកនេះ គេសង្កេតឃើញថា ក្រុមបាល់ទះនារីកម្ពុជានៅមានកម្រិតខ្លាំង ដែលទាមទារឱ្យមានការហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លាឡើង។

ជុំវិញ ក្រុមបាល់ទះនារីកម្ពុជាដែលប្រៀបដូចកូនស្រីទើបពេញវ័យក្រមុំនោះ បើទោះបីជាខិតខំលេងយ៉ាងណា ក៏ត្រូវចាញ់ក្រោមថ្វីដៃលេងរបស់ក្រុមបាល់ទះនារីហ្វីលីពីន ដែលធ្វើឱ្យមានទាំងមតិវិជ្ជមាន និងអវិជ្ជាមានចំពោះក្រុមបាល់ទៈនារីកម្ពុជា។

យ៉ាងណាមិញ លោក ស សុខា បានលើកឡើងថា «ជាការកត់សម្គាល់ ខ្ញុំសង្កេតឃើញបងប្អូនដែលតាមដានការប្រកួតបាល់ទះនារី ជាពិសេស ពេលក្រុមបាល់ទះនារីកម្ពុជាឡើងប្រកួត ដោយបានលើកឡើងនូវមតិចម្រុះទាំងវិជ្ជមាន និងអវិជ្ជមាន»។ លោកបានបន្តថា ចំពោះមតិវិជ្ជមាន ជាការគាំទ្រ និងជំរុញលើកទឹកចិត្ត ប្រកបដោយការឈ្វេងយល់កីឡាល្អិតល្អន់។ ចំណែកឯ មតិអវិជ្ជមាន លោកយល់ថា បងប្អូនក៏គ្មានបំណងអាក្រក់ដែរ គ្រាន់តែថាមកពីបងប្អូនចង់ឃើញលទ្ធផលវិជ្ជមាន ច្រើនជាងអវិជ្ជមាន ក្រោយពីបងប្អូនបានឃើញក្រុមបាល់ទះបុរសកម្ពុជា ទទួលមេដាយប្រាក់ ក្នុងប្រវត្តិសាស្ត្ររាប់សិបឆ្នាំមកហើយមិនដែលមាន។


លោក ស សុខា បានរៀបរាប់បន្តថា ក្នុងនាម ថ្នាក់ដឹកនាំមួយរូបនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមាន ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ជាប្រធាន ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធផ្សេងទៀត រូបលោកសូមបើកចំហរ និងស្វាគមន៍រាល់មតិយោបល់របស់បងប្អូនទាំងអស់ ក្នុងន័យស្ថាបនា ដើម្បីបានជាធាតុចូលអភិវឌ្ឍក្រុមបាល់ទះនារីទៅថ្ងៃមុខ ។


លោក ស សុខា ក៏បានគូសបញ្ជាក់ខ្លះៗតាមការយល់ឃើញសម្រាប់ជាការពិចារណា នូវ ២ ចំណុច ដូចខាងក្រោម៖
១.ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឬតាមគោលការណ៍កីឡាសឹងតែទូទៅ កាលណាមានផ្នែកបុរស ជាគូនឹងគ្នា គឺត្រូវមានផ្នែកនារី (បាល់ទះបុរស បាល់ទះនារី)។ ចំណុចនេះហើយ គឺជាមូលដ្ឋានដែលកម្ពុជាត្រូវបង្កើតបាល់ទះនារីឡើង និងដាក់វិញ្ញាសានេះចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីបង្កលក្ខណៈដល់បណ្ដាប្រទេសអាស៊ានដែលមានក្រុមបាល់ទះនារី អាចបញ្ជូនអត្តពលិកចូលរួមប្រកួត ក្នុងស្មារតីធ្វើឱ្យកាន់តែផុលផុសក្នុងព្រឹត្តិការណ៍ ដែលអាចហៅថា «ពិពិធកម្មកីឡា»។ ពោលគឺ ពុំមែនមានន័យថា យើងដាក់វិញ្ញាសា ដើម្បីតែបំណងយកឈ្នះមួយមុខគត់ប៉ុណ្ណោះទេ គឺក្នុងជំហរថា «កីឡាលើសពីឈ្នះ!»។

២.និយាយអំពីសមត្ថភាពវិញ ខ្ញុំទទួលស្គាល់ថា ក្រុមបាល់ទះនារីកម្ពុជា ពិតជានៅមានកម្រិត។ ប៉ុន្តែ បើនិយាយអំពីអតីតភាពវិញ ក្រុមបាល់ទះនារីកម្ពុជា ទើបបង្កើតឡើងបានប្រមាណ៦ខែមុនស៊ីហ្គេមចាប់ផ្ដើម ដោយបានទៅសិក្សារៀនសូត្រនៅប្រទេសចិនមួយរយៈខ្លីប៉ុណ្ណោះ។ ពេលវេលានេះ ឃើញថា ខ្លីណាស់ទាំងសម្រាប់ហ្វឹកហាត់ និងការចូលសមរភូមិប្រកួតដកពិសោធន៍ ទាំងក្នុងស្រុក និងក្រៅស្រុក។ បើធៀបនឹងបាល់ទះបុរសកម្ពុជាវិញ ខុសគ្នាឆ្ងាយណាស់ គឺបានបង្កើតឡើងប្រមាណ១០ឆ្នាំមកហើយ ដោយមានពេលវេលាវែងក្នុងការហ្វឹកហាត់ មានឱកាសប្រឡូកក្នុងការប្រកួតទាំងក្នុងស្រុក និងក្រៅស្រុក ទាំងមិត្តភាព និងដណ្ដើមពាន ពិសេស បានឆ្លងកាត់ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកន្លងៗទៅថែមទៀត។ ជារួម សឹងតែគ្រប់រឿង ពេលវេលាសំខាន់ណាស់! យើងពុំអាចប្រើពេលដ៏ខ្លី ធ្វើឱ្យប្រភេទកីឡាមួយបានល្អបានទេ។ និយាយឱ្យខ្លី យើងមិនអាចជប់ក្រុមបាល់ទះនារីកម្ពុជា ឱ្យក្លាយជាក្រុមល្អ ឈានទៅដល់កម្រិតអាជីព និងទទួលបានមេដាយភ្លាមៗបានទេ។ «ពេលវេលា ក៏ជាទុនវិនិយោគស្នូលមួយក្នុងចំណោមទុនវិនិយោគស្នូលផ្សេងទៀតក្នុងវិស័យកីឡា»។


បន្ថែមពីលើនេះ លោក ស សុខា បានថ្លែងអំណរគុណចំពោះស្មារតីរបស់បងប្អូនទាំងអស់ ដែលគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ស្របពេលជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវបន្ថែមទៀតដល់បងប្អូនទាំងអស់គ្នា សូមបន្តបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ក្រុមកីឡា និយាយជារួម។

«និយាយដោយឡែក សូមបន្តគាំទ្រ ជំរុញលើកទឹកចិត្តដល់ក្រុមបាល់ទះនារីកម្ពុជាដ៏ក្មេងខ្ចី គ្រប់រូបភាពនៃការផ្តល់កម្លាំងចិត្ត និងសម្ដែងទំនុកចិត្តលើពួកគេ ដើម្បីឱ្យពួកគេកាន់តែអង់អាច បញ្ចេញអស់ពីសមត្ថភាព»។ នេះជាការស្នើសុំរបស់លោក ស សុខា ដោយលោកបន្ថែមថា «ជាការពិតយើងមិនស្កប់ស្កល់នឹងអ្វីដែលយើងមានទេ តែយើងក៏ត្រូវរីករាយនូវអ្វីដែលយើងអាចបង្កើតឡើងបាន ឬអ្វីដែលយើងមានដែរ ដោយរួមគ្នាជាវិជ្ជមានគ្រប់រូបភាព ដើម្បីអភិវឌ្ឍបន្ត»។


លោក ស សុខា គូសបញ្ជាក់ថា «ថ្ងៃណាមួយ យើងនឹងឃើញនូវអ្វីដ៏អស្ចារ្យមួយ ខុសពីការគិតបច្ចុប្បន្ន។ ពោលគឺ មិនខុសពីក្រុមបាល់ទះបុរសកម្ពុជា ដែលដណ្ដើមមេដាយ «សំរឹទ្ធ» បានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរៀបចំដោយវៀតណាមកាលពីឆ្នាំកន្លងទៅ និងឆ្នាំ២០២៣នេះ យើងឈានទៅដណ្ដើមបានមេដាយ«ប្រាក់» គួរឱ្យភ្ញាក់ផ្អើលនោះទេ។ សូមប្អូនៗកីឡាការិនីបាល់ទះកម្ពុជា បន្តដំណើរទៅមុខដោយភាពជឿងជាក់និងស្មារតីសាមគ្គី។

សម្រាប់ប្រកួតទី១ ដែលបានធ្វើឡើងនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក គឺមាន ក្រុមវៀតណាម យកឈ្នះសិង្ហបុរី ៣-០សិត និងក្រុមហ្វីលីពីន យកឈ្នះកម្ពុជា ៣-០សិត។ សូមបញ្ជាក់ផងដែរថា នេះជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ វិញ្ញាសាបាល់ទះនារី ដែលមានក្រុមម្ចាស់ផ្ទះកម្ពុជា វៀតណាម ហ្វីលីពីន និងសិង្ហបុរី៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ